តើក្រសួងចំណាយថ្លៃព្យាបាលអ្នកផ្ទុកកូវីដ-១៩ម្នាក់អស់ប៉ុន្មាន?
- April 20, 2020
មានចម្ងល់មកជាយូរហើយ ទាក់ទងនឹងថ្លៃចំណាយការព្យាបាលចំពោះអ្នកផ្ទុក COVID-19 រហូតជាសះស្បើយ ក្នុងម្នាក់អស់ប៉ុន្មាន? លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឆ្លើយសំណួរក្នុងកម្មវិធីសន្និសីទសារព័ត៌មានថ្ងៃនេះថា ថ្លៃចំណាយចំពោះអ្នកផ្ទុក COVID-19 ទម្រាំដល់ព្យាបាលជាសះស្បើយក្នុងម្នាក់អស់ជាង ២ ០០០ ដុល្លារ។
ក្នុងនោះលោកជំទាវបានបន្តបន្ថែមទៀតថា ករណីអ្នកឆ្លង COVID-19 នៅកម្ពុជាភាគច្រើនជាជនជាតិបរទេស ហើយថ្លៃចំណាយក៏ប្រែប្រួលទៅតាមលទ្ធផលធ្វើតេស្តផងដែរ ព្រោះអ្នកជំងឺខ្លះធ្វើតេស្តរហូតដល់ទៅជាង ១០ ដងឯណោះ ។ មួយវិញទៀតវាក៏អាស្រ័យលើការស្នាក់នៅយូរ ឬឆាប់របស់អ្នកជំងឺផងដែរ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនោះបានបន្ថែមទៀតថា ក្នុងការធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ១ ដង មានតម្លៃ ១០០ ទៅ ១៣០ ដុល្លារ។ សម្រាប់តេស្តមាន ២ យ៉ាង គឺតេស្តមួយអ្នកជំងឺមានរោគសញ្ញា ហើយតេស្តមួយទៀតអ្នកជំងឺគ្មានរោគសញ្ញា ដែលតម្លៃរបស់តេស្តទាំងពីរនេះ ប្រែប្រួលពី ២០ ទៅ ៣០ ដុល្លារ។ ដូចនេះប្រសិនបើអ្នកជំងឺតេស្ត និងស្នាក់នៅ ១០ ថ្ងៃ មានតម្លៃជាង ១ ពាន់ដុល្លារបាត់ទៅហើយ។
ក្រៅពីតេស្តនៅមានថ្នាំ ដូចជាបើអ្នកជំងឺអស់កម្លាំង ក្រសួងនឹងផ្ដល់ថ្នាំ ឬសេរ៉ូមកម្លាំង វីតាមីន និងថ្នាំផ្សេងៗទៀតបំប៉នសុខភាព និងព្យាបាលទៅតាមរោគសញ្ញា ព្រមទាំងអាហារហូបចុកទៀត ដូចនេះគិតជាមធ្យមក្នុងម្នាក់ដែលសម្រាកចាប់ពី ១០ ថ្ងៃទៅអស់ ២ ២០០ ទៅ ២៥០០ ដុល្លារ។ នេះជាការប៉ាន់ស្មានជំហានដំបូងរបស់លោកជំទាវ យក់ សម្បត្តិ។ ក្រៅពីថ្លៃព្យាបាលដល់អ្នកជំងឺ នៅមានថវិកាលើកទឹកចិត្តចំពោះក្រុមគ្រូពេទ្យជួរមុខ ពីលើប្រាក់ខែ ២០ ម៉ឺនរៀលក្នុងមួយថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: