ពេលកំពូលស្មាតហ្វូន Pixel 3 របស់ក្រុមហ៊ុន Google ចេញ ធានាថាគ្មានកន្លែងទើសទៀតទេ…
- April 30, 2018
សម្រាប់ស្មាតហ្វូនកំពូលម៉ូដែល Pixel របស់ក្រុមហ៊ុន Google អាចនិយាយបានថា ជាអធិរាជរបស់ស្មាតហ្វូន Android ហើយ។ ដោយឡែក កាលពីជំនាន់ Pixel 2 យើងសង្កេតឃើញថា ក្រុមហ៊ុន Google ដូចជាទទួលបានជោគជ័យខ្លាំងទាំងលក្ខណៈពិសេស ឧបករណ៍បំពងសម្លេង បច្ចេកវិទ្យាមិនចូលទឹក និងធូលី និងជាពិសេសគឺកាមេរ៉ាដែលល្អដាច់គេតែម្ដង។ ជាការពិតណាស់ ប្រសិនបើក្រុមហ៊ុន Google សម្រេចអភិវឌ្ឍន៍លើម៉ូដែលស្មាតហ្វូនកំពូលរបស់ខ្លួននេះ យើងជឿជាក់ថា នឹងគ្មានចំណុចទើសចិត្តណាមួយកើតមានឡើយ។
ខាងក្រោមនេះ គឺជាការអភិវឌ្ឍ 5ចំណុចដែលក្រុមហ៊ុន Google នឹងធ្វើឡើងនៅលើកំពូលស្មាតហ្វូន Google Pixel ជំនាន់ទី3 របស់ខ្លួន។
1/ គែមសងខាងស្ដើងជាងមុន

ស្ទើរតែរាល់ស្មាតហ្វូនទាំងអស់លើពិភពលោក សុទ្ធតែចាកចេញពីរចនាបទចាស់ដែលមានរាងក្រាស់ និងសល់គែមច្រើនហើយ ប៉ុន្ដែសម្រាប់ម៉ូដែល Pixel 2 យើងនៅតែសង្កេតឃើញមានគែមធំៗដដែលនៅផ្នែកខាងលើ និងខាងក្រោម ពោលគឺធំជាង iPhone 8 ទៅទៀត។ ផ្ទុយទៅវិញ សម្រាប់ Pixel 3 ក្រុមហ៊ុន Google នឹងធ្វើការអភិវឌ្ឍលើចំណុចនេះ អាចនិយាយបានថាគែមនឹងសល់ស្ដើងជាមុន។
2/ បច្ចេកវិទ្យាសាកថ្មឥតខ្សែ

ចំពោះកំពូលស្មាតហ្វូន Pixel 2 គឺជាមួយក្នុងចំណោមស្មាតហ្វូនដទៃទៀតលើទីផ្សារ ដែលនៅតែបន្ដមិនប្រើប្រាស់បច្ចេកវិទ្យាសាកថ្មឥតខ្សែ។ ស្របពេលជាមួយនឹងគ្នានេះ ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Samsung គឺ Galaxy S9 មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែ ចំណែកឯ iPhone X និង iPhone 8 ក៏មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យានេះដូចគ្នា។ សម្រាប់ Pixel 3 របស់ក្រុមហ៊ុន Google យើងជឿជាក់ថា ក៏នឹងមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យានេះដែរ។
3/ ប្រើប្រាស់អេក្រង់ OLED ល្អជាងមុន

សម្រាប់អេក្រង់ដែលបំពាក់លើស្មាតហ្វូន Pixel នាពេលសព្វថ្ងៃនេះ គឺមិនមែនជាអេក្រង់ល្អដាច់គេលើពិភពលោកឡើយ។ ជាមួយនឹងតម្លៃប៉ុណ្ណេះ ក្រុមហ៊ុន Google បានបំពាក់នូវអេក្រង់ប្រភេទ OLED ពណ៌ខៀវដែលទទួលបានពីក្រុមហ៊ុន LG។ ផ្ទុយទៅទៀត សម្រាប់ម៉ូដែលបន្ទាប់នៃត្រកូល Pixel នឹងទទួលបានការអភិវឌ្ឍលើអេក្រង់នេះ ពោលគឺល្អជាងមុន និងគុណភាពខ្ពស់ជាងមុន។
4/ តម្លៃ និងដៃគូចែកចាយ

កំពូលស្មាតហ្វូន Pixel 2 គឺត្រូវបានដាក់លក់លើហាងអនឡាញរបស់ក្រុមហ៊ុន Google ផ្ទាល់។ ប៉ុន្ដែ ប្រសិនបើអ្នកចង់ទិញស្មាតហ្វូននេះជាមួយនឹងតម្លៃត្រឹម $650 គឺអ្នកត្រូវទិញពីក្រុមហ៊ុនលក់ទំនិញ Verizon តែមួយគត់ ព្រោះគ្មានក្រុមហ៊ុនចែកចាយផ្សេងណាអាចយកស្មាតហ្វូនកំពូលនេះទៅលក់បានឡើយ។ សម្រាប់ Pixel 3 អាចនឹងខុសគ្នា ពោលគឺក្រុមហ៊ុន Google នឹងពង្រីកវិសាលភាពនៃការលក់របស់ខ្លួនឲ្យធំជាងមុន។
5/ បច្ចេកវិទ្យាមិនចូលទឹក និងធូលី IP68

ចំពោះស្មាតហ្វូន Pixel 1 គឺមិនមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាមិនចូលទឹក និងធូលីឡើយ រហូតមកដល់ជំនាន់ Pixel 2 គឺមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា IP67។ ជាការពិតណាស់ ក្រុមហ៊ុន Google គួរយកចិត្តទុកដាក់លើបច្ចេកវិទ្យានេះ ហើយអភិវឌ្ឍន៍ដល់ជំនាន់ IP68 តែម្ដងទើបទាន់សម័យនឹងគេ។
Fu
ប្រភព៖ phandroid
- Share This Post:






