មកដឹងពីស្ថានភាពអ្នកជំងឺកូវីដ-១៩ ដែលមិនទាន់ព្យាបាលជាទាំង២នាក់
- May 4, 2020
គិតមកត្រឹមព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ២០២០ នេះកម្ពុជាបានព្យាបាលអ្នកជំងឺ COVID-19 ជាស្ទើរតែ១០០% ហើយ នៅសល់តែ២នាក់ប៉ុណ្ណោះ។ តើអ្នកជំងឺទាំង២នាក់នោះរស់នៅខេត្តណាខ្លះ? ឯស្ថានភាពសុខភាពយ៉ាងណាហើយ? ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺ COVID-19 ដែលនៅមិនទាន់ជាសះស្បើយទាំង២នាក់នោះ ម្នាក់នៅខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតនៅខេត្តកំពង់ឆ្នាំង។ អ្នកទាំង២ទោះបីជាឆ្លងជំងឺ COVID-19 ជាច្រើនថ្ងៃហើយក្តី តែសុខភាពនៅល្អធម្មតា មិនមានសញ្ញាអ្វីគួរឲ្យព្រួយបារម្ភនោះទេ។
១. ខេត្តបន្ទាយមានជ័យ
អ្នកជំងឺ COVID-19 ដែលមិនទាន់ជាសះស្បើយ ជាស្រី្ត អាយុ៣៦ឆ្នាំ បម្រើការនៅ Star TV រស់នៅក្រុងប៉ោយប៉ែត និងបានធ្វើតេស្តសំណាកឡើងវិញជាង១០ដងហើយ នៅតែវិជ្ជមាន COVID-19។ ស្ត្រីរូបនេះរកឃើញវិជ្ជមានវីរុស COVID-19 កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ នេះតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត កែវ សុភ័ក្រ្តា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
២. ខេត្តកំពង់ឆ្នាំង
អ្នកជំងឺ COVID-19 ដែលព្យាបាលមិនទាន់ជាសះស្បើយ ភេទប្រុស អាយុ៧៥ឆ្នាំ ជាបុរសជនជាតិខ្មែរ-អ៊ីស្លាម រកឃើញវិជ្ជមានវីរុស COVID-19 កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង អ្នកជំងឺ COVID-19 រូបនេះបានឆ្លងវីរុស COVID-19 បន្ទាប់ពីវិលត្រលប់មកពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី ហើយបច្ចុប្បន្ន អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំពោះមូលហេតុដែលនាំឲ្យអ្នកជំងឺរូបនេះ ប្រើពេលយូរក្នុងការព្យាបាល អាចមកពីលោកមានវ័យច្រើន និងមានជំងឺប្រចាំកាយផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: