សុខភាព

មកពីបែបនេះ ទើបស្ត្រីឆ្លងកូវីដ-១៩ នៅបន្ទាយមានជ័យ បុរសនៅកំពង់ឆ្នាំង ព្យាបាលយូរហើយ តែមិនទាន់ជា

BY
Khmernote Media
May 7, 2020

ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ COVID-19 ទាំង​១២២​ករណី​នៅ​កម្ពុជា ក្រុម​គ្រូពេទ្យ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន​ ១២០នាក់​ហើយ នៅ​សល់​តែ​ ២​នាក់​ប៉ុណ្ណោះ។ អ្នក​ជំងឺ​២នាក់​នោះ ជា​ជន​ជាតិ​ខ្មែរ ដោយ​ម្នាក់​ជា​ស្ត្រី នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ម្នាក់​ទៀត​ជា​បុរស នៅ​ខេត្ត​កំពង់ឆ្នាំង ហើយ​បាន​ចំណាយ​ពេល​ព្យាបាល​យូរ​មក​ហើយ​ដែរ តែ​ទាន់​ជា​សះ​ស្បើយ។

តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត កែវ សុភ័ក្រ្តា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ ស្រ្តី​ឆ្លង​ជំងឺ COVID-19 រូប​នោះ អាយុ ៣៦ឆ្នាំ ហើយ​បាន​រក​ឃើញ​វិជ្ជមាន COVID-19 តាំង​ពី​ថ្ងៃទី២៩ ខែ​មីនា មក​ម្ល៉េះ។ ចាប់​តាំង​ពី​ថ្ងៃ​ព្យាបាល​មក ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ទៅ​ពិនិត្យ​ច្រើន​ដង​ហើយ នៅ​តែ​វិជ្ជមាន COVID-19 ដដែល តែ​ស្ថានភាព​សុខភាព​អ្នកទាំង​២​ មិន​មាន​វិវត្ត​អ្វី​គួរ​ឲ្យព្រួយ​បារម្ភ​នោះ​ទេ។

ចំពោះ​មូលហេតុ​ដែល​ស្ត្រី​ខាងលើ​ព្យាបាល​យូរ​ហើយ តែ​មិន​ទាន់​ជា​នោះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា ត្បិត​តែ​មាន​វ័យ​កណ្តាល ក៏​ប៉ុន្តែ​ស្រ្តី​រូបនេះ​មាន​បញ្ហា​ផ្លូវ​ចិត្ត យប់​ឡើង​គេង​មិន​លក់ ធ្វើ​ឲ្យ​ការ​ឆ្លើយ​តប​នៃ​អង្គ​បក្ខដិបក្ខ​សម្រាប់​ទប់​ទល់​ជាមួយ​វីរុស COVID-19 មិន​ទាន់​ខ្លាំងក្លា​នៅ​ឡើយ។

ងាក​ទៅ​​ខេត្ត​កំពង់​ឆ្នាំង​វិញ លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ឆ្លង​វីរុស COVID-19 រូប​នេះ ​វ័យ ៧៥ឆ្នាំ បាន​ឆ្លង​វីរុស COVID-19 បន្ទាប់​ពី​ត្រលប់​មក​ពី​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៧ មីនា ឆ្នាំ​២០២០។ ចំពោះ​មូលហេតុ​ដែល​បុរស​ខ្មែរខាងលើ ព្យាបាល​យូរ​ហើយ​នៅ​តែ​មិន​ទាន់​ជា​សះ​ស្បើយ​នោះ លោកជំទាវ ឱ វណ្ណឌីន ពន្យល់​ថា អ្នក​ជំងឺ​រូប​នេះ​មាន​វ័យ​ចំណាស់ ហើយ​ម្យ៉ាង​ទៀត​មាន​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​ស្រាប់​ពី​មុន​ម៉ោ។

ទោះ​បី​ជា​អ្នក​ជំងឺ COVID-19 ទាំង​២ ប្រើ​ពេល​យូរ​ក្នុង​ការ​ព្យាបាល​ក្តី តែ​លោក​ជំទាវ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អះ​អាង​ថា បច្ចុប្បន្ន​ក្រុម​គ្រូពេទ្យ​កំពុង​សស្រាក់​សម្រាំ និង​ផ្លាស់ប្តូរ​បទ​ពិសោធន៍​គ្នា ដើម្បី​ជួយ​អ្នក​ជំងឺ​ទាំង​២​នោះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖​ Helloគ្រូពេទ្យ

Share This Post: