សុខភាព

ហេតុអ្វីអ្នកជំងឺទឹក​នោម​ផ្អែមចាំបាច់ត្រូវដឹងកម្រិតជាតិស្ករ​ក្នុងឈាម?

BY
Khmernote Media
May 13, 2020

១- អ្វីជា​កម្រិតជាតិស្ករក្នុង​ឈាម?

ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ឬ​សារធាតុ​គ្លុយកូស​ក្នុង​ឈាម គឺ​សំដៅ​លើ​កម្រិត​បរិមាណ​ជាតិ​ស្ករ​របស់​យើង​នៅ​ក្នុង​ចរន្ត​ឈាម។ ជាតិ​ស្ករ​ទាំង​នោះ​ គឺ​មាន​ប្រភព​ចេញ​ពី​អាហារ ​ឬ​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ និង​ចេញ​ពី​ការ​បញ្ចេញ​សារជាតិ​ស្ករ​ដែល​បម្រុង​ទុក​នៅ​ក្នុង​ថ្លើម និង​សាច់ដុំ។ ជាតិ​ស្ករ ឬ គ្លុយកូស​ គឺ​ជា​ប្រភព​ថាមពល​ដ៏​ចម្បង​របស់​រាង​កាយ។ នេះ មាន​ន័យ​ថា រាង​កាយ​របស់​យើង រួម​ទាំង​ខួរក្បាល​ផង​នោះ ពិត​ជា​ត្រូវ​ការ​ជាតិ​ គ្លុយកូស ដើម្បី​អាច​បំពេញ​មុខ​ងារ​របស់​ខ្លួន​បាន​ត្រឹម​ត្រូវ។ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ជាតិ​ស្ករ​ច្រើន​ពេក ឬ​ក៏​តិច​ពេក គឺ​សុទ្ធ​តែ​មិន​ល្អ និង​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ចំពោះ​រាងកាយ។

២- អ្វីជាការតេស្ដតាមដានជាតិ​ស្ករ​ក្នុង​ឈាម?

ការពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​​រាល់​ថ្ងៃ គឺ​​សំខាន់​ណាស់​ព្រោះ​ថា​ជួយ​ឲ្យ​យើង​​អាអាចតាមដានជំងឺ​ទឹក​នោម​ផ្អែម​របស់​យើង​បាន​ និង​ការពារ​ពី​ផល​វិបាក​ផ្សេងៗ​ដោយ​សារ​ជំងឺ​នេះ។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​អាច​ធ្វើតេស្ត​បាន​នៅ​ផ្ទះ ឬ​នៅ​សាលា​រៀន ដោយ​ប្រើ​ប្រដាប់​វាស់​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​ឧបករណ៍​នេះ​មាន​ទំហំ​តូច និង​អាច​វាស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​ប្រើ​តែ​ឈាម​មួយ​តំណក់​របស់​យើង ហើយ​លទ្ធផល​នឹង​បង្ហាញ​​លើ​អេក្រង់​តែ​ម្ដង។

ការ​ធ្វើ​តេស្ត​មើល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​រៀងរាល់​ថ្ងៃ​នេះ គឺ​ជា​វិធី​ល្អ​បំផុត ដើម្បី​រក្សា​លំនឹង​រវាង​អាហារ​ដែល​យើង​ញ៉ាំ សកម្មភាព​ដែល​យើង​ត្រូវ​ធ្វើ និង​កម្រិត​អាំងស៊ុយលីន​ដែល​យើង​ត្រូវ​ចាក់។

៣- សារសំខាន់​នៃ​ការ​ពិនិត្យមើល​កម្រិត​ជាតិ​ស្ករ

ការ​ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ ដើម្បី​ថែ​ទាំ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ ហេតុ​អ្វី? ព្រោះ​ថា ការ​ដឹង​ពី​កម្រិត​ជាតិ​ស្ករ​ទាំង​នោះ នឹង​ជួយ​យើង​ថែ​រក្សា​ខ្លួន​​ឯង​ និង​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ ដែល​ធ្វើ​ ​ឲ្យ​យើង​​មាន​អារម្មណ៍​ល្អ និង​ធ្វើឲ្យ​យើង​មាន​សុខភាព​ល្អ។

កុមារ​ភាគ​ច្រើន​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ១ តែ​ង​តែ​ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ នៅ​មុន​ញ៉ាំ​អាហារ​​ពេលព្រឹក មុន​ពេល​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ មុន​​ញ៉ាំ​អាហារ​ល្ងាច និង​បន្ទាប់​មក​គឺ​វាស់​ម្ដង​ទៀត​មុន​​ចូល​គេង។ កុមារ​ទាំង​នេះ​ក៏​​ត្រូវ​ធ្វើតេស្ត​កម្រិត​ជាតិ​ស្ករ​នេះ​ដែរ​ នៅ​ពេល​ដែល​ខ្លួន​​មាន​ចេញ​រោគ​សញ្ញា​ ធ្លាក់​ចុះ​ទាប ឬ​កើន​ឡើង​ខ្លាំង នៃ​កម្រិត​ជាតិ​ស្ករ។

កុមារ​ខ្លះ​ទៀត​ត្រូវការ​ ការ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​នេះ ញឹក​ញាប់​ជាង​ធម្មតា។ ត្រង់​ចំណុច​នេះ​គ្រូពេទ្យ នឹង​ប្រាប់​ទៅ​​ឪពុកម្ដាយ​ឲ្យ​​ដឹង​ថា​​តើ​នៅ​ពេល​ណា និង ញឹកញាប់​ប៉ុនណា​ ដែល​កូន​ត្រូវ​ធ្វើ​តេស្តជាតិ​ស្ករ​ក្នុង​ឈាម​នេះ។ កុមារ​ខ្លះ​ទៀត​ក៏​អាច​ត្រូវ​ការ​ពិនិត្យ​មើល​ជាតិ​ស្ករ​ក្នុង​ឈាម មុន​ ឬ​អំឡុង​ពេល​ហាត់​ប្រាណ និង​បើ​សិន​ជា​កុមារ​នោះ​​ឈឺ។

យើង​​ប្រហែល​ជា​ឆ្ងល់​ថា​ហេតុ​អី​បាន​ជា​ការ​ធ្វើ​តេស្ត​ពិនិត្យ​ជាតិស្ករ​ក្នុង​ឈាម​នេះ​សំខាន់​ម្ល៉េះ នៅ​ក្នុង​ស្ថានភាព​នេះ។ នេះ ក៏​ព្រោះ​តែ អាហារ ថ្នាំ​ពេទ្យ ការ​ហាត់​ប្រាណ និង​ជំងឺ គឺ​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ។ គ្រូពេទ្យ នឹង​ប្រាប់​ដល់​ឪពុកម្ដាយ​របស់​កុមារ​ ពី​អ្វី​ដែល​ត្រូវ​ធ្វើ បើ​សិន​ជា​សកម្មភាព​ដែល​រៀប​រាប់​នោះ ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​កុមារ។

សូម​ព្យាយាម​ស្វែង ​យល់ និង​រៀន​ពី​អ្វី​ដែល​គ្រូពេទ្យ​ប្រាប់។ ដូច​នេះ​យើង​នឹង​ក្លាយ​ជា​អ្នក​ជំនាញ ស្ដី ពី​រាងកាយ​របស់​ខ្លួន​ឯង ​​ដឹង​ថា​តើ​រាង​កាយ​ផ្លាស់ប្ដូរ​យ៉ាង​ម៉េច និង​ប្រតិកម្ម​យ៉ាង​ម៉េច ព្រោះ​ថា​រាង​កាយ​របស់​មនុស្ស​​​ម្នាក់​ៗគឺ​មាន​​សកម្មភាព​ខុសៗ​គ្នា ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: