សុខភាព

ខ្លាច​រលក​ចម្លង​កូវីដ-១៩ លើកទី២ រដ្ឋមន្រ្តីក្រសួងសុខាភិបាលចេញវិធានការបន្ទាន់

BY
Khmernote Media
May 14, 2020

ជា​ការការពារ​រលក​ទី២ នៃ​ការ​ចម្លង​វីរុស COVID-19 នៅ​កម្ពុជា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង បាន​ក្រើន​រំលឹក និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ប្រុងប្រយ័ត្ន និងការពារ​ខ្លួន​ជា​ចាំបាច់។

ក្នុង​នោះរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​ថា ទោះ​ជា​ប្រទេស​កម្ពុជា​រក​មិន​ឃើញ​ករណី​ជំងឺ COVID-19 ថ្មី​រយៈពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ​ក្ដី ក៏​ប៉ុន្តែ​បុគ្គល​គ្រប់​រូប​ត្រូវ​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​វិធានការ​ការពារ​ការ​ចម្លង​ឲ្យ​បាន​ជាប់​ជានិច្ច ដោយ​ត្រូវ​ចេះ​កែប្រែ​ទម្លាប់ និង​ឥរិយាបថ​នៃ​ការ​រស់នៅ​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​នឹង សភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 ជា​ចាំបាច់។

បុគ្គល​គ្រប់​រូប​ត្រូវ​អនុវត្ត​អនាម័យ​ដៃ​ស្អាត ពាក់​ម៉ាស់ ប្រើ​ក្រមា កន្សែង ឬ​ក្រដាស​ជូត​មាត់ ខ្ទប់​មាត់​ពេល​ក្អក កណ្ដាស់ បន្ត​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល មិន​ត្រូវ​មាន​ការ​ជួបជុំ ឬ​រៀបចំ​ពិធី​ណា​មួយ​ដែល​មាន​គ្នា​ច្រើន​កុះករ​ពេក ដូចជា​ជួបជុំ​ស៊ីផឹក​មាន​គ្នា​ច្រើន ឬ​ការ​ជួបជុំ​បែប​សាសនា​ជាដើម។

រីឯម្ចាស់​ភោជនីយដ្ឋាន និង​អាហារដ្ឋាន ព្រម​ទាំង​កន្លែង​លក់​ដូរ​ផ្សេង​ៗ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ឲ្យ​ទៅ​តាម​បែប​បទ​នៃ​ការ​រស់​នៅ “សភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ COVID-19” នៅ​កម្ពុជា ដូច​បាន​ជម្រាប ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និង​ត្រូវ​ធានា​ទីតាំង​ធុរកិច្ច​របស់​ខ្លួន​មិន​ត្រូវ​ក្លាយ​ជា​ទី​កន្លែង​ចម្លង COVID-19 ដល់​អតិថិជន ឬ​អ្នក​បម្រើ​ការ​នៅ​ទី​នោះ​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: