សុខភាព

អ្នកជំងឺជាអស់ អត់មានអ្នកឆ្លងថ្មីទៀត តែកុំច្រឡំថា កម្ពុជាអស់កូវីដ-១៩

BY
Khmernote Media
May 19, 2020

អ្នក​ឆ្លង​ជំងឺ COVID-19 ទាំង​១២២​នាក់​បាន​ជា​សះ​ស្បើយ​អស់ ហើយ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ក៏​គ្មាន​អ្នក​ឆ្លង​ថ្មី​ដែរ តែ​កុំយល់ច្រឡំថា COVID-19 ចាក​ចេញ​អស់​​ពី​កម្ពុជា​នោះ​ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។ លោក​ជំទាវ​បាន​​ពន្យល់​ថា ករណី​អ្នក​ជំងឺ COVID-19 ទាំង​១២២នាក់ ដែល​បាន​​ព្យាបាល​ជា​អស់ មិន​មាន​ករណី​ថ្មី​មក​ទល់​ថ្ងៃ​នេះ ហើយ​មិន​មាន​អ្នក​ស្លាប់​នេះ ជា​សញ្ញា​បង្ហាញ​ពី​ប្រសិទ្ធភាព នៃ​អន្តរាគមន៍​របស់​ក្រសួង​ក្នុង​ការ​ចាត់ចែង​ទប់​ស្កាត់ កុំ​ឲ្យ​មាន​ការ​ទប់​ស្កាត់​ការ​រីករាល​ដាល COVID-19 នៅ​ក្នុង​សហគមន៍​មាន​ប្រសិទ្ធភាព​ល្អ គួរ​ជា​ទីមោទនភាព​បំផុត​ប៉ុណ្ណោះ។ ប៉ុន្តែ​កម្ពុជា​នៅ​តែ​មាន​ហានិភ័យ នៃ​ការ​ចម្លង​វីរុស COVID-19 នៅ​ឡើយ​ទេ។

“ស្ថានភាព​របស់​យើង​គឺ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន រវៀស​រវៃ​ជាប់​​ជានិច្ច ដោយសារ​នៅ​សាកលលោក និង​ប្រទេស​ក្នុង​តំបន់ នៅ​មាន​ការ​ឆ្លង​វីរុស COVID-19 នៅ​ឡើយ​ទេ”។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​បាន​បន្ត​ថា ហានិភ័យ​​នៃ​ការ​ចម្លង គឺ​មាន​គ្រប់​ពេលវេលា គ្រប់​ទី​កន្លែង​ទាំង​អស់ បែប​នេះ​ទើប​តម្រូវ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ធម្មតា ប៉ុន្តែ​តាម​បែប​គន្លង​ថ្មី​ឲ្យ​ខ្ជាប់ខ្ជួន។

១. អនុវត្ត​នូវ​អនាម័យ ពិសេស​ដៃ ត្រូវ​លាង​សម្អាត​ឲ្យ​ញឹកញាប់
២. ត្រូវ​ប្រើ​ម៉ាស​ក្នុង​ករណី​ចាំបាច់ បើ​ក្អក ឬ​កណ្តាស់ ត្រូវ​ប្រើ​ក្រដាស ឬ​ក្រម៉ា ខ្ទប់​ច្រមុះ​មាត់
៣. រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល។

ក្រោយ​ពី​មាន​ការ​ព្យាបាល​អ្នក​ជំងឺ COVID-19 ជា​សះ​ស្បើយ​អស់​នៅ​កម្ពុជា​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្កេត​ឃើញ​ថា ពលរដ្ឋ​មិន​មាន​ការ​ភ័យ​ខ្លាច និង​បាត់​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ COVID-19 ហើយ​នៅ​តាម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋាន​មួយ​ចំនួន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទាំង​ម្ចាស់​ភោជនីយដ្ឋាន និង​ភ្ញៀវ​ដោយ​ពុំ​មាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ដែលរ​ដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ទាំង​អស់ ត្រូវ​រៀបចំ​ឲ្យ​មាន​អាល់កុល ឬ​ជែល​លាងដៃ នៅ​មុខ​ច្រក​ចេញ​ចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក​វាស់​កម្តៅ​ភ្ញៀវ មុន​នឹង​អនុញ្ញាត​ឲ្យ​ចូល ត្រូវ​រក្សា​គម្លាត​សង្គម​ឲ្យ​បាន​ត្រឹម​ត្រូវ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ ក្នុង​ករណី​មិន​ធ្វើ​តាម រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​នោះ​ជា​បណ្តោះ​អាសន្ន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: