សុខភាព

ភ្លៀងធ្លាក់សម្បូរមូស កូនងាយកើតគ្រុនឈាម ម៉ាក់ប៉ាត្រូវដឹងពីរោគសញ្ញាទាំងនេះ

BY
Khmernote Media
May 20, 2020

ជំងឺ​ដែល​ឧស្សាហ៍​លើ​ក្មេងៗ​នា​ខែ​ភ្លៀង​មាន​ច្រើន តែ​ក្នុង​នោះ​ជំងឺ​គ្រុន​ឈាម​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាង​គេ ព្រោះ​ជា​ជំងឺ​ធ្ងន់ធ្ងរ អាច​ឆក់​យក​ជីវិត​កុមារ​លឿន​បំផុត។ ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម គឺមូសខ្លា​ញី វាខាំ​តែ​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នា​ពេល​កន្លង​មក លោក​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ក្មេង​កើត​ជំងឺ​គ្រុនឈាម​ឈាន​ទៅ​គ្រោះថ្នាក់​ដល់​ជីវិត​នោះ បណ្តាល​មក​ពី​ការ​បញ្ជូន​កូន​មក​ពេទ្យ​យឺត​យ៉ាវ ឬ​ព្យាបាល​មិន​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ និង​ប្រើ​ថ្នាំ​ផ្សំ​ផ្តេសផ្តាស។​ ការ​ធ្វើ​​រោគ​​វិនិច្ឆ័យ​បាន​​លឿន និង​​ការ​ព្យាបាល​​ត្រឹម​​ត្រូវ ត្រឹម​​តែ​​រយៈពេល ៧-៨ ថ្ងៃ ក្មេង​​ដែល​​កើត​​ជំងឺ​គ្រុនឈាម សឹង​​តែ ១០០ នាក់​​ ជា​ទាំង ១០០ នាក់ ឯ​​អត្រា​​ស្លាប់​​មិន​​ដល់ ១ នាក់​​ផង។

រោគសញ្ញាជំងឺគ្រុនឈាម

– ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ
– មុខក្រហម
– ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ
– ចង់ក្អួត ឬក្អួត
– ឈឺពោះ
– ឈឺសាច់ដុំ និងសន្លាក់ដៃជើង
– មានស្នាមអុចៗក្រហមលើស្បែក
– ហូរឈាមតាមអញ្ចាញធ្មេញជាដើម។

វិធីបង្ការជំងឺគ្រុនឈាម

– បំបាត់​ជម្រក​មូសខ្លា នៅ​តាម​សំបក​កង់ឡាន-ម៉ូតូ និង​កំប៉ុងចាស់ៗ
– កម្ចាត់​ដង្កូវ​ទឹក​នៅ​ក្នុង​ពាង អាង ថូផ្កា ថ្លុក ឬ​វត្ថុ​ដក់​ទឹក​ផ្សេង​ទៀត
– គ្រប​ពាង ឬ​អាង​ទឹក​ឲ្យ​ជិត
– ដាក់​ថ្នាំ​អាបែត​សម្លាប់​ដង្កូវទឹក ឬ​ចិញ្ចឹម​កូន​ត្រី ៧ ពណ៌
– គ្រប់​គ្រង កប់ ឬ​កម្ទេច វត្ថុ​ដែល​អាច​ដក់​ទឹក បង្កើត​ជា​ជម្រក​មូស​ខ្លា
– គេង​ក្នុង​មុង
– ពាក់ខោ​អាវ​ជិតៗ មាន​ពណ៌​ចាំងៗ
– លាប​ក្រែម ឬ​បាញ់​ស្ព្រៃយ៍​ការពារ​មូសខាំ​ពេល​ចេញ​ទៅ​កន្លែ​ងងងឹត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: