សុខភាព

អ្នកមានជំងឺរលាកសន្លាក់ឆ្អឹង ទាំងនេះជាអាហារគួរញ៉ាំ និងគួរ​ចៀសវាង

BY
Khmernote Media
May 22, 2020

ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ភាគ​ច្រើន​កើត​នៅ​ជង្គង់ ដៃ ត្រគាក ឬ​ឆ្អឹងខ្នង ហើយ​មនុស្ស​មួយ​ចំនួន​ជឿ​ថា​ការ​ផ្លាស់ប្ដូរ​របប​អាហារ​អាច​ជួយសម្រាល​​ដល់​រោគសញ្ញា​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​រួម​មាន​ការ​ឈឺចាប់ គាំង​សន្លាក់ និង​ហើមបាន។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អាហារ​គួរ​ញ៉ាំ និង​អាហារ​គួរ​ចៀសវាងចំពោះ​គ្នាយើង​​ដែលមាន​ជំងឺ​នេះ។

+ អាហារ​គួរ​ញ៉ាំ

អាហារ​មួយ​ចំនួន​គឺ​អាច​ជួយ​ឲ្យ​ឆ្អឹង​ សាច់ដុំ និង​សន្លាក់​ឆ្អឹង​មាន​ភាព​រឹងមាំ និង​ជួយ​រាងកាយយើង​​ប្រឆាំង​នឹង​ការ​រលាក និង​ជំងឺ​ផ្សេងៗ។ សម្រាប់​គ្នា​យើង​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​គួរ​បន្ថែម​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​ដើម្បី​ជួយបន្ថយ​រោគសញ្ញា។

១. សាច់ត្រី

យើង​គួរ​ញ៉ាំ​ត្រី​ដែល​មាន​អាស៊ីត​ខ្លាញ់​អូមេហ្គា​៣ច្រើន ព្រោះ​ខ្លាញ់​នេះ​អាច​ប្រឆាំង​នឹង​ការ​រលាក​បាន​ និង​មាន​ប្រយោជន៍​ដល់​អ្នក​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង។ យកល្អ​គួរ​ញ៉ាំ​សាច់ត្រី​ឲ្យ​បាន​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ ប្រភេទ​ត្រី​នេះ​មាន​ដូចជា​ត្រីសាឌីន ត្រីសាបាក (Mackerel) ត្រី​សាល់ម៉ុន និង​ត្រី​ធូណា។ ក្រៅ​ពី​ត្រី អាហារ​ដែល​មាន​អាស៊ីត​ខ្លាញ់​អូមេហ្គា៣​រួមមាន​គ្រាប់ជីរ និង​គ្រាប់​ walnut ជាដើម។

២. ប្រេង

ប្រេង​មួយ​ចំនួន​អាច​កាត់បន្ថយ​ការ​រលាក​បាន​ដូចជា​ប្រភេទ​ប្រេង​អូលីវ​ដែល​មាន​ផ្ទុក​សារធាតុ oleocanthal ច្រើន។ ក្រៅពី​ប្រេង​អូលីវ ផ្លែ​បឺរ និង​ប្រេង safflower ក៏​ជា​ជម្រើស​ល្អ និង​អាច​បញ្ចុះ​កូលេស្តេរ៉ូល​ដែរ។

៣. ផលិតផល​ធ្វើ​ពី​ទឹកដោះគោ

ទឹកដោះគោ យ៉ាអួ និង​ឈីស​សំបូរ​ទៅ​ដោយ​កាល់ស្យូម និង​វីតាមីន D។ សារធាតុចិញ្ចឹម​ទាំង​ពីរ​នេះ​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ដែល​អាច​បន្ថយ​ការ​ឈឺចាប់​បាន។ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ក៏​មាន​ប្រូតេអ៊ីន​ដែល​អាច​ជួយ​បង្កើន​សាច់ដុំ​ដែរ។ យើង​អាច​ជ្រើស​រើស​យក​ទឹកដោះគោ​មាន​ខ្លាញ់​តិច​ប្រសិនជា​យើង​កំពុង​សម្រក​ទម្ងន់។

៤. បន្លែ​ស្លឹក​បៃតង

បន្លែ​ស្លឹក​បៃតង​គឺ​មាន​វីតាមីន D ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ប្រឆាំង​នឹង​ស្ត្រេស។ វីតាមីន D សំខាន់​សម្រាប់​រាងកាយ​ក្នុង​ការ​ស្រូប​យក​កាល់ស្យូម និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។ បន្លែ​ស្លឹក​បៃតង​មាន​ស្ពៃ​ពួយឡេង​ជាដើម។

៥. ផ្កា​ខាត់ណា​ខៀវ

ផ្កាខាត់ណា​ខៀវ​មាន​សារធាតុ sulforaphane ដែល​អ្នកវិទ្យាសាស្ត្រ​ជឿ​ថា​អាច​ពន្យឺត​ការ​វិវត្ត​នៃ​ជំងឺ​រលាក​សន្លាក់​ឆ្អឹង។ បន្លែ​នេះ​ក៏​សំបូរ​ដោយ​វីតាមីន K វីតាមីន Cនិង​កាល់ស្យូម។

៦. តែបៃតង

អ្នក​ជំនាញ​ជឿ​ថា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម polyphenol អាច​បន្ថយ​ការ​រលាក និង​កម្រិត​ការ​ខូចខាត​នៃ​ឆ្អឹង​ខ្ចី។ តែបៃតង​មាន​ផ្ទុក​សារធាតុ​នេះ​ក្នុង​កម្រិត​ច្រើន។

៧. ខ្ទឹមស

អ្នកវិទ្យាសាស្ត្រ​ជឿ​ថា​សារធាតុ diallyl disulfide ដែល​មាន​ក្នុង​ខ្ទឹមស​អាច​ប្រឆាំង​នឹង​អង់ស៊ីម​ក្នុង​រាងកាយ​ដែល​បង្ក​ការ​ខូចខាត​ដល់​ឆ្អឹងខ្ចីបាន។

៨. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិ​ល្អ​សម្រាប់​បេះដូង និង​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ ម៉ាញ៉េស្យូម ស័ង្កសី វីតាមីន E និង​ជាតិសរសៃ​ច្រើន។ ក្រៅ​ពី​នេះ​នៅ​មាន​អាស៊ីត alpha-linolenic (ALA) ដែល​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំផង​ដែរ។

+ អាហារ​គួរ​ចៀសវាង

នៅ​ពេល​យើង​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង រាងកាយ​របស់​យើង​គឺ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​មាន​ការ​រលាក។ ដូចយើង​ដឹង​ហើយ​ថា​​អាហារ​មួយ​ចំនួន​មាន​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​អាច​កាត់បន្ថយ​រោគសញ្ញា​បាន តែក៏មាន​​អាហារ​មួយ​ចំនួន​ទៀត​គឺ​មាន​ផ្ទុក​សារធាតុ​ដែល​អាច​បង្ក​ការ​រលាក​បាន។ ដូចនេះ​យក​ល្អ​គួរ​ចៀស​វាង​អាហារ​ទាំង​នេះ។

១. ស្ករ

ប្រភេទ​ស្ករ​កែច្នៃ​អាច​ជំរុញ​ឲ្យ​មាន​ការ​បញ្ចេញ cytokine ដែល​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​បាន។ ស្ករ​ដែល​​បន្ថែម​ទៅ​ក្នុង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ដូចជា​សូដា តែ​ផ្អែម កាហ្វេ​ដែល​​បន្ថែម​រសជាតិ និង​ទឹក​ផ្លែឈើ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ស្ថានភាព​រលាក​កាន់តែ​អាក្រក់។

២. ខ្លាញ់​ឆ្អែត

អាហារ​ដែល​មាន​ខ្លាញ់​ឆ្អែត​ខ្ពស់​ដូចជា​ភីហ្សា និង​សាច់​ក្រហម​អាច​បង្ក​ការ​រលាក​នៅ​ក្នុង​ជាលិកា​ខ្លាញ់ ហើយ​ក៏​មាន​ចំណែក​ទៅ​លើ​ហានិភ័យ​ជំងឺ​ធាត់ ជំងឺ​បេះដូង និង​លក្ខខណ្ឌ​ផ្សេងៗ​ដែល​ធ្វើឲ្យ​ការ​រលាក​សន្លាក់​កាន់តែ​ធ្ងន់ធ្ងរ។

៣. កាបូអ៊ីដ្រាត​កែច្នៃ

កាបូអ៊ីដ្រាត​កែច្នៃ​មាន​ដូចជា​នំប៉័ង​ចំណិត បាយស និង​ដំឡូងបារាំង​បំពង​សុទ្ធ​តែ​ជំរុញ​ការ​ផលិត​អុកស៊ីតកម្ម​នៃ AGE​ (advanced glycation end) ដែល​អាច​ជំរុញ​ឲ្យ​មាន​ការ​រលាក​ក្នុង​រាងកាយបាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖​ Helloគ្រូពេទ្យ

Share This Post: