បច្ចេកវិទ្យា

ទំនើបមែន! ហាងកាហ្វេនៅកូរ៉េខាងត្បូងប្រើប្រាស់រ៉ូបូត Barista ដើម្បីលើកភេសជ្ជៈឱ្យភ្ញៀវ កាត់បន្ថយការប៉ះពាល់និងរក្សាគម្លាតពីគ្នា

BY
autoadmin
May 26, 2020

វិបត្តិវីរុស COVID-19 បានធ្វើឱ្យអាជីវកម្មមួយចំនួនត្រូវងាកមកប្រើរ៉ូបូតជាជំនួយ ដើម្បីកាត់បន្ថយការប៉ះពាល់គ្នានិងរក្សាគម្លាតពីគ្នា។ ជាក់ស្ដែងថ្មីៗនេះហាងកាហ្វេមួយនៅទីក្រុង Daejeon របស់ប្រទេសកូរ៉េខាងត្បូង បានជួលរ៉ូបូត Barista ដើម្បីបម្រើការនៅក្នុងហាងដូចជា៖ ទទួលការបញ្ជាទិញ លើកកាហ្វេ ឬយកអាហារ -ល-។ វាជួយឱ្យភ្ញៀវនៅក្នុងហាងអង្គុយដាច់ៗពីគ្នា ព្រោះនៅពេលដែលប្រើប្រាស់រ៉ូបូតនេះ វាត្រូវការចន្លោះទូលាយដើម្បីអាចដើរចុះឡើងបាន។ រ៉ូបូត Barista នេះក៏នឹងបន្លឺជាសំឡេងឡើង នៅពេលដែលវាយកភេសជ្ជៈ ឬអាហារឱ្យភ្ញៀវផងដែរ។

រ៉ូបូត Barista នេះត្រូវបានផលិតដោយក្រុមហ៊ុន Vision Semicon ដែលគ្រោងនឹងផ្គត់ផ្គង់រ៉ូបូតដល់ហាងកាហ្វេចំនួន ៣០ នៅឆ្នាំនេះ។ យ៉ាងណាក៏ដោយទោះបីជារ៉ូបូតនេះទទួលការពេញចិត្តពីអតិថិជននិងនិស្សិតជាច្រើន ប៉ុន្តែមានការព្រួយបារម្ភថាមនុស្សអាចនឹងអត់ការងារនាពេលអនាគត ឬយ៉ាងហោចណាស់គឺអត់មានការងារធ្វើនៅប្រទេសកូរ៉េខាងត្បូងផ្ទាល់តែម្ដង។ គួរឱ្យដឹងដែរថា ករណីនៃវីរុស COVID-19 នៅកូរ៉េខាងត្បូងពេលនេះមានច្រើនជាង ១១,០០០ករណី និងស្លាប់ចំនួន ២៦៧នាក់ ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Thai Rath

Share This Post: