អង់គ្លេសអនុញ្ញាតឲ្យប្រើថ្នាំ remdesivir ព្យាបាលអ្នកជំងឺកូវីដ១៩
រដ្ឋាភិបាលអង់គ្លេសបានអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ remdesivir ក្នុងការព្យាបាលជំងឺបង្កដោយវីរុស COVID-19 ដោយថាថ្នាំនេះមានប្រសិទ្ធភាពជួយឲ្យអ្នកជំងឺបានជាសះស្បើយកាន់តែលឿនជាងមុន។ ថ្នាំ remdesivir គឺជាថ្នាំប្រឆាំងវីរុសដែលដំបូងឡើយគេប្រើសម្រាប់ព្យាបាលជំងឺ Ebola។ អាជ្ញាធរអង់គ្លេសបានលើកឡើងថាមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីប្រសិទ្ធភាពថ្នាំនេះទៅលើអ្នកជំងឺដែលបានជ្រើសរើសសម្រាប់ការព្យាបាលកន្លងមក។ ដោយសារការផ្គត់ផ្គង់មានកំណត់ ថ្នាំនេះនឹងប្រើប្រាស់ទៅលើអ្នកដែលត្រូវការចាំបាច់ប៉ុណ្ណោះ។

ទិន្នន័យដំបូងបានឲ្យដឹងថាថ្នាំនេះអាចពន្លឿនរយៈពេលក្នុងការជាសះស្បើយរហូតដល់៤ថ្ងៃបើធៀបទៅនឹងអ្នកជំងឺមិនប្រើថ្នាំនេះ ប៉ុន្តែមិនទាន់មានភស្តុតាងដែលថាអាចជួយសង្គ្រោះជីវិតមនុស្សបានច្រើនទេ។ ថ្នាំ remdesivir នេះកំពុងស្ថិតក្នុងការព្យាបាលសាកល្បងជុំវិញពិភពលោកនៅឡើយដែរ។
វេជ្ជបណ្ឌិត Stephen Griffin មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Leeds បាននិយាយថានេះអាចជាថ្នាំដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ COVID-19 នៅពេលនេះ។ អ្នកជំងឺដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរនឹងទទួលបានថ្នាំនេះមុនគេ ។ អ្វីដែលគេរំពឹងពីថ្នាំនេះគឺជួយឲ្យអត្រានៃការជាសះស្បើយមានភាពប្រសើរឡើង និងបន្ថយអត្រាមរណៈ។
ក្រៅពីថ្នាំ remdesivir គ្រូពេទ្យក៏កំពុងធ្វើការព្យាបាលសាកល្បងលើថ្នាំប្រឆាំងជំងឺគ្រុនចាញ់ hydroxychloroquine និងថ្នាំប្រឆាំងវីរុស HIV។ ប៉ុន្តែការតេស្ដលើថ្នាំ hydroxychloroquine ត្រូវបានបញ្ឈប់នៅក្នុងការតេស្ដសាកល្បងមួយចំនួនដោយសារបញ្ហាសុវត្ថិភាព។
អង្គការសុខភាពពិភពបាននិយាយថាការផ្អាកការធ្វើតេស្ដលើថ្នាំគ្រុនចាញ់ប្រភេទនេះគឺជាការការពារ បន្ទាប់ពីមានការសិក្សារកឃើញថាថ្នាំ hydroxychloroquine នេះអាចបង្កើនហានិភ័យនៃការស្លាប់ និងផលវិបាកទៅលើចង្វាក់បេះដូង។ ដោយឡែកនៅប្រទេសអង់គ្លេស ការតេស្ដសាកល្បងទៅលើការជាសះស្បើយនៅបន្តធ្វើ ប៉ុន្តែការប្រើប្រាស់ថ្នាំគ្រុនចាញ់នេះទៅលើក្រុមគ្រូពេទ្យក្នុងគោលបំណងការពារការឆ្លងត្រូវបានផ្អាកហើយ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ