កុំចូលចិត្តពេក! ភេសជ្ជៈគ្មានជាតិស្ករនេះក៏អាចធ្វើឲ្យកើតទឹកនោមផ្អែមបានដែរ
- May 28, 2020
សម្រាប់មនុស្សសម័យនេះចូលចិត្តណាស់ញ៉ាំភេសជ្ជៈកំប៉ុងផ្អែមៗ ជាពិសេសក្មេងតូចៗ និងយុវវ័យ តែមានគ្នាយើងខ្លះញ៉ាំគ្រឿងកំប៉ុងដែរ តែជាប្រភេទដែលគ្មានជាតិស្ករ (diet soda) មានឆ្ងល់អត់ថា បើញ៉ាំច្រើនអាចធ្វើឲ្យយើងកើតជំងឺទឹកនោមផ្អែមបានដែរ ឬអត់?
បើតាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សេង សេរី បង្រៀននៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលឲ្យដឹងថា “អ្នកកើតជំងឺទឹកនោមផ្អែមថ្មីថ្មោងដែលមកជួបខ្ញុំភាគច្រើនថា គាត់ផឹកគ្រឿងកំប៉ុងដែរតែមិនមែនអាមានជាតិស្ករខ្ពស់ទូទៅទេ គឺគាត់ផឹកអាគ្មានជាតិស្ករដែលអ្នកជំងឺទឹកនោមផ្អែមអាចផឹកបាននោះ”។
លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងថា ភេសជ្ជៈបែបណាក៏ដោយ គឺវាប្រហាក់ប្រហែលគ្នាទេ វាសុទ្ធតែអាចបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែមបានដូចតែគ្នា បើផឹកមិនចេះប្រយ័ត្ន។
ដូចនេះលោកសាស្រ្តាចារ្យបានណែនាំថា មិនថាអ្នកធម្មតា ឬអ្នកមានជំងឺទឹកនោមផ្អែមក៏ដោយ គួរនាំគ្នាឈប់ផឹកភេសជ្ជៈអស់នោះទៅ ហើយគួរបង្វែរមកញ៉ាំផ្លែឈើល្អៗដែលមិនប៉ះពាល់ដល់សុខភាពវិញ។
“ភេសជ្ជៈដែលគ្មានជាតិស្ករនៅខ្មែរភាគច្រើន គឺមិនអាចជឿជាក់បានទេថាគ្មានផលប៉ះពាល់ដល់សុខភាព ហើយបើយើងឃ្លានរបស់ផ្អែម គួរបង្វែរមកញ៉ាំផ្លែឈើធម្មជាតិវិញដូចជា ស្វាយទុំ ចេកទុំ ល្ហុងទុំ ឬផ្លែមៀនតិចតួច ជំនួសឲ្យគ្រឿងភេសជ្ជៈអស់នោះព្រោះវាបំផ្លាញសុខភាពបានលឿនណាស់”។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: