គ្រាន់តែដើមឆ្នាំ ២០២០ កម្ពុជាមានករណីគ្រុនឈាមជិត ៣ ពាន់នាក់
ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសពីវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនឈាមក្នុងរដូវវស្សានាឆ្នាំ ២០២០ នេះ ហើយបញ្ជាក់ពីចំនួនអ្នកផ្ទុកនាឆ្នាំ ២០២០ នេះផងដែរ។ ក្នុងនោះគ្រាន់តែដើមឆ្នាំ ២០២០ កម្ពុជាមានអ្នកផ្ទុក ២១៧២ ករណីមកហើយ ដែរចំនួនឈឺនេះ អាចបន្តកើនឡើងនៅតាម ភូមិ ឃុំ និងទីប្រជុំជននៃបណ្ដាលខេត្តនាពេលខាងមុខ។

យោងតាមការស្រាវជ្រាវផ្នែកបាណកសាស្ត្ររបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ រួមសហការជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត បានបញ្ជាក់ឲ្យឃើញថា សត្វមូសខ្លាចូលចិត្តបង្កពងបង្កើតចៅ នៅក្នុងសំបកកង់ឡាន និងសំបកកង់ម៉ូតូចាស់ៗ ១១ ដង ច្រើនជាងវត្ថុដាក់ទឹកសម្រាប់ប្រើប្រាស់ផ្សេងៗ។
ដើម្បីការពារសុខភាពចៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារមូលខ្លាញី ក្រសួងសុខាភិបាលតម្រូវឲ្យអាណាព្យាបាល និងអាជ្ញាធរតាមមូលដ្ឋានត្រូវកម្ចាត់ដង្កូវទឹក កន្លែងមានទឹកដក់ និងលាងសម្អាតពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ព្រមទាំងប្រកាន់ខ្ជាប់ទម្លាប់រស់នៅស្អាត ដោយធ្វើអនាម័យផ្ទះ បើកទ្វារបង្អួចឲ្យពន្លឺចេញចូល ទុកដាក់របស់របរឲ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រក។ មួយវិញទៀតត្រូវឲ្យកូនគេងក្នុងមុង និងស្លៀកពាក់ខោអាវដៃវែងជើងវែងទាំងយប់ទាំងថ្ងៃ។

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ