បញ្ឈប់ទម្លាប់ពេលព្រឹកទាំងនេះភ្លាម ប្រសិនបើចង់ទទួលបានសុខភាពល្អ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីទម្លាប់មួយចំនួនដែលអ្នកគួរតែបញ្ឈប់ ឬផ្លាស់ប្ដូរចេញភ្លាម ក៏ព្រោះវាអាចបង្កគ្រោះថ្នាក់ចំពោះសុខភាព ៖
១. មិនងូតទឹកពេលព្រឹក ៖ យោងតាមវេជ្ជបណ្ឌិតមួយរូបមកពី Harvard បានឲ្យដឹងថា ការងូតទឹកនៅពេលព្រឹកជួយឲ្យយើងមានភាពងាយស្រួលក្នុងការរកដំណោះស្រាយផ្សេងៗ។ ការងូតទឹកជួយឲ្យខួរក្បាលមានភាពសកម្មនឹកឃើញគំនិតថ្មីៗ និងមិនងាយត្រូវកត្តាខាងក្រៅផ្សេងៗអូសទាញ ឬរំខានបានឡើយ។ នេះហើយជាមូលហេតុដែលអ្នកមិនគួររំលងមិនងូតទឹកនាពេលព្រឹក។

២. ងូតទឹកក្ដៅ ៖ ការងូតទឹកក្ដៅនៅពេលព្រឹកនឹងធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេង ហើយចង់ត្រឡប់ទៅគេងបន្តវិញ។ ដូច្នេះអ្នកគួរតែជ្រើសរើសយកការងូតទឹកត្រជាក់នៅពេលព្រឹកវិញទើបជាការប្រសើរ។ ការងូតទឹកត្រជាក់នឹងផ្ដល់ឲ្យអ្នកនូវអារម្មណ៍ស្រស់ស្រាយ ដោយវាជួយជំរុញភាពសកម្មនៃខួរក្បាល និងធ្វើឲ្យប្រព័ន្ធភាពស៊ាំដំណើរការកាន់តែខ្លាំងជាងមុន។ ទឹកត្រជាក់ មិនធ្វើឲ្យស្បែកស្ងួតដូចជាទឹកក្ដៅឡើយ ហើយបើយោងតាមអ្នកវិទ្យាសាស្ត្រជាច្រើនបានឲ្យដឹងថា អ្នកដែលងូតទឹកត្រជាក់ទៀងទាត់អាចស្រកទម្ងន់បានដល់ទៅ ៩ lb ឬ ៤ គីឡូក្រាមក្នុងមួយឆ្នាំ។

៣. ឆែក ឬលេងទូរស័ព្ទរយៈពេលយូរ ៖ បណ្ដាញសង្គម គឺជាមូលហេតុចម្បងបំផុតដែលធ្វើឲ្យមនុស្សជាច្រើនឆែក ឬលេងទូរស័ព្ទយូរនៅពេលព្រឹក។ របៀបដែលយើងចំណាយពេលពេញមួយថ្ងៃ គឺអាស្រ័យលើរបៀបដែលយើងចំណាយពេលក្នុងពេលព្រឹក។ ដូច្នេះអ្នកគួរតែបញ្ឈប់ការខ្ជះខ្ជាយពេលវេលាក្នុងការពិនិត្យ ឬតាមដានមើលជីវិតរបស់អ្នកដទៃ អានយោបល់ និងទស្សនៈរបស់ពួកគេដោយយកពេលទាំងនោះមកខ្វល់ខ្វាយអំពីខ្លួនឯងវិញទើបប្រសើរ! ដើម្បីចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងភាពស្រស់ស្រាយ សប្បាយក្នុងចិត្ត អ្នកគួរតែចំណាយពេលជាមួយមនុស្សដែលអ្នកស្រឡាញ់ ចម្អិនអាហារពេលព្រឹក ស្ដាប់ចម្រៀង ឬហាត់ប្រាណ ជាជាងចំណាយពេលឆែកទូរស័ព្ទ។

៤. ដុសសម្អាតធ្មេញភ្លាមៗ បន្ទាប់ពីទទួលទានអាហារ ៖ បន្ទាប់ពីទទួលទានអាហារកាចាធ្មេញរបស់អ្នកនឹងប្រែជាចុះខ្សោយ ជាពិសេសប្រសិនបើអ្នកទទួលទានផ្លែឈើដែលមានរសជាតិជូរ ឬទទួលទានភេសជ្ជៈសូដា ឬមានជាតិហ្គាស។ ដូច្នេះប្រសិនបើអ្នកដុសសម្អាតធ្មេញភ្លាមៗនោះ ធ្មេញងាយនឹងទទួលរងផលប៉ះពាល់ឆាប់ខូច។ អ្វីដែលអ្នកគួរតែធ្វើជំនួសវិញ គឺខ្ពុរសម្អាតមាត់ជាមួយនឹងទឹកធម្មតាសិន ហើយចាំរហូតដល់ ៣០ នាទីក្រោយ សឹមដុសសម្អាត។

៥. ទទួលទានកាហ្វេខ្មៅ ៖ ការទទួលទានកាហ្វេខ្មៅភ្លាមៗបន្ទាប់ពីក្រោកពីដំណេកធ្វើឲ្យអ័រម៉ូនស្ត្រេស cortisol កើនឡើងខ្ពស់ដែលបណ្ដាលឲ្យថប់បារម្ភ។ ហើយប្រសិនបើអ្នកទទួលទានកាហ្វេនៅពេលដែលអ្នកឃ្លាន អ្នកអាចនឹងកើតជំងឺរលាកក្រពះនៅថ្ងៃណាមួយជាមិនខាន។ ការស្រាវជ្រាវបានបង្ហាញថា ពេលវេលាដ៏ល្អបំផុតសម្រាប់ទទួលទានកាហ្វេ គឺ ៣ ឬ ៤ ម៉ោងបន្ទាប់ពីភ្ញាក់ពីគេង។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកមិនអាចទ្រាំមិនទទួលទានកាហ្វេនៅពេលព្រឹកមិនបាន ចូរបន្ថែមទឹកដោះគោ ឬក្រែមបន្តិចបន្តួចក្នុងកាហ្វេ ដើម្បីកាត់បន្ថយឥទ្ធិពលអាក្រក់នៃភេសជ្ជៈនេះចំពោះក្រពះ។

៦. រៀបចំគ្រែគេងភ្លាមៗបន្ទាប់ពីភ្ញាក់ ៖ នៅពេលដែលអ្នករៀបចំកន្លែងគេងភ្លាម បន្ទាប់ពីភ្ញាក់ នោះវាហាក់ដូចជាអ្នកកំពុងបង្កើតបរិយាកាស ឬស្ថានភាពល្អមួយសម្រាប់ធូលីដី ក៏ដូចជាពពួកបាក់តេរីលូតលាស់អ៊ីចឹង ដោយសារតែសំណើមចេញពីរាងកាយដែលជាប់នឹងកម្រាលពូកកំឡុងពេលគេងពីយប់មិនមានឱកាសហួត។ អ្នកវិទ្យាសាស្ត្រជាច្រើនបានណែនាំថា ការផ្លាស់ទីភួយចេញពីពូកបន្ទាប់ពីអ្នកក្រោកពីដំណេក គឺជាការប្រសើរ ក៏ព្រោះវិធីនេះធ្វើឲ្យកម្រាលឆាប់ស្ងួត៕

អត្ថបទ ៖ Bee
ប្រភព ៖ brightside