សុខភាព

ក្រសួងសុខាភិបាល​ត្រៀម​វិទ្យាល័យ​ ហ៊ុន សែន ជម្ពូវ័ន ជា​កន្លែង​ពិនិត្យ​អ្នកដំណើរមកពីបរទេស

BY
Khmernote Media
June 3, 2020

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ លោក​ជំទាវ យក់ សម្បត្ដិ បាន​ប្រាប់​សារព័ត៌មាន freshnews នៅ​ថ្ងៃ​នេះ​ថា អ្នក​ដំណើរ​មកពី​ក្រៅ​ប្រទេស​នានា ត្រូវ​រៀបចំ​ឲ្យ​ទៅ​កន្លែង​ពិនិត្យ​នៅ​ទីតាំង​វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន។

លោក​ជំទាវ យក់ សម្បត្តិ បាន​បន្ត​ទៀត​ថា មន្ត្រី​ក្រុម​ការងារ​អន្តរក្រសួង បាន​ធ្វើ​ការងារ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ទៅ​ពិនិត្យ​ទីតាំង​វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន កាលពី​ម្សិលមិញ​រួច​ហើយ ដើម្បី​ត្រៀម​រៀបចំ​ទទួល​អ្នក​ដំណើរ​មក​ពី​បណ្ដា​ប្រទេស​នានា ក្នុង​នោះ មាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ផង​ដែរ ដោយ​ក្នុងចំណោម ៦ ជើង​ហោះហើរ​នៅ​ថ្ងៃ​នេះ។

ដើម្បី​ការពារ​ទប់ស្កាត់​ជំងឺ COVID-19 ចូល​មក​កម្ពុជា ដោយ​កន្លង​មក​អ្នក​ជំងឺ COVID-19 សុទ្ធសឹងតែ​ជា​ករណី​នាំ​ចូល ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ត្រៀម​វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន មួយ​កន្លែង​បន្ថែម​ទៀត សម្រាប់​ត្រួត​ពិនិត្យ​សុខភាព​អ្នក​ដំណើរ​ពី​ក្រៅ​ប្រទេស ត្រលប់​ចូល​មក​កម្ពុជា​វិញ តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

កន្លង​មក​នៅ​រាជធានី​ភ្នំពេញ​មាន​កន្លែង​ត្រួត​ពិនិត្យ​សុខភាព នៅ​ក្នុង​ទ័ពអាកាស ជាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មាន​ចំនួន ១០០ គ្រែ និង​មណ្ឌល​សុខភាព​នៅ​ចាក់​អង្រែក្រោម​ចំនួន ១០០ គ្រែ ហើយ​សម្រាប់​វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន មាន​ចំនួន ២០០ គ្រែ ដូចនេះ​ចំនួន​សរុប​មាន​ចំនួន ៤០០ គ្រែ សម្រាប់​ទទួល​អ្នក​ដំណើរ ដែល​ត្រូវ​មក​ពិនិត្យ​សុខភាព។

ប្រភពអត្ថបទ និងរូបភាពយកពី freshnews

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: