ស្ទាវ២នាក់ឆក់កាបូបនារីជនជាតិចិន បណ្តាលឲ្យដួលត្រឡប់ត្រឡិនរងរបួសពេញខ្លួន
ក្រុងព្រះសីហនុ-យោងតាមព័ត៌មានប្រចាំថ្ងៃរបស់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា ៖ នៅវេលាម៉ោង ២២:២០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាព ឆក់កាបូបនារីជនជាតិ ចិនម្នាក់ ដែលកំពុងដើរតាមផ្លូវ នៅមុខ សណ្ឋាគារវិមានខ្សាច់ស ម្តុំអូរឈើទាល សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ករណីឆក់នេះមិនបានសំរេចទេ ប៉ុន្តែបណ្តាលឲ្យជនរងគ្រោះដួលត្រឡប់ត្រឡិន រងរបួស រលាត់ស្មារ ដៃនិង ពកក្បាល ។
លោកឧត្តមសេនីយ៍ត្រីកុល ផាលីស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា៖ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត និង នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤សង្កាត់លេខ២ បានសហការគ្នា ដេញស្ទាក់ចាប់បានជនសង្ស័យ២នាក់ នៅចំណុចផ្លូវកោងកែងតុលាការចាស់សង្កាត់លេខ៤។ ជនសង្សយ័រួមមាន៖
១-ឈ្មោះ នួន ករណាវិសុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ (សិស្ស) មានទីលំនៅ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ឃុន ធីចាន់ដារិទ្ធ ហៅ ចាន់ ភេទប្រុស អាយុ ១៦ឆ្នាំ (សិស្ស) មានទីលំនៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកបាន រួមមានម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1GT-9845 ជាមធ្យោបាយធ្វើសកម្មភាព។
ជនរងគ្រោះឈ្មោះ REN FANG ភេទស្រី អាយុ ២៨ឆ្នាំ ភ្ញៀវទេសចរណ៍ ជនជាតិចិន ស្នាក់នៅសណ្ឋាគារ THE PALM PALACE RESORT ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពុំមានការបាត់បង់សម្ភារៈអ្វីឡើយ។ មុខសញ្ញាទាំងពីរកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូង ៕


