ម៉ាក់ៗត្រូវដឹង ក្បួនទាំងនេះការពារមិនឲ្យរលាកស្បែកតាមគន្លាក់កកូន
ម៉ាក់ៗមួយចំនួនដែលមានកូនតូច អាចមានបញ្ហានឹងការរលាកស្បែករបស់កូនៗនៅតំបន់គន្លាក់ក ជាពិសេសកូនតូចៗណាដែលមានមាឌកាម៉ាប់ៗគួរឲ្យក្នាញ់នោះ ឆាប់កកិត ហើយរលាក។ ចុះម៉ាក់ប៉ាគួរធ្វើបែបណាបើកូនមានបញ្ហារលាកស្បែកត្រង់គន្លាក់កនេះ?

ស្បែកក្មេងៗដែលរលាកតាមគន្លាក់កនោះ គឺបណ្ដាលមកពីពេលបៅដោះម្ដាយ ឬទឹកដោះគោ មានហៀរទៅគន្លាក់ក សម្អាតមិនបានល្អ បែកញើសសើម ងូតទឹករួចជូតអត់ស្ងួត ទើបធ្វើឲ្យកកិតផ្អាប់ជាប់ក យូរៗក៏រលាកស្បែកកូនទៅ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ដើម្បីមិនឲ្យមានបញ្ហារលាកស្បែកកូននេះកើតឡើងបាន ម៉ាក់ប៉ាគួរអនុវត្តតាមវិធីដូចជា៖
-ត្រូវសម្អាតទឹកដោះគោ ឬទឹកដោះដែលកំពប់សើមកដោយទឹកស្អាត (ចៀសវាងប្រើកន្សែងសើម ព្រោះវាសម្អាតមិនស្អាតល្អ និងនាំឲ្យកកិត)។
-បើកូនបែកញើសច្រើន ត្រូវងូតទឹកពេលថ្ងៃឲ្យកូនម្ដងទៀត និងផ្ដល់បរិយាកាសត្រជាក់ឲ្យកូន កុំឲ្យកូនបែកញើសខ្លាំងពេក។
-ពេលងូតទឹកហើយត្រូវជូតឲ្យស្ងួត ដើម្បីជូតសម្អាតកូនឲ្យបានល្អ គឺត្រូវប្រើកន្សែងដែលជក់ទឹកល្អ និងជូតរបៀបផ្ដិតៗបានថែទាំស្បែកកូនបានល្អទន់ល្មើយ (ពេលជូតគួរដាក់កង្ហារបានឆាប់ស្ងួត)។
-ប្រើជែល ឬគ្រីម លាបតាមគន្លាក់ៗ ដើម្បីកាត់បន្ថយភាពកកិតដែលងាយនាំឲ្យរលាក។
បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិត បានណែនាំបន្តថា ក្នុងករណីដែលបញ្ហារលាកស្បែកកូនកាន់តែរាលដាល ម៉ាក់ប៉ាត្រូវនាំកូនទៅជួបគ្រូពេទ្យជំនាញពិនិត្យ ដើម្បីបែងចែកប្រភេទជំងឺអោយបានច្បាស់ និងទទួលការព្យាបាលបានត្រឹមត្រូវ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ