ប្រសិនបើចង់រក្សាបាននូវសុខភាពល្អរឹងមាំ កុំទទួលទានអាហារទាំងនេះនៅខណៈពេលពោះទទេរឲ្យសោះ
អាហារមួយចំនួនខាងក្រោម គឺជាប្រភេទនៃអាហារសុខភាពល្អ ប៉ុន្តែទោះជាយ៉ាងណាប្រសិនបើអ្នកទទួលទានវានៅខណៈពេលពោះទទេរនោះវាបែរជាផ្ដល់នូវបញ្ហាសុខភាពជាច្រើនទៅវិញ។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរជៀសវាងទទួលទានអាហារទាំងនេះប្រសិនបើអ្នកមិនទាន់ទទួលទានអ្វីសោះ ៖
១. ផ្លែចេក ៖ ការទទួលទានផ្លែចេកនៅខណៈពេលពោះទទេរមិនទាន់បរិភោគអ្វីសោះ គឺមិនមែនជាគំនិតល្អឡើយ។ វាជាការពិតណាស់ដែលចេកសម្បូរទៅដោយ សារជាតិប៉ូតាស្យូម ជាតិសរសៃ និងម៉ាញ៉េស្យូម ប៉ុន្តែវាក៏មានផ្ទុកនូវជាតិអាស៊ីត និងស្ករផ្អែមច្រើនផងដែរ។ ការទទួលទានអាហារដែលមានជាតិអាស៊ីតខណៈពេលពោះទទេអាចបណ្តាលឲ្យកើតមានបញ្ហាផ្សេងៗក្នុងពោះវៀនហើយការទទួលជាតិស្ករនៅពេលព្រឹក គឺអាចធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេង និងបាត់បង់នូវថាមពលនៅរយៈពេលពីរម៉ោងក្រោយ។ ដើម្បីជៀសវាងបញ្ហាទាំងនេះកើតឡើង ចូរទទួលទានផ្លែចេកលាយជាមួយនឹងអាហារផ្សេងទៀត។

២. បន្លែបៃតងឆៅ ៖ ទោះបីជាបន្លែជាទូទៅផ្ដល់អត្ថប្រយោជន៍ល្អប្រសើរចំពោះសុខភាពក៏ដោយ ប៉ុន្តែចំពោះមនុស្សមួយចំនួនប្រសិនបើទទួលទាននៅខណៈពេលពោះទទេរនោះពួកគេអាចទទួលរងនូវការរលាក ហើយពេលខ្លះអាចឈានដល់ថ្នាក់ឡើងហ្គាសក្នុងក្រពះ ហើមពោះ និងឈឺក្នុងពោះថែមទៀតផង។ ហេតុផលមួយក្នុងចំណោមបញ្ហាទាំងនោះ គឺបន្លែបៃតងឆៅមានផ្ទុកនូវជាតិសរសៃដែលមិនរលាយ ហើយអ្នកដែលមានបញ្ហាពាក់ព័ន្ធនឹងការរំលាយអាហារ គួរតែជៀសវាងការទទួលទាន។

៣. ផ្លែប៉េងប៉ោះ ៖ ប៉េងប៉ោះមានផ្ទុកជាតិខនិជរលាយដែលបង្កឲ្យមានប្រតិកម្មជាមួយអាស៊ីតក្រពះ។ ដូច្នេះប្រសិនបើអ្នកទទួលទានវានៅខណៈពេលពោះទទេរ វានឹងបណ្ដាលឲ្យឈឺពោះ ឬឈឺក្រពះ។

៤. ផ្លែឈើមានរសជាតិជូរ ៖ ផ្លែឈើ ឬទឹកផ្លែឈើដែលមានជាតិអាស៊ីតខ្ពស់ដូចជា ផ្លែក្រូច ផ្លែក្រូចឆ្មារ ផ្លែទំពាំងបាយជូរ ជាដើមអាចបណ្ដាលឲ្យកើតមានការរលាក ក្រហាយទ្រូង និងបញ្ហាក្រពះ ប្រសិនបើអ្នកទទួលទានវានៅខណៈពេលពោះទទេរ។ លើសពីនេះទៀត ផ្លែឈើដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់អាចបង្កើនកម្រិតជាតិស្ករដែលអាចមានគ្រោះថ្នាក់ចំពោះអ្នកជំងឺទឹកនោមផ្អែម។ ប្រសិនបើអ្នកចង់ធ្វើឲ្យសុខភាពប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើយ ចូរបន្ថែមគ្រាប់វាល់ណឺត (walnuts) លាយជាមួយអាហារពេលព្រឹករបស់អ្នក។

៥. ភេសជ្ជៈត្រជាក់ ៖ ការទទួលទានភេសជ្ជៈត្រជាក់នៅខណៈពេលពោះទទេរអាចបណ្ដាលឲ្យមានការរលាកចំពោះក្រពះ និងពោះវៀន។ ជាពិសេសភេសជ្ជៈដែលមានជាតិកាបូអ៊ីដ្រាតត្រជាក់ ក៏ព្រោះវាបណ្តាលឲ្យហើមពោះ និងមានអារម្មណ៍មិនស្រួលនៅក្នុងក្រពះ។ ការទទួលទានទឹកក្ដៅឧណ្ហៗនៅពេលព្រឹកមុនទទួលទានអាហារ គឺជាទម្លាប់ល្អប្រសើរបំផុត ដោយវាជួយធ្វើឲ្យការរំលាយអាហារ និងចរន្តឈាមហូរមានភាពប្រសើរឡើង ហើយថែមជួយសម្រកទម្ងន់ទៀតផង៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside