អាមេរិកជោគជ័យលើការវះកាត់ប្ដូរសួតឲ្យអ្នកជំងឺកូវីដ១៩
ក្រុមគ្រូពេទ្យផ្នែកវះកាត់របស់សហរដ្ឋអាមេរិកបានជោគជ័យក្នុងការវះកាត់ប្ដូរសួតទាំងសងខាងឲ្យនារីម្នាក់ដែលសួតរបស់នាងរងការខូចខាតខ្លាំងដោយសារវីរុសCOVID-19 ។ ក្រុមគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យ Northwestern Memorial នៅទីក្រុង Chicago នៅថ្ងៃទី១១ ខែមិថុនា បានប្រកាសថានេះជាការវះកាត់លើកទីមួយនិងទទួលបានភាពជោគជ័យក្នុងការវះកាត់ជួយសង្គ្រោះអ្នកជំងឺដែលរងការខូចខាតសួតខ្លាំងដោយសារវីរុស COVID-19។ ក្រោយការការវះកាត់ប្តូរសួតរួច ស្ថានភាពអ្នកជំងឺមានការប្រសើរឡើងជារៀងរាល់ថ្ងៃ។

ក្រុមគ្រូពេទ្យបានលើកឡើងថានេះជាលើកដំបូងហើយដែលការវះកាត់ទៅលើអ្នកជំងឺ COVID-19 ទទួលបានជោគជ័យនៅសហរដ្ឋអាមេរិក ហើយនេះអាចផ្តល់ក្ដីសង្ឃឹមសម្រាប់អ្នកជំងឺដែលសួតទទួលរងការខូចខាតខ្លាំងពីការឆ្លងវីរុសកូរ៉ូណា។
អ្នកជំងឺវ័យ២០ឆ្នាំនេះបានចំណាយរយៈពេល៦សប្តាហ៍ប្រើប្រាស់ម៉ាស៊ីនជំនួយអុកស៊ីសែន និងម៉ាស៊ីន ECMO នៅបន្ទប់សង្គ្រោះបន្ទាន់។ អ្នកជំងឺរូបនេះគឺមានស្ថានភាពធ្ងន់ធ្ងរជាងគេនៅក្នុងមន្ទីរពេទ្យនោះ។ ក្រុមគ្រូពេទ្យតែងផ្តល់ជំនួយអុកស៊ីសែនដល់នាង និងជួយទ្រទ្រង់សរីរាង្គផ្សេងទៀតរបស់នាងសម្រាប់ការវះកាត់ប្តូរសួតនៅពេលដែលឱកាសមកដល់។ មុននឹងធ្វើការវះកាត់ គ្រូពេទ្យត្រូវតែធ្វើតេស្ដដើម្បីបញ្ជាក់ថានាងគឺអវិជ្ជមានវីរុស COVID-19 ជាមុនសិន។
កាលពីដើមខែមិថុនានៅពេលសួតរបស់អ្នកជំងឺបានបង្ហាញពីការខូចខាតដែលមិនអាចត្រលប់មកធម្មតាវិញបានដោយសារជំងឺ COVID-19 ជម្រើសតែមួយគត់គឺត្រូវផ្លាស់ប្ដូរសួត។ អ្នកជំងឺរូបនេះក៏ចាប់ផ្ដើមវិវត្តការចុះខ្សោយសរីរាង្គផ្សេងៗដែលនេះបង្កដោយការខូចខាតសួត ហើយប៉ះពាល់ដល់បេះដូង ថ្លើម និងតម្រងនោម។ អ្នកជំងឺនេះចំណាយពេលជាង៥សប្ដាហ៍ដើម្បីកម្ចាត់វីរុសអស់ក្នុងរាងកាយមុននឹងធ្វើការវះកាត់។
គ្រូពេទ្យបានបញ្ជាក់ទៀតថាជាទូទៅគ្រូពេទ្យត្រូវដាស់អ្នកជំងឺឲ្យភ្ញាក់ជាមុនសិនមុននឹងផ្តល់ការវះកាត់ប្ដូរសួតនេះដើម្បីឲ្យអ្នកជំងឺដឹងពីស្ថានភាពខ្លួន។ ប៉ុន្តែក្នុងករណីនារីខាងលើគឺនាងមិនបានភ្ញាក់ទេដែលគ្រូពេទ្យត្រូវពឹងផ្អែកលើគ្រួសាររបស់នាងក្នុងការសម្រេចចិត្ត។ ការវះកាត់នេះគឺមានរយៈពេល១០ម៉ោង ហើយបច្ចុប្បន្នគ្រួសាររបស់អ្នកជំងឺអាចចូលសួរសុខទុក្ខអ្នកជំងឺបានខណៈអ្នកជំងឺកំពុងវិវត្តទៅរកការជាសះស្បើយ។
ក្រុមគ្រូពេទ្យដែលធ្វើការវះកាត់នេះបានលើកឡើងថាគេត្រូវសិក្សាបន្ថែមដើម្បីដឹងថាតើអ្នកជំងឺ COVID-19 ដែលមានស្ថានភាពធ្ងន់ធ្ងរប៉ុន្មាននាក់ដែលអាចទទួលប្រយោជន៍ពីការវះកាត់ប្ដូរសួតនេះ។ ក្រុមគ្រូពេទ្យចង់ឲ្យមជ្ឈមណ្ឌលផ្លាស់ប្ដូរសរីរាង្គដឹងថាទោះបីការវះកាត់ផ្លាស់ប្ដូរសរីរាង្គទៅលើអ្នកជំងឺ COVID-19 មានការលំបាក ប៉ុន្តែការវះកាត់នេះអាចធ្វើទៅដោយសុវត្ថិភាព និងផ្តល់ឱកាសរស់ម្ដងទៀតដល់អ្នកជំងឺ COVID-19 ដំណាក់កាលចុងក្រោយ។

ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ