បច្ចេកវិទ្យា

អ្នកចូលច្រើន Chat តាម Messenger នៅលើ Window សូមប្រយ័ត្ន ព្រោះអ្នកស្រាវជ្រាវរកឃើញមានចម្លោះប្រហោង អាចអោយ Hacker ចូលបាន

BY
Khmernote Media
June 12, 2020

យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្មវិធី Messenger ដែលជាកម្មវិធីផ្ញើសារមានប្រជាប្រិយភាពយ៉ាងខ្លាំង និងមានអ្នកប្រើប្រាស់ប្រមាណ ១.៣ពាន់លាននាក់ជុំវិញពិភពលោកនោះ ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញនូវ ភាពចន្លោះប្រហោងខ្លះៗរបស់កម្មវិធីនេះសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ដែលអាចឱ្យជនអនាមិកងាយស្រួលក្នុងការវាយប្រហារជាមួយមេរោគ malware នេះបើតាមការផ្សព្វផ្សាយរបស់ Reason Labs។

កំហុសឆ្គងនេះត្រូវបានគេរកឃើញនៅក្នុងកម្មវិធី Messenger ជំនាន់ 460.16 ដែលកើតឡើងនៅពេលកម្មវិធីនេះធ្វើការទាក់ទងជាមួយ Windows Powershell ទៅក្នុង Python directory។ ដូច្នេះប្រសិនបើលោកអ្នកពុំដែលបញ្ចូលកម្មវិធី Python កុំព្យូទ័រលោកអ្នកនឹងពុំមាន directory នេះទេ។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភជាមួយការវាយប្រហារនេះគឺ ជនអនាមិកអាចបន្តការវាយលុកបានយូរ ដោយសារការជ្រៀតចូលនេះទាក់ទងនឹង directory មិនសូវសំខាន់ដែលមិនទាមទារឱ្យបញ្ចូលលេខសម្ងាត់របស់អ្នកគ្រប់គ្រងកុំព្យូទ័រនោះ។

Reason Labs បានជូនដំណឹងទៅក្រុមហ៊ុនហ្វេសប៊ុកទាក់ទងនឹងកំហុសឆ្គងនេះកាលពីខែមេសាកន្លងទៅ ហើយក្រុមហ៊ុនក៏បានធ្វើការកែសម្រួលរួចហើយដែរ។ ជាងនេះទៅទៀត Reason Labs ក៏បានធ្វើការសាកល្បងជាថ្មីជាមួយ Messenger ជំនាន់ 480.5 ហើយបានបញ្ជាក់ថា ពុំឃើញមានកំហុសឆ្គងនេះទៀតទេ។ ដូច្នេះប្រសិនបើបងប្អូនប្រើកម្មវិធី Messenger ជាមួយកុំព្យូទ័រ Windows ហើយពុំបានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេលប្រមាណ២ខែចុងក្រោយនេះ លោកអ្នកគួរធ្វើបច្ចុប្បន្នភាពកម្មវិធីតាមរយៈ Microsoft store ដើម្បីជៀសវាងពីការវាយប្រហារនេះ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Share This Post: