រោគសញ្ញាទាំងនេះនឹងលេចឡើងនៅពេលចរន្តឈាមក្នុងរាងកាយចុះខ្សោយ ហើយអ្នកមិនគួរធ្វេសប្រហែសមើលរំលងឡើយ
ចរន្តឈាមចុះខ្សោយ គឺបណ្ដាលមកពីមូលហេតុផ្សេងៗគ្នាជាច្រើន។ ប៉ុន្តែជំងឺទូទៅបំផុតនៃបញ្ហានេះ គឺជំងឺសសៃឈាមអាកទែ និងជំងឺត្បៀតសសៃឈាមជើង (PAD)។ នៅពេលចរន្តឈាមចុះខ្សោយតែងបង្កផលប៉ះពាល់ភាគច្រើនទៅលើប្រអប់ដៃ ដៃ ប្រអប់ជើង និងជើង។ ខាងក្រោមជារោគសញ្ញាមួយចំនួនដែលនឹងលេចឡើងនៅពេលចរន្តឈាមក្នុងរាងកាយធ្លាក់ចុះខ្សោយ ហើយប្រសិនបើអ្នកជួបប្រទះនូវបញ្ហាទាំងនេះ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យភ្លាម ក៏ព្រោះចរន្តឈាមខ្សោយអាចបណ្ដាលឲ្យកើតជំងឺធ្ងន់ធ្ងរគំរាមកំហែងដល់អាយុជីវិតដូចជា ជំងឺគាំងបេះដូង ជំងឺដាច់សសៃឈាមខួរក្បាល ជាដើម ៖

១. ឈឺជើងខណៈពេលដើរ ៖ រោគសញ្ញាទូទៅបំផុតមួយនៃបញ្ហាចរន្តឈាមចុះខ្សោយ គឺការឈឺចាប់ ឬរមួលក្រពើនៃជើង ឬសាច់ដុំត្រគាក។ ការឈឺចាប់នឹងកើតមានឡើងខណៈពេលកំពុងដើរ ឬឡើងកាំជណ្ដើរ ឬសកម្មភាពរាងកាយស្រដៀងគ្នាមួយចំនួនផ្សេងទៀត ហើយស្ថានភាពបែបនេះត្រូវបានគេហៅថាជា ជំងឺត្បៀតសសៃឈាមជើង ដែលជារោគសញ្ញាមួយនៃជំងឺសសៃឈាមអាកទែ PAD ។
២. ស្ពឹកស្រពន់ និងខ្សោយ ៖ អាការៈនេះជាញឹកញយកើតមានលើដៃ ឬជើងរបស់អ្នក ហើយវាអាចកើតឡើងទាំងនៅខណៈពេលដែលអ្នកកំពុងធ្វើចលនា ឬនៅស្ងៀម។ ប្រសិនបើរោគសញ្ញាទាំងនេះស្រាប់តែលេចឡើងភ្លាមៗ ហើយអមមកជាមួយនូវអាការៈមួយចំនួនផ្សេងទៀតដូចជា ខ្សោយសម្លេង ឬនិយាយឡុលៗ និងស្វិតសាច់ដុំមុខ នោះវាបញ្ជាក់ឲ្យដឹងពីបញ្ហាចរន្តឈាមហូរទៅកាន់ខួរក្បាលកំពុងធ្លាក់ចុះទាបដោយសារតែការកកខ្លាញ់នៅតាមជញ្ជាំងសរសៃអាកទែ ដែលនាំឲ្យទំហំនៃសរសៃឈាមរួមតូច។ ចរន្តឈាមចុះខ្សោយនៅក្នុងសសៃឈាមក្រហមដែលផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាល ហើយដំណើរការនេះអាចបណ្ដាលឲ្យកើតមានជំងឺដាច់សសៃឈាមខួរក្បាល។
៣. ត្រជាក់ដៃជើង ហើយហើម ៖ ប្រសិនបើអ្នកតែងមានអារម្មណ៍ថា ប្រអប់ជើង ដៃ ឬផ្នែកខាងក្រោមនៃជើង ត្រជាក់គ្រប់ពេលដោយគ្មានហេតុផលណាមួយច្បាស់លាស់នោះវាអាចជារោគសញ្ញាមួយនៃបញ្ហាចរន្តឈាមចុះខ្សោយ។ ចរន្តឈាមហូរធ្លាក់ចុះទាបដោយសារតែជំងឺសសៃឈាមអាកទែ PAD ឬការកកខ្លាញ់នៅតាមជញ្ជាំងសរសៃអាកទែ ដែលនាំឲ្យទំហំនៃសរសៃឈាមរួមតូច ហើយវាបង្កទៅជាអាការៈត្រជាក់ប្រអប់ជើង ដៃ ឬជើង ច្រើនជាងផ្នែកផ្សេងទៀតនៃរាងកាយ។អ្នកក៏អាចសង្កេតឃើញមានការហើមនៅចុងអវយវៈរបស់អ្នក ដោយសារចរន្តឈាមចុះខ្សោយ ជាពិសេសនៅត្រង់ប្រអប់ជើង និងជើង។
៤. ដំបៅមិនជា ៖ ដំបៅផ្សេងៗនៅលើប្រអប់ជើង ឬជើងដែលហាក់ដូចជាមិនជាសះសោះ ឬយូរសះស្បើយជាងធម្មតានោះវាអាចជារោគសញ្ញាមួយនៃបញ្ហាចរន្តឈាមចុះខ្សោយ។ អ្នកក៏អាចកត់សម្គាល់ឃើញអាការៈមួយចំនួនផ្សេងទៀតដូចជា ជ្រុះរោមជើង ឬសក់ ក៏ដូចជាក្រចកជើងរបស់អ្នកដុះលូតលាស់យឺតជាងធម្មតា។
៥. ប្រែប្រួលពណ៌ស្បែក ៖ ចរន្តឈាមចុះខ្សោយអាចបណ្ដាលឲ្យស្បែកនៅត្រង់ ដៃ ប្រអប់ដៃ ជើង និងប្រអប់ជើង ប្រែពណ៌។ អ្នកអាចសម្គាល់ឃើញថាស្បែកមើលទៅហាក់ដូចជាមានពណ៌ ភ្លឺស្លាំង ឬខៀវខ្ចី ដោយសារតែការថយចុះនៃលំហូរឈាម ឬកម្រិតអុកស៊ីសែនក្នុងរាងកាយធ្លាក់ចុះទាប។
៦. ខ្សោយជីពចរជើង ៖ ចរន្តឈាមចុះខ្សោយដោយសារតែជំងឺសសៃឈាមអាកទែ ឬ PAD អាចបណ្ដាលឲ្យជីពចរប្រអប់ជើង ឬជើងប្រែជាខ្សោយ។ នៅពេលជីពចរនៅក្នុងអវយវៈរបស់អ្នកចុះខ្សោយ ឬបាត់ នោះវាអាចមានន័យថា ចរន្តឈាមហូរទៅកាន់តំបន់ទាំងនេះមានតិចតួច ឬគ្មានតែម្ដង។ វិធីសាស្រ្តទូទៅបំផុតដែលវេជ្ជបណ្ឌិតប្រើដើម្បីកំណត់បញ្ហាលំហូរឈាម គឺពិនិត្យមើលជីពចរជើង និងតំបន់ក្រលៀន។
៧. ឈឺទ្រូង ៖ អាការៈឈឺទ្រូង ឬស្ទះសសៃឈាមបេះដូង និងរោគសញ្ញាដទៃផ្សេងទៀតនៃជំងឺគាំងបេះដូង គឺសុទ្ធតែជាសញ្ញាដែលបង្ហាញឲ្យដឹងពីបញ្ហាចរន្តឈាមទៅកាន់សសៃឈាមបេះដូងចុះខ្សោយ។ វាក៏អាចជាសញ្ញាមួយនៃជំងឺសសៃឈាមអាកទែផង។ ដូច្នេះប្រសិនបើអ្នកជួបប្រទះនូវអាការៈទាំងនេះ ចូរប្រញាប់ទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីទប់ស្កាត់ហានិភ័យធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិត។
៨. បញ្ហាងាប់លិង្គ ៖ ប្រសិនបើអ្នកជាមនុស្សប្រុស ហើយជួបប្រទះនូវបញ្ហាលិង្គមិនឡើងរឹងនោះវាអាចជារោគសញ្ញាមួយនៃចរន្តឈាមចុះខ្សោយ។ បញ្ហានៃការមិនឡើងរឹងបង្ហាញពីលំហូរឈាមខ្សោយទៅកាន់ក្រលៀន និងផ្នែកខាងចុង ឬទាបបំផុតដោយសារការស្ទះ ឬរួមតូចនៃសសៃឈាមក្រហមមួយ ឬច្រើន៕
អត្ថបទ ៖ Bee
ប្រភព ៖ Mannaplus