ម៉ាស ស្រោមដៃ និងកាកសំណល់ផ្សេងទៀតពីកូវីដ១៩ កំពុងបំពុលសមុទ្រ
គិតចាប់ពីចុងខែកុម្ភៈ ដល់ពាក់កណ្ដាលខែមេសាឆ្នាំ២០២០នេះ ប្រទេសអង់គ្លេសមានកាកសំណល់ឧបករណ៍ការពារខ្លួនពីCOVID-19 ដូចជាម៉ាស ស្រោមដៃ និងបរិក្ខាផ្សេងទៀតជាង១ពាន់លានបានបញ្ចេញចោល ដែលការកើនឡើងនៃសំណល់ពីបរិក្ខាទាំងនេះបង្កជាក្ដីបារម្ភច្រើនដល់ដល់បរិស្ថានពិភពលោក។

ជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសអង់គ្លេសតែឯងមានស្រោមដៃ និងម៉ាសដែលគេប្រើហើយបោះចោលរាប់លាន។ រឿងនេះហើយដែលធ្វើឲ្យអ្នកអភិរក្សបរិស្ថានជុំវិញពិភពលោកកំពុងប្រកាសអាសន្នទាក់ទងនឹងផលិតផលប្រើតែម្តងទាំងនេះថាតើរបស់ទាំងនេះនឹងទៅកន្លែងណាក្រោយពេលគេបោះចោល។
ម៉ាស ស្រោមដៃ សំបកដបទឹកលាងដៃ និងកាកសំណល់ផ្សេងៗទាក់ទងនឹងការការពារវីរុសកូរ៉ូណាគឺត្រូវបានរកឃើញនៅបាតសមុទ្រ និងនៅលើឆ្នេរដែលនេះក៏ជាបញ្ហាមួយ។ កាលពីខែកុម្ភៈ អង្គការអភិរក្សសមុទ្រOceansAsia បានសង្កត់ធ្ងន់ទៅលើការកើនឡើងនៃម៉ាសដែលបានរកឃើញអំឡុងពេលគេស្វែងរកផលិតផលប្លាស្ទិកបំពុលបរិស្ថាន។ ម៉ាសជាច្រើនបានរកឃើញនៅកោះSoko នៅទីក្រុងហុងកុង។
ជារៀងរាល់ឆ្នាំមានប្លាស្ទិកប្រមាណ៨លានតោនបានហូរចូលទៅក្នុងមហាសមុទ្រដែលបន្ថែមទៅលើចំនួនដែលគេប៉ាន់ស្មានថាមាន១៥០លានតោននៅក្នុងបរិស្ថានសមុទ្ររួចស្រេចទៅហើយ។ ការសិក្សាមួយបានសិក្សាតែនៅប្រទេសអង់គ្លេសមួយ ប្រសិនជាមនុស្សម្នាក់ប្រើម៉ាសមួយក្នុងមួយថ្ងៃរយៈពេលមួយឆ្នាំ នោះនឹងបន្ថែម៦៦ ០០០តោននៃកាកសំណល់ពុល និង៥៧ ០០០តោននៃប្លាស្ទិកចូលក្នុងសមុទ្រ។

អ្នកដឹកនាំ និងអ្នកនយោបាយសុទ្ធតែដឹងពីបញ្ហានេះ ដែលជាបញ្ហាត្រូវមានការដោះស្រាយ។ លោកZac Goldsmith មន្ត្រីក្រសួងបរិស្ថាន ស្បៀងអាហារ និងកិច្ចការជនបទនៅប្រទេសអង់គ្លេសបានលើកឡើងថាសេដ្ឋកិច្ចមហាសមុទ្រពឹងផ្អែកលើបរិស្ថានមហាសមុទ្រ។ ដូចនេះការព្យាយាមទប់ស្កាត់ការបំពុលដោយប្លាស្ទិកអាចជួយធ្វើឲ្យបរិស្ថានមហាសមុទ្រកាន់តែប្រសើរឡើង ទប់ស្កាត់ការប្រែប្រួលនៃអាកាសធាតុ ជួយដល់ជីវចម្រុះ និងកសាងជីវភាពប្រកបដោយនិរន្តភាព។
កាកសំណល់ប្លាស្ទិកដែលប្រើតែម្ដងមិនមែនជាផលប៉ះពាល់តែមួយនៃជំងឺCOVID-19 មានទៅលើបរិស្ថានទេ។ ទោះបីជាអំឡុងពេលបិទទីក្រុងធ្វើឲ្យការបំភាយកាបូនមានការថយចុះជាបណ្ដោះអាសន្នដោយសារមានមនុស្សតិចនាក់ធ្វើដំណើរក៏ដោយ ស្របពេលជាមួយគ្នានេះក៏មានការបារម្ភថាជំងឺរាតត្បាតនេះអាចនឹងបង្វែរចំណាប់អារម្មណ៍របស់រដ្ឋាភិបាលនានាចេញឆ្ងាយពីបញ្ហាបរិស្ថាន។
ការបិទទីក្រុងបានធ្វើឲ្យមនុស្សជាច្រើននៅងាកមករកសេវ៉ាដឹកជញ្ជូនតាមការបញ្ជាទិញតាមអនឡាញ ហើយការណ៍នេះក៏បានធ្វើឲ្យកាកសំណល់ពីការវេចខ្ចប់ដោយសារការដឹកជញ្ជូនកាន់តែច្រើនជាងមុននិងកាកសំណល់វេជ្ជសាស្ត្រក៏ច្រើនដែរ។ ម៉្យាងទៀត ដោយសារមានការរឹតត្បិតនៃការនាំចេញនាំចូលធ្វើឲ្យបរិមាណអាហារជាច្រើនបានខូច និងក្លាយជាកាកសំណល់ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
លុះត្រាតែការជំរុញសេដ្ឋកិច្ចក៏ផ្ដោតលើបញ្ហាបរិស្ថានដែរ មិនដូច្នោះទេហានិភ័យនៃសកម្មភាពបំពុលដូចជាការសាងសង់ និងការផលិតនឹងមានការកើតឡើងភ្លាមៗដើម្បីស្តារសេដ្ឋកិច្ចពិភពលោកដែលទទួលរងការប៉ះពាល់ពីCOVID-19។ ដូចនេះនៅពេលបណ្ដាប្រទេសនានារួចផុតពីជំងឺរាតត្បាតនេះនឹងត្រូវរកវិធីដើម្បីកសាងឡើងវិញ និងចាប់ផ្តើមឡើងវិញ។ ប៉ុន្តែគួរជ្រើសរើសវិធីណាដែលធានានូវនិរន្តភាពរបស់បរិស្ថាននៅពេលធ្វើការសម្រេចចិត្ត និងស្តារសេដ្ឋកិច្ចឡើងវិញ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ