ស្វែងយល់បន្ថែមពីបុគ្គលិកលក្ខណៈរបស់អ្នកដទៃ ក៏ដូចជាខ្លួនឯង តាមរយៈពណ៌នៃសម្លៀកបំពាក់
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីពណ៌សម្លៀកបំពាក់ចំនួន ១១ ដែលផ្ដល់អត្ថន័យខុសៗគ្នា ហើយឆ្លុះបញ្ចាំងនូវបុគ្គលិកលក្ខណៈរបស់អ្នកដែលចូលចិត្តស្លៀកពាក់វា ៖
១១. ពណ៌ខ្មៅ ៖ យោងតាមការស្រាវជ្រាវជាច្រើនក្នុងផ្នែកចិត្តវិទ្យា ឬចិត្តវិជ្ជាបានឲ្យដឹងថា ពណ៌ខ្មៅ គឺចង្អុលបង្ហាញពីកិត្យានុភាព អំណាច ភាពរឹងមាំ ម៊ឺងម៉ាត់ និងមានប្រាជ្ញាវាងវៃ ឬការយល់ដឹង។ ដូច្នេះទើបសាកលវិទ្យាល័យជាច្រើននៅអឺរ៉ុបជ្រើសយកពណ៌ខ្មៅ ជាពណ៌នៃសម្លៀកបំពាក់ទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា។ មនុស្សដែលចូលចិត្តស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅ គឺជាមនុស្សមាន មហិច្ឆតា គោលបំណង ទិសដៅច្បាស់លាស់ ប៉ុន្តែក៏ឆាប់រំភើប ឬរំជួលចិត្តផងដែរ។ ពួកគេជាមនុស្សមានមនោសញ្ចេតនាខ្ពស់ ហើយងាយនឹងឆាប់រំភើបណាស់ បើទោះបីជាពួកគេព្យាយាមលាក់ ឬទប់អារម្មណ៍នេះក៏ដោយ។ អត្តចរិត ឬបុគ្គលិកលក្ខណៈពិតប្រាកដរបស់អ្នកដទៃ ឬមនុស្សណាម្នាក់ គឺសំខាន់បំផុតសម្រាប់ពួកគេ។

១០. ពណ៌ត្នោត ៖ ពណ៌ត្នោត គឺជាពណ៌នៃផែនដី។ វាជាពណ៌នៃអ្វីមួយដែលអាចពឹងពាក់ ឬទុកចិត្តលើបាន រឹងមាំ និងមានស្ថិរភាព។ នេះជាអ្វីដែលអ្នកដទៃយល់ឃើញចំពោះអ្នកដែលឧស្សាហ៍ស្លៀកពាក់សម្លៀកបំពាក់ពណ៌ត្នោត។ អ្នកដែលចូលចិត្តស្លៀកពាក់ពណ៌ត្នោត គឺជាមនុស្សមានគំនិតបុរាណបន្តិច ប៉ុន្តែចេះគោរពចាស់ទុំ អាចពឹងពាក់បាន ឆ្លាតវៃ ចេះពិចារណាត្រឹមត្រូវច្បាស់លាស់ ហើយតែងតែស្វែងរកនូវភាពស្ងប់សុខ ឬសន្តិភាព ស្ថិរភាព និងភាពរឹងមាំ ក្នុងរឿងគ្រប់យ៉ាង។

៩. ពណ៌ខៀវ ៖ អ្នកសារព័ត៌មាន និងចិត្តវិទូ Lisa Johnson Mandell បានសរសេរថា “ពណ៌ខៀវ គឺជាពណ៌ដ៏ល្អបំផុតសម្រាប់ពាក់នៅពេលអ្នកមានកិច្ចសម្ភាសន៍ណាមួយ ក៏ព្រោះវាអាចនឹងឲ្យផ្ដល់នូវទំនុកចិត្ត និងភាពជឿជាក់។ ដូច្នេះហើយទើបឯកសណ្ឋានការងារភាគច្រើនមានពណ៌ខៀវ។” អ្នកវិទ្យាសាស្ត្រជាច្រើននៃសាកលវិទ្យាល័យ British Columbia បានធ្វើការសិក្សាស្រាវជ្រាវអំពីឥទ្ធិពលនៃពណ៌ ហើយពួកគេបានរកឃើញថា ស្រមោលពណ៌ខៀវដិតមានឥទ្ធិពលនៃភាពស្ងប់ស្ងាត់មិនឆេវឆាវ។ មនុស្សភាគច្រើនមានទំនោរផ្សារភ្ជាប់ពណ៌ខៀវជាមួយនឹងភាពឆ្លាតវៃ គួរឲ្យទុកចិត្តបាន មានសមត្ថភាព និងភាពស្ងប់ស្ងាត់។ ជាញឹកញយសម្លៀកបំពាក់ពណ៌ខៀវតែងត្រូវបានជ្រើសរើស ដោយអ្នកដែលមានសណ្ដានចិត្តល្អ សណ្ដោសប្រណី សុភាព រួសរាយ
និងពូកែអៀន។ អ្នកចិត្តវិជ្ជាជាច្រើនក៏បាននិយាយឲ្យដឹងផងដែរថា មនុស្សម្នាក់ដែលស្លៀកពាក់សម្លៀកបំពាក់ពណ៌ខៀវនឹងក្លាយជាឪពុកម្ដាយដ៏ល្អ ឬបុគ្គលិកគំរូ។ ភាពស្ងប់ស្ងាត់ និងម៊ឺងម៉ាត់ គឺជាគុណសម្បត្តិទូទៅបំផុតនៃមនុស្សដែលចូលចិត្តសម្លៀកបំពាក់ពណ៌ខៀវ។

៨. ពណ៌បៃតង ៖ អ្នកវិទ្យាសាស្រ្តជាច្រើនមកពីសាកលវិទ្យាល័យ Amsterdam បាននិយាយថា ពណ៌បៃតងជាពណ៌នៃអារម្មណ៍ល្អទាំងក្នុងខ្លួន និងខាងក្រៅ ឬអ្វីៗដែលនៅជុំវិញអ្នក។ អ្នកដែលចូលចិត្តសម្លៀកបំពាក់ពណ៌បៃតង គឺជាមនុស្សសកម្ម រស់នៅដោយបើកចំហរ ហើយពួកគេតែងតែរស់នៅក្នុងតំបន់ល្អ និងមានស្ថិរភាពហរិញ្ញវត្ថុ។ ពួកគេជាមនុស្សពូកែយកចិត្តទុកដាក់ និងមានចិត្តល្អទន់ភ្លន់។
![]()
៧. ពណ៌ស្វាយ ៖ នាសម័យបច្ចុប្បន្ន ពណ៌ស្វាយ គឺជាពណ៌សំដៅដល់ភាពច្នៃប្រឌិត មុះមុត វាងវៃ និងការស្រឡាញ់សិល្បៈ។ យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា អ្នកដែលស្លៀកពាក់សម្លៀកបំពាក់ពណ៌ស្វាយ គឺជាមនុស្សមានមនោសញ្ចេតនា និងឆាប់រំជើបរំជួលអារម្មណ៍។ ពួកគេជាមនុស្សរវើរវាយ ឆាប់រំជើបរំជួល និងជឿលើអភិនីហា ឬអព្ភូតហេតុ។ ចំពោះការស្មាន ឬព្យាយាមយល់ និងទាក់ទងជាមួយអ្នកដែលចូលចិត្តសម្លៀកបំពាក់ពណ៌ស្វាយ គឺអាចជារឿងដែលពិបាក និងស្រួលក្នុងពេលតែមួយ។

៦. ពណ៌ក្រហម ៖ ពណ៌ក្រហម គឺបញ្ចាក់ពីថាមពល អំណាច ភាពគួរឲ្យទាក់ទាញ និងភាពរំភើប។ អ្នកចិត្តវិទូជាច្រើនមកពីសកលវិទ្យាល័យ Rochester
បានធ្វើការស្រាវជ្រាវរកឃើញថា បុរស គឺមានការចាប់អារម្មណ៍លើនារីដែលស្លៀកពាក់ពណ៌ក្រហម។ ចំពោះអ្នកដែលចូលចិត្តស្លៀកពាក់សម្លៀកបំពាក់ពណ៌ក្រហម គឺជាមនុស្សរីករាយ ឆើតឆាយ ឆាប់រំភើប ចាប់អារម្មណ៍យកចិត្តទុកដាក់លើខ្លួនឯងបន្តិច ហើយក៏ឆាប់ញៀនជាមួយនឹងអ្វីមួយផងដែរ។

៥. ពណ៌លឿង ៖ ជាពណ៌នៃសុភមង្គល ព្រះអាទិត្យ និងសំណើច។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ពណ៌លឿងបង្កើនការផលិតអ័រម៉ូនអារម្មណ៍ល្អ serotonin នៅក្នុងខួរក្បាល បង្កើនល្បឿននៃការរំលាយអាហារ និងផ្ដល់ឲ្យអារម្មណ៍នូវភាពប្រសើរឡើងជាងមុន ឬពេញចិត្តចំពោះអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញវា។ លើសពីនេះទៅទៀត ពណ៌លឿងបង្កើនការផ្ចង់ ឬប្រមូលផ្ដុំអារម្មណ៍ និងស្មារតី ដូច្នេះហើយទើបវាត្រូវបានគេប្រើជាញឹកញាប់លើ ផ្ទាំងផ្សព្វផ្សាយ ផ្លាកសញ្ញាចរាចរណ៍ និងខ្សែគំនូសតាមផ្លូវ។ អ្នកជំនាញជាច្រើននិយាយថា សម្លៀកបំពាក់ពណ៌លឿង គឺជាញឹកញយត្រូវបានប្រើប្រាស់ ឬស្លៀកពាក់ដោយមនុស្សដែលមានភាពសកម្ម រស់រវើក ពោរពេញដោយការច្នៃប្រឌិត ចូលចិត្តផ្សងព្រេង រុករកអ្វីដែលថ្មីៗ ពូកែស្រមើស្រមៃ។

៤. ពណ៌ស ៖ ជានិមិត្តសញ្ញានៃ សេរីភាព ភាពបរិសុទ្ធ គ្មានកំហុស និងសាមញ្ញ។ ហេតុនេះហើយទើបមនុស្សភាគច្រើនសម្រេចចិត្តទិិញអ្វីមួយដែលមានពណ៌សនៅពេលពួកគេចាប់ផ្ដើមអ្វីមួយថ្មីនៅក្នុងជីវិត ឬឈានចូលទំព័រថ្មីនៃដំណើរជីវិត។ ពណ៌សទាក់ទាញមនុស្សដែលអាចជឿទុកចិត្តបាន មនុស្សដែលស្រឡាញ់សេរីភាព និងអ្នកដែលសម្លឹងឃើញជីវិតប្រកបទៅដោយសុទិដ្ឋិនិយម។ អ្នកដែលចូលចិិត្តសម្លៀកបំពាក់ពណ៌ស គឺហ្មត់ចត់ និងរៀបចំបានច្បាស់លាស់បំផុតចំពោះអ្វី ឬក្នុងរឿងគ្រប់យ៉ាងដែលពួកគេធ្វើ ហើយពួកគេចូលចិត្តការចាប់ផ្ដើមថ្មី និងខិតខំដើម្បីទទួលបាននូវភាពល្អឥតខ្ចោះ។ ជាទូទៅ ពណ៌សអាចត្រូវបានពាក់ដោយមនុស្សដែលមានបុគ្គលិកលក្ខណៈខុសៗគ្នាជាច្រើន។ វាជាពណ៌អព្យាក្រឹតដែលកម្រនឹងបង្ខំ ឬបដិសេធអ្នកដទៃ។

៣. ពណ៌ផ្កាឈូក ៖ ពណ៌ផ្កាឈូកខ្ចី ឬផ្កាឈូកស្រាល គឺជាពណ៌នៃដែលនារីវ័យក្មេង ក៏ដូចជាក្មេងៗភាគច្រើនចូលចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ពណ៌ផ្កាឈូក គឺជាពណ៌ដ៏សាកសម និងប្រសើរបំផុត សម្រាប់អ្នកដែលមានវ័យចាស់ទុំ សុភាពទន់ភ្លន់ ខណៈដែលពណ៌នេះតំណាងឲ្យភាពជាស្ត្រី។ យោងតាមអ្នកចិត្តវិទូជាច្រើនបានឲ្យដឹងថា អ្នកដែលចូលចិត្ត ឬស្រឡាញ់ពណ៌ផ្កាឈូក គឺជាមនុស្ស រ៉ូមែនទិក មានភាពសុទិដ្ឋិនិយម និងគុណធម៌ចំពោះខ្លួនឯង (ក្នុងន័យល្អ)។ ពួកគេក៏ជាមនុស្សដែលមានសណ្ដានចិត្តល្អ សណ្ដោសប្រណី និងពេញចិត្ត រីករាយចំពោះអ្វីៗសឹងតែគ្រប់យ៉ាង។
២. ពណ៌ទឹកក្រូច ៖ អ្នកដែលចូលចិត្តស្លៀកពាក់សម្លៀកបំពាក់ពណ៌ទឹកក្រូចច្រើនជាមនុស្សមានភាពសុទិដ្ឋិនិយម ស្វាហាប់ ពោរពេញដោយការប្រុងប្រយ័ត្ន មានមហិច្ឆតា និងស្រឡាញ់ភាពរីករាយ ប៉ុន្តែក៏ចូលចិត្តការប្រែប្រួលផ្លាស់ប្ដូរផងដែរ។

១. ពណ៌ប្រផេះ ៖ ជាពណ៌នៃតុល្យភាព គឺមិនងងឹត ឬភ្លឺ។ ប្រសិនបើមនុស្សម្នាក់មានសម្លៀកបំពាក់ពណ៌ប្រផេះច្រើននោះអាចមានន័យថា ពួកគេចង់ស្ថិតនៅក្នុងសភាពគ្មាននរណាម្នាក់មើលឃើញ ឬជួប។ វាជាពណ៌អព្យាក្រឹត ដូច្នេះវាពិតជាពិបាកខ្លាំងណាស់ក្នុងការបង្ហាញឲ្យដឹងពីបុគ្គលិកលក្ខណៈរបស់អ្នកដែលចូលចិត្តវា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងករណីភាគច្រើនអ្នកដែលចូលចិត្តពណ៌ប្រផេះ គឺជាមនុស្សដែលមិនចូលចិត្តភាពទាក់ទាញ ឬចំណាប់អារម្មណ៍ និងព្យាយាមរក្សាឲ្យបាននូវភាពអព្យាក្រឹត៕
អត្ថបទ ៖ Bee
ប្រភព ៖ Brightside