ក្មេងរលាកភ្លើង ឬទឹកក្តៅ ត្រូវស្រោច ឬត្រាំទឹកត្រជាក់ តែចៀសវាងធ្វើរឿងទាំងនេះ
- June 22, 2020
រលាកជារបួសស្បែក ដែលបណ្តាលពីការប៉ះវត្ថុក្តៅផ្សេងៗ មានភ្លើង ទឹកក្តៅ សម្ល បបរ ជាដើម។ ការរលាកតិចតួចអាចត្រឹមចេញសញ្ញាក្រហមលើស្បែក អាចពងទឹកលើស្បែកខាងក្រៅ និងអាចរលាកសាច់ដុំ ដល់ឆ្អឹង ក្នុងករណីធ្ងន់ធ្ងរ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ។
ចំពោះកុមារវិញ ករណីរលាកទឹកក្តៅ រលាកសម្ល រលាកបបរ ជួបប្រទះញឹកញាប់ជាងគេ។ ការរលាកទាំងប៉ុន្មាននេះ អាចគ្រោះថ្នាក់តិច ឬច្រើន ទៅតាមទំហំនៃការរលាក ដូច្នេះវិធីសង្គ្រោះបឋមទី១ ត្រូវយកវត្ថុដែលបង្កចេញឲ្យលឿនបំផុត។ “ឧទាហរណ៍ថា ទឹកក្តៅស្រោចលើកុមារ ត្រូវឆក់ទាញចេញ រលាកភ្លើងត្រូវយកភ្លើងចេញ ឧទាហរណ៍ជនរងគ្រោះឆាបសាំង យើងត្រូវរកវិធីពន្លត់ឲ្យលឿនបំផុត”។ លោកវេជ្ជបណ្ឌិតរៀបរាប់។
វិធីសំខាន់ទី២ ឪពុកម្តាយ ឬអ្នកជិតខាងត្រូវធ្វើម៉េចឲ្យកន្លែងរលាកមានភាពត្រជាក់ ដែលរបស់ត្រជាក់ល្អបំផុតជាងគេ គឺទឹកស្អាត អាចជាទឹករ៉ូប៊ីណេ ទឹកពាង ទឹកសុទ្ធជាដើម ដោយអាចស្រោចពីលើកន្លែងរលាក ឬយកចានដែកមកដាក់ទឹកត្រាំ ឬបាញ់ទឹករ៉ូប៊ីណេពីលើរយៈពេលយ៉ាងតិច២០នាទី ដើម្បីឲ្យកម្តៅថយចុះ កុំឲ្យរលាកចូលជ្រៅចូលទៅសាច់បន្ថែមទៀត។
វេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ជា ភ្នំពេញ
ក្រោយពីត្រាំទឹករួច ត្រូវបាញ់ស្ព្រៃយ៍ រួចយកកំណាត់ ឬស្បៃស្អាត មករុំពីលើមុខរបួសកុំឲ្យឆ្លងរោគ បើរលាកធ្ងន់ធ្ងរត្រូវនាំទៅពេទ្យបន្ទាន់។ តែក្នុងនោះលោកវេជ្ជបណ្ឌិតបានណែនាំនូវប្រការចៀសវាងមួយចំនួនខាងក្រោមនេះ។
– កុំជោះបំបែកពងទឹក ឬបកស្បែករលាក
– កុំព្យាយាមយកបំណែកសម្លៀកបំពាក់ដែលស្អិតចាប់នឹងកន្លែងរលាក
– កុំលាបក្រែម ឡេ ក្រមួន ដែលនាំឲ្យឆ្លងរោគ
– កុំលាបថ្នាំដុសធ្មេញលើមុខរបួស
– កុំយកទឹកត្រីមកចាក់លើកន្លែងរលាក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: