អឺរ៉ុបចង់បណ្ដុះបណ្ដាលយោធាពីជំនាញវេជ្ជសាស្រ្ត ទុកជួយបើមានផ្ទុះកូវីដ១៩ លើកទី២
សុខភាព June 23, 2020 Khmernote

ពល​រដ្ឋ​ក្នុង​ទ្វីប​អឺរ៉ុប​កំពុង​រីករាយ​នឹងការ​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​នៃ​ការ​បិទ​ទីក្រុង​ដោយសារ​ជំងឺ COVID-19 ប៉ុន្តែ​នៅតាម​​​មន្ទីរពេទ្យ​វិញ​ ក្រុម​គ្រូពេទ្យ​​កំពុង​ត្រៀមខ្លួន​ក្រែង​មានផ្ទុះ​ការ​ឆ្លង​ជា​លើក​ទី​២។

សារព័ត៌មាន​ CNA បានចុះផ្សាយ​នៅថ្ងៃទី២២ ខែមិថុនា នេះថា​ អ្នកឯកទេស​ផ្នែក​សង្គ្រោះ​បន្ទាន់​មួយ​ចំនួន​កំពុង​ព្យាយាម​រើស​បុគ្គលិក​សុខាភិបាល​បន្ថែម ខណៈ​​អ្នក​ឯកទេស​មួយ​ចំនួន​ទៀត​ចង់​បង្កើត​ឲ្យ​មាន​កម្មវិធីបណ្ដុះបណ្ដាល​កងទ័ព​​ទាក់ទងនឹងផ្នែក​វេជ្ជសាស្ត្រ​ ដើម្បី​ត្រៀម​ខ្លួន​ដាក់​ពង្រាយ​ទៅ​កាន់​ន្លែង​ដែល​ត្រូវការ​គ្រូពេទ្យ​សម្រាប់​អ្នក​ជំងឺ​ក្នុង​ស្ថានភាព​ជំងឺ​ធ្ងន់។ ​ប្រទេស​មួ​យ​ចំនួន​​ក្នុង​ទ្វីបអឺរ៉ុប​កំពុង​បើក​​វគ្គ​បណ្តុះបណ្ដាលវគ្គខ្លី​​ផ្នែក​វេជ្ជសាស្ត្រ (medics crash courses ) សម្រាប់​ទប់ទល់​នឹង​ជំងឺ COVID-19 និង​ចៀសវាង​ការ​ខ្វះខាត​បុគ្គលិក​សុខាភិបាល​​ប្រសិនជា​មាន​ការ​ឆ្លង​លើក​ទី​២។

លោក Maurizio Cecconi ប្រធាន​ផ្នែក​សង្គ្រោះបន្ទាន់​នៃ​ទ្វីបអឺរ៉ុប​បាន​និយាយ​ថា ៖ «ពួកយើង​ត្រូវការ​កងទ័ព​ជួយ​ផ្នែកវេជ្ជសាស្ត្រ។ ​បុគ្គលិក​ផ្នែកសុខាភិបាល​ត្រូវមាន​ភាព​បត់បែន​ និង​សកម្ម​ក្នុង​ការងារ​ជាង​មុន។ ប្រសិនជា​មាន​ការ​ឆ្លង​ខ្លាំង​ម្តងទៀត ពួកយើង​ត្រូវ​ត្រៀម​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា​ពី​តំបន់​នៅ​ជិតៗ​ក្នុង​ប្រទេស​អ៊ីតាលី ដែល​ការងារបែបនេះយើង​​​មិន​បាន​ធ្វើ​​ទេ​អំឡុងពេលផ្ទុះការ​​ឆ្លង​លើកទី១»។

ប្រទេស​ជា​ច្រើន​មិន​បាន​ត្រៀម​ទប់ស្កាត់​ជំងឺ COVID-19 កាល​ពី​ខែ​មិនា និង​ខែមេសា​ទេ និង​បាន​បណ្ដុះបណ្ដាល​បុគ្គលិកធ្វើការ​ក្នុង​ផ្នែក​​សុខាភិបាល​ទាំង​ប្រញាប់ប្រញាល់​ដើម្បី​ជួយដល់​អ្នក​ជំងឺ​ស្ថានភាព​ធ្ងន់ធ្ងរ ព្រមទាំងបន្ថែម​ចំនួនបុគ្គលិក​សុខាភិបាល និង​ជំនួស​អ្នក​ដែល​ឈឺ។ ប្រទេស​មួយ​ចំនួន​បាន​បញ្ចូន​និសិត្ស​ផ្នែក​វេជ្ជសាស្ត្រ និង​គ្រូពេទ្យ​ចូលនិវត្តន៍​មក​ជួយ​នៅ​ផ្នែក​សង្គ្រោះបន្ទាន់​។ ប្រទេស​ដែល​មាន​ការ​ឆ្លង​ខ្លាំង​បាន​បន្ថែម​គ្រែ​ និង​ឧបករណ៍​ចាំបាច់​សម្រាប់​ផ្នែក​សង្គ្រោះបន្ទាន់ ​ឯប្រទេស​ខ្លះ​ទៀត​បាន​សាងសង់​មន្ទីរពេទ្យ​ថ្មី។

នៅ​ទ្វីបអឺរ៉ុប មន្ទីរពេទ្យ​ជា​ច្រើន​បាន​កំពុង​បណ្ដុះបណ្ដាល​គ្រូពេទ្យ​ផ្នែក​វះកាត់ ផ្នែក​បេះដូង ឯកទេស​ទូទៅ និង​គិលានុបដ្ឋាយិកា​​ពី​ផ្នែក​ផ្សេងៗ និងអាច​ផ្លាស់​អ្នកទាំងនោះ​​ទៅ​ផ្នែក​សង្គ្រោះបន្ទាន់​នៅ​ពេល​ចាំបាច់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ