ជំនឿមិនត្រឹមត្រូវ ធ្វើឲ្យស្ត្រីចង់សម្រកទម្ងន់កាន់តែធាត់ទៅវិញ
សុខភាព June 23, 2020 Khmernote

មាន​ស្ត្រី​ជាច្រើន​ក្រោយ​ឡើង​គីឡូ ព្យាយាម​រក​គ្រប់​វិធី​ដើម្បី​ឲ្យ​បាន​រាង​ស្គម​ស្អាត​ពី​មុន​មក​វិញ ប៉ុន្តែ​មិន​អាច​បាន​សម្រេច។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី នឹង​បង្ហាញ​ពី​ជំនឿ​ខុស​​នាំឲ្យ​យើង​កាន់តែ​ធាត់​លើស​ដើម មិន​ថា​អ្នក​នៅ​លីវ ឬ​អ្នក​មាន​កូន​រួច ដែលតែងតែ​យល់​ខុសកន្លង​មក។

១- មិន​ផឹក​ទឹក ទម្ងន់​មិន​ឡើង

ការ​ពិត​ទៅ​ប្រសិនបើ​ខ្វះ​ជាតិ​ទឹក រាងកាយ​យើង​នឹង​ឃ្លាន​ខ្លាំង ទប់​ចំណង់​អាហារ​មិន​សូវ​បាន​ឃើញ​អី​ក៏​ចង់​ញ៉ាំ​ទាំងអស់។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​ដែល​មើល​រំលង​ភាព​សំខាន់​របស់​ទឹក​ឆាប់​ធាត់​រហ័ស។ វិធី​ផឹក​ទឹក​ដ៏​ល្អ​បំផុត គឺ​ភ្ញាក់​ពី​ដេក​ព្រឹក​ឡើង​មួយ​កែវ ផឹក​មួយ​កែវ​ទៀត​ចន្លោះ​ពេល​បាយ ផឹក​ក្រេប​ម្ដង​បន្តិច​ៗ ចន្លោះ​ពេល​ធ្វើការ ហើយ​ផឹក​មួយ​កែវ​ពេញ​មុន​ចូល​ដេក​១​ម៉ោង។ បរិមាណ​ត្រឹមត្រូវ​បំផុត គឺ​ត្រូវ​ផឹក ២ ទៅ ២,៥ លីត្រ/ថ្ងៃ។

២- ផឹកទឹក​ផ្លែ​ឈើ

ការ​ពិត​ទៅ​ទឹក​ផ្លែ​ឈើ​ដែល​ដាក់​លក់​សព្វ​ថ្ងៃ​នេះ គ្មាន​សារជាតិ​សរសៃ​នៅ​សេសសល់​ឡើយ។ ដូច្នេះ​ផឹក​ទឹក​ផ្លែឈើ​មួយ​កែវ​ស្មើ​នឹង​បង្កើន​ភាព​ធាត់​ឲ្យ​ខ្លួនឯង​ដោយ​មិន​ដឹង​ខ្លួន។ ក្រៅពីនេះ ពេល​យើង​ផឹក​ទឹក​ផ្លែ​ឈើ​ដែល​មាន​សារធាតុ​ស្ករ​ច្រើន​ឡើង​ៗ​ពេល​នោះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ឡើង​ភ្លាម​ៗ​ដែរ ធ្វើឲ្យ​យើង​ឆាប់​ឆ្អែត។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​នៅ​ពេល​រាងកាយ​ប្រើ​ជាតិ​ស្ករ​ក្នុង​ឈាម​អស់​ហើយ ពេល​នោះ​កម្រិត​ជាតិ​ស្ករ​ក៏​នឹង​ថយ​ចុះ​យ៉ាង​ឆាប់រហ័ស ជាហេតុ​ធ្វើឲ្យ​យើង​ឃ្លាន​ខ្លាំង បាយ​១​ចាន ២​ចាន​ស្ទើរតែ​ទប់​មិន​ជាប់ ហើយ​ទី​​បំផុត​ភាព​ធាត់​ក៏​កើន​មួយ​ជា​ពីរ។

៣- ទុកចិត្ត​ម្ហូប​គ្រប់​មុខ​ដែល​ចម្អិន​ពី​ត្រី

ត្រី​អាច​មាន​អូមេហ្កា ៣ ដែល​ជួយ​រំលាយ​ជាតិ​ខ្លាញ់ ប៉ុន្តែ​វា​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ស្ត្រី​ដែល​កំពុង​តែ​សម្រក​ទម្ងន់​ប៉ុន្មាន​ទេ ពីព្រោះ​អាហារ​ដែល​ចម្អិន​ពី​ត្រី​ច្រើន​តែ​គេច​មិន​ផុត​ពី​ការ​ចៀន​ឡើយ។ បើ​ជា​បឺហ្គឺរ​សាច់ត្រី គេ​ដាក់​ទឹក​ម៉ាយ៉ូណែស (Mayonnaise) ទាល់តែ​សើម​ជោគ។ ដូច្នេះ​មុន​នឹង​ញ៉ាំ​ត្រី មិន​ត្រូវ​ភ្លេច​គណនា​រក​បរិមាណ​កាឡូរី​ផង ពីព្រោះ​ត្រី​មួយ​ចាន​ខ្លះ​អាច​មាន​កាឡូរី​ខ្ពស់​ជាង​មាន់​អាំង​ដ៏​ឆ្ងាញ់​ពិសា​របស់​យើង​ទៅ​ទៀត។

៤- អាហារ​ខ្លាញ់​ទាប​គឺ​មិត្ត​ល្អ

អាហារ​ខ្លាញ់​ទាប​ភាគច្រើន​មាន​រសជាតិ​សាប ដូច្នេះ​ហើយ​បាន​ជា​អ្នក​ចម្អិន​ច្រើន​ថែម​ស្ករ​ចូល​ធ្វើឲ្យ​ទម្ងន់​ទទួល​កាឡូរី​បន្ថែម​យ៉ាង​ច្រើន​ទៀត។ ដូច្នេះ​បើ​ចង់​ផ្ញើ​ក្ដី​សង្ឃឹម​ទៅ​លើ​អាហារ​ខ្លាញ់​ទាប ស្ត្រី​ទាំង​ឡាយ​ត្រូវ​អាន​ស្លាក​ណែនាំ​ឲ្យ​បាន​ច្បាស់ ដើម្បី​ត្រួត​ពិនិត្យ​បរិមាណ​ស្ករ និង​កាឡូរី​ផង។

៥- ទុកចិត្ត​អាហារ​បន្លែ

ពាក្យ​ថា​បន្លែ​មួយ​ម៉ាត់​មិនមែន​មាន​កាឡូរី​ទាប​នោះ​ទេ ពីព្រោះ​អាហារ​បន្លែ​ភាគច្រើន មាន​ខ្លាញ់​ពេញ​ចាន ដូចជា​ឆា​បន្លែ​ជា​ដើម ពេលញ៉ាំ​ទៅ​ភាព​ធាត់​ក៏​មក​សួរ​សុខ​ទុក្ខ។ ដូច្នេះ​បើ​ចង់​ញ៉ាំ​បន្លែ​ត្រូវ​ចូល​ផ្ទះបាយ​ធ្វើ​ដោយ​ខ្លួនឯង ឬ​ក៏​ប្រាប់​ទៅ​អ្នក​ធ្វើការ​នៅ​តាម​ហាង​ឲ្យ​ដាក់​ខ្លាញ់​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

៦- គោលដៅ​ហួស​ជើង​មេឃ

មុន​នឹង​យើង​តាំងចិត្ត​សម្រក​ទម្ងន់ ស្ត្រី​ទាំងឡាយ​គួរតែ​ទទួល​ស្គាល់​ថា តើ​ទ្រាំ​​សម្រក​ទម្ងន់​បាន​ដែរឬ​ទេ? អ្នក​ខ្លះ​កំណត់​ក្នុង​ចិត្ត​ថា នឹង​សម្រក​ទម្ងន់​ឲ្យ​បាន​មួយ​សប្ដាហ៍ ២ គីឡូក្រាម ដែល​អាច​ធ្វើ​បាន​នៅ​សប្ដាហ៍​ដំបូង។ ប៉ុន្តែ​សប្ដាហ៍​ទី​ពីរ​មិន​គ្រាន់តែ​ទ្រាំ​មិន​បាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ញ៉ាំ​ច្រើន​ជាង​មុន​ទៅ​ទៀត។

៧- អត់​ញ៉ាំ​របស់​ផ្អែម

ទោះបីជា​របស់​ផ្អែម​ធ្វើឲ្យ​ធាត់​ក្ដី ប៉ុន្តែ​ការ​តម​មិន​ញ៉ាំ​ចំណី​ផ្អែម​សោះ​ក៏​មិនមែន​ជា​វិធី​សម្រក​ទម្ងន់​ដ៏​ល្អ​នោះ​ដែរ ពីព្រោះ​វា​នឹង​ធ្វើឲ្យ​រាងកាយ និង​បេះដូង​យើង​ដង្ហោយ​រកតែ​នំខេក ទឹកក្រូច​រហូត​នៅ​ពេល​ណា​ដែល​យើង​បាន​ហូប​នំ​ផ្អែម​ៗ ត្រឹម​តែ​មួយ​ចំណិត នោះ​យើង​នឹង​ភ្លេច​ចំណី​ផ្សេង​គ្រប់យ៉ាង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ