សុខភាព

អាមេរិក​ហាមមិនឲ្យពល​រដ្ឋខ្លួនប្រើទឹកលាងដៃទាំង៩នេះ ព្រោះ​អាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន

BY
Khmernote Media
June 24, 2020

យោងតាមប្រភពព័ត៌មាន cbsnews បានឲ្យដឹងថា រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​សហរដ្ឋអាមេរិក (FDA) បាន​ព្រមាន​ពល​រដ្ឋមិន​ឲ្យ​ប្រើប្រាស់​ផលិតផល​ទឹក​លាង​សម្អាត​ដៃ​របស់​ក្រុមហ៊ុន​ម៉ិចស៊ីកូមួយ ដោយថា​ទឹក​លាង​ដៃ​នោះ​មាន​សារធាតុ​ពុល​មេតាណុល (Methanol) ដែល​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ចូល​ទៅ​ក្នុង​ស្បែក ឬ​ពេល​លេប​ចូលក្នុងពោះ​។

យោងតាម​សេចក្តីថ្លែងការណ៍​របស់ FDA ចេញ​ផ្សាយ​កាលពីថ្ងៃទី​១៩ ខែ​មិថុនា ការ​ព្រមាន​នេះ​អនុវត្ត​ចំពោះ​ផលិតផល​ ៩​របស់​ក្រុមហ៊ុន Eskbiochem ​មាន​ឈ្មោះ​ថា ទឹក​លាង​ដៃ All-clean ទឹកលាងដៃ Esk Biochem ទឹកលាងដៃ Cleancare Nogerm ទឹកលាងដៃ Lavar 70 ទឹកលាងដៃ The Good Gel Antibacterial ទឹកលាងដៃ Saniderm ទឹកលាងដៃ CleanCare NoGerm បីប្រភេទ​ផ្សេងទៀត។ គេ​រកឃើញ​មាន​មេតាណុល​ក្នុង​សំណាក​ដែល​យក​ពី​ផលិតផល​ជា​ច្រើន​របស់​ក្រុមហ៊ុន។

ការ​ប៉ះពាល់​នឹង​មេតាណុល​អាច​បង្ក​ឲ្យ​មាន​អាការៈ​ចង្អោរ ក្អួត ឈឺក្បាល ស្រវាំងភ្នែក ពិការ​ភ្នែក ប្រកាច់ សន្លប់ ការខូចខាត​ទៅ​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ ឬ​អាច​ស្លាប់​បាន​។ អ្នកប្រើប្រាស់​មាន​ហានិភ័យ​ពុល​មេតាណុល​ប្រសិនជា​ពួកគេ​ប្រើ​សារធាតុ​នេះ​នៅ​លើ​ដៃ​របស់​ពួកគេ ប៉ុន្តែ​ហានិភ័យ​នេះ​កាន់តែ​ខ្ពស់​នៅ​ពេល​មនុស្ស​លេប​មេតាណុល​ចូល​ដោយ​ចៃដន្យ (ពេលកូនក្មេង​ផឹកមេតាណុល) ឬ​ដោយចេតនាណាមួយ​ (​ក្នុងករណី​មនុស្ស​ពេញវ័យ​ផឹក​ជំនួស​គ្រឿងស្រវឹង)។

FDA បញ្ជាក់ថា​អ្នក​មាន​ផលិតផល​ទាំង​នេះ​គួរ​ឈប់​ប្រើ​ ហើយ​សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ផលិតផលនេះ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​កម្ចាត់​ឥទ្ធិពល​ជាតិ​ពុល​របស់​មេតាណុល។ ភ្នាក់ងារ​របស់ FDA បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន Eskbiochem យក​ផលិតផល​របស់​ខ្លួន​ចេញ​ពី​ទីផ្សារ ប៉ុន្តែ​ខាងក្រុមហ៊ុន​នៅ​មិន​ទាន់​មាន​សកម្មភាព​អ្វី​ទេ។ មកទល់​ពេល​នេះ​ FDA មិន​ទាន់​ទទួល​បាន​របាយការណ៍​ថា​មាន​ជំងឺ​ទាក់ទង​នឹង​ផលិតផល​នេះនៅឡើយ​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: