ធ្លាប់តែឭ ឫសដូងបាត តែជំងឺឫសដូងច្រមុះយ៉ាងម៉េចវិញ?
- June 26, 2020
ឫសដូងបាត គឺជាជំងឺម្យ៉ាងដែលមនុស្សភាគច្រើនធ្លាប់ឭ និងធ្លាប់ស្គាល់ តែជំងឺឫសដូងមិនមែនកើតបានតែមួយកន្លែងប៉ុណ្ណោះទេ។ ជំងឺឫសដូងនេះ ក៏អាចកើតនៅលើច្រមុះបានដែរ ហើយចុះឫសដូងច្រមុះហ្នឹងមានសភាពយ៉ាងណាវិញ?
អ្វីទៅជាជំងឺឫសដូងច្រមុះ?
លោកវេជ្ជបណ្ឌិត ចាន់ រស្មី បានឲ្យដឹងថា ជំងឺឫសដូងច្រមុះ គឺជាការដុះសាច់ក្នុងច្រមុះមួយប្រភេទ ដែលអាចកើតឡើងបានដោយសារការរលាករ៉ាំរ៉ៃ ឬអាចដោយសារមេរោគផ្សិត ឬអាលែកហ្ស៊ីជាដើម។
តើជំងឺឫសដូងច្រមុះបង្កឡើងដោយអី?
ទាក់ទងអ្វីដែលបណ្ដាលឲ្យកើតជំងឺឫសដូងច្រមុះនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ តែវាអាចបង្កមកពីការរលាកច្រមុះរ៉ាំរ៉ៃដោយសារអាលែកហ្ស៊ី និងដោយសារមេរោគបង្កមួយចំនួនតែប៉ុណ្ណោះ។ ជំងឺឫសដូងច្រមុះ ភាគច្រើនមានការរួមផ្សំគ្នាជាមួយជំងឺដទៃទៀតដូចជា ជំងឺហឺតជាដើម។ ចំពោះក្មេង ជំងឺឫសដូងច្រមុះអាចរួមផ្សំជាមួយពួកជំងឺស៊ីស្ទីកហ្វាយប្រូស៊ីស (Cystic fibrosis) ជាប្រភេទជំងឺដែលមានជួបតែនៅលើក្មេងតែប៉ុណ្ណោះ។ ក្នុងករណីដែលអ្នកជំងឺមានបញ្ហាឫសដូងច្រមុះ វានឹងចេញរោគសញ្ញាដូចជា៖
– តឹងច្រមុះ
- ហិតមិនដឹងខ្លិន
- ហូរទឹកសម្បោរ
- មានដុះសាច់ពណ៌ស ឬពណ៌ប្រផេះ។
ប្រសិនជំងឺស្ថិតនៅកម្រិតស្រាល អាចប្រើថ្នាំដើម្បីព្យាបាល តែត្រូវប្រយ័ត្នចំពោះអ្នកជំងឺដែលមានជំងឺរលាកក្រពះ ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមជាដើម។ ជំងឺឫសដូងច្រមុះភាគច្រើនព្យាបាលជាសះស្បើយ ហើយអាចមានការរើឡើងវិញ ដោយសារសាច់ឫសដូងអាចដុះមកវិញនៅថ្ងៃណាមួយ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ជំងឺប្រភេទនេះ ពេលធ្វើការព្យាបាល ទាមទារឲ្យអ្នកជំងឺតាមដានជាដំណាក់កាល ដើម្បីជួយបន្ថយការរើឡើងវិញ ឬការដុះមកវិញនូវសាច់ឫសដូង។ វានៅតែអាចដុះមកវិញទៀត គ្រាន់តែថាបើអ្នកជំងឺតាមដាន និងប្រើថ្នាំមួយចំនួន ដើម្បីជួយទប់ស្កាត់នោះ វាអាចពន្យារការរើឡើងវិញបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: