លេចលឺព័ត៌មានថា iPhone 12 អាចនឹងមិនដាក់ឆ្នាំងសាកមកស្រាប់នៅក្នុងប្រអប់ឡើយ
បច្ចេកវិទ្យា June 29, 2020 lyda

ជាធម្មតានៅពេលដែលលោកទិញទូរស័ព្ទ iPhone ថ្មីមួយគ្រឿងនៅក្នុងប្រអប់ទូរស័ព្ទនោះនឹងមានបញ្ចូលនូវសម្ភារៈមួយចំនួនបន្ថែមទៀតដូចជា ដុំសម្រាប់សាកថ្ម ឌុយសម្រាប់សាកថ្ម និងកាសជាដើម។ យ៉ាងណាក្តីបើតាមសារព័ត៌មាន gadgetmatch បានចុះផ្សាយនូវអត្ថបទវិភាគមួយដែលក្រុមអ្នកជំនាញផ្នែកបច្ចេកវិទ្យាបានព្យាករណ៍ថា សម្រាប់ទូរស័ព្ទ iPhone 12 ក្រុមហ៊ុន Apple នឹងមិនដាក់ឆ្នាំងសាក មកស្រាប់ក្នុងប្រអប់ឡើយ គឺ Apple អាចនឹងធ្វើការបែកចែក ទូរស័ព្ទ ឆ្នាំងសាក ខ្សែសាកថ្ម និងកាស ជាជម្រើសនៃការទិញក្នុងប្រអប់ផ្សេងៗដាច់ពីគ្នា។

តាមរយៈការបែងចែកដូចនេះវានឹងផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់អតិថិជន ព្រោះបើពួកគេមិនត្រូវការកាស ឬក៏មានកាស ឌុយសាកថ្ម និងដុំសាកថ្មស្រាប់ពីទូរស័ព្ទចាស់ ពួកគេ អាចទិញត្រឹមតែទូរស័ព្ទឬសម្ភារៈចាំបាច់ណាមួយដែលពួកគេត្រូវការបាន។

ការបែកចែកដូចនេះត្រូវបានគេមើលឃើញថា អាចជួយសន្សំសំចៃប្រាក់អតិថិជនបានមួយចំនួន ហើយសម្រាប់អ្នកដែលមានលុយត្រឹមតែទិញទូរស័ព្ទនិងសម្រាប់បញ្ចូលថ្មក៏អាចក្លាយជាម្ចាស់ទូរស័ព្ទ iPhone 12 បានផងដែរ។ ប្រភពខាងលើបានបន្តថា សម្រាប់កម្លាំងថ្មវិញ iPhone 12 អាចនឹងមានកម្លាំងថ្មរហូតដល់ ២០ វ៉ាត់ ខណៈទូរស័ព្ទស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Apple បំពាក់ថ្មមានកម្លាំងត្រឹមតែ ១៨ វ៉ាត់ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ gadgetmatch