សុខភាព

ជំងឺផ្ដាសាយជ្រូកថ្មីនៅ​ចិន មានលក្ខណៈស្រដៀងវីរុសផ្ដាសាយរាតត្បាតខ្លាំងកាល​ឆ្នាំ ១៩១៨​

BY
Khmernote Media
July 2, 2020

មន្ត្រី​សុខាភិបាល​សហរដ្ឋអាមេរិក​កំពុង​តាម​ដាន​មើល​ជំងឺ​ផ្ដាសាយ​ជ្រូក​ថ្មី​ដែល​គេ​រក​ឃើញ​នៅ​លើ​សត្វជ្រូក​នៅ​ប្រទេស​ចិន​ដែល​​មានលក្ខណៈដូចទៅ​នឹង ​វីរុស H1N1 ដែល​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ ២០០៩ និង​ជំងឺ​ផ្ដាសាយ​រាតត្បាត​កាល​ពី​ឆ្នាំ ១៩១៨ នេះ​បើ​យោង​តាម​លោក​វេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សា​វីរុស​កូរ៉ូណា​សហរដ្ឋអាមេរិក។

វីរុស​ផ្ដាសាយ​ជ្រូក​ថ្មី​ដែល​អ្នក​វិទ្យាសាស្ត្រ​ដាក់​ឈ្មោះ​ថា G4 EA H1N1 នៅ​មិន​ទាន់​មាន​ការ​ឆ្លង​មក​កាន់​មនុស្ស​ទេ ប៉ុន្តែ​វីរុស​មានលទ្ធភាព​​ឆ្លង​មក​មនុស្ស​បាន​ ហើយ​ក៏​​​អាចបង្កជា​ជំងឺ​រាតត្បាត​បាន ដោយសារ​​​មាន​ការ​ប្រែប្រួល​ហ្សែន។ គេ​រក​ឃើញ​វីរុស​ថ្មីនេះ​ មាន​លក្ខណៈ​ដូច​ទៅ​នឹង​វីរុស H1N1 និង​មាន​លក្ខណៈ​ខ្លះ​ដូច​វីរុស​ផ្ដាសាយ​កើត​កាល​ពីឆ្នាំ ១៩១៨ ដែល​រាល់​វីរុស​ផ្ដាសាយទាំង​អស់​គឺ​សុទ្ធ​តែមាន​សេស​សល់លក្ខណៈ​ខ្លះ​របស់​វីរុស​ចាស់​នេះ រួម​ទាំង​បំណែក​​ផ្សេង​ទៀត​ពី​ភ្នាក់ងារ​ផ្ទុក​វីរុស​ដូចជា​សត្វ​ជ្រូក​ជាដើម។

ជំងឺផ្ដាសាយ​ជ្រូក​ H1N1 និង​ជំងឺ​ផ្ដាសាយ​ឆ្នាំ ១៩១៨ សុទ្ធតែ​ជា​ជំងឺ​រាតត្បាត​ដែល​គួរ​ឲ្យ​ខ្លាច។ ជំងឺ​ផ្ដាសាយ​ជ្រូក H1N1 កើត​មាន​ឆ្លងលើក​ដំបូង​នៅ​ប្រទេស​ម៉ិកស៊ីកូ​នៅ​ខែ​មេសា ឆ្នាំ​ ២០០៩ ដែល​មាន​អ្នក​ឆ្លង​យ៉ាង​តិច​៧០០ លាន​នាក់​ទូទាំង​ពិភពលោក និង​មាន​អ្នក​ស្លាប់​ចន្លោះ​ពី ១៥១ ៥០០ ទៅ​៥៧៥ ៤០០ នាក់។ បច្ចុប្បន្ន​គេ​ចាត់​ទុក​ជំងឺ​នេះ​គឺ​ជា​ប្រភេទ​មួយ​នៃ​ជំងឺ​ផ្ដាសាយ​តាម​រដូវ។

ចំណែកឯ​ជំងឺ​ផ្ដាសាយកើត​កាល​​ឆ្នាំ​ ១៩១៨ បាន​សម្លាប់​មនុស្ស​ចន្លោះ ៣០ ទៅ​ ៥០ ​លាន​នាក់។ អ្នកវិទ្យាសាស្ត្រ​ក៏​បាន​លើក​ឡើង​ថា​វីរុស​ផ្ដាសាយ​ជ្រូក​ថ្មី​ដែល​ឆ្លង​ក្នុង​កសិដ្ឋាន​ជ្រូក​នៅ​ប្រទេស​ចិន​គឺ​មាន​លក្ខណៈ​អាច​ក្លាយ​ជា​ជំងឺ​រាតត្បាត​បាន។

លោក Fauci បាន​បន្ត​ទៀត​ថា​ជំងឺនេះ​​អាចផ្ទុះ​ឡើងជាជំងឺ​ផ្ដាសាយ​ជ្រូក​ប្រភេទ​ថ្មី​ ដូច​ដែល​ធ្លាប់​មាន​កាល​ពី​ឆ្នាំ​២០០៩។ ​លោក​បន្តថា​ទោះបី​ជា​​ពេលនេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​តាមដាន​ និង​មិន​ទាន់​ក្លាយ​ជា​ការ​គំរាមកំហែង​ក៏​ដោយ ប៉ុន្តែ​​នេះ​ជា​អ្វី​ដែល​ត្រូវ​បន្ត​យកចិត្តទុកដាក់​ដូច​ដែល​បាន​ធ្វើ​ពេល​ផ្ទុះ​ជំងឺ​ផ្ដាសាយ​ជ្រូក​កាល​ពី​ឆ្នាំ​២០០៩។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share This Post: