ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់បុកមនុស្សស្លាប់២នាក់ នៅផ្លូវ៦០ម៉ែត្រ!

BY
Khmernote Media
January 10, 2020

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ ម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ដល់ទៅ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ បុរសដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឆេង គីមលី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នៅពេលសួរចម្លើយ ម្ចាស់រថយ​ន្តរូបនេះ បានប្រាប់ថា ខ្លួនមិនបានបើករថយន្តនោះទេ គឺជាពូរបស់ខ្លួន ដែលបានបើកកាលពីព្រឹកមិញ។ បច្ចុប្បន្នបុរសខាងលើត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីត្រៀមបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី។

សូមបញ្ជាក់ថាមានករណីរថយន្ដស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 បានបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សស្លាប់២នាក់ ហើយបើករត់គេចខ្លួនបាត់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនកើតហេតុគេឃើញ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IC-4551 ឌុបក្មេងស្រី និងដឹកនំប៉័ងធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ហើយបានឡើងវ៉ា ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះមានរថយន្តហាយប្រ៊ីត មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-0035 កំពុងបើកបរបញ្ច្រាសទិសគ្នា ជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង។ ចំណែកអ្នកជិះម៉ូតូចំនួន២នាក់ ត្រូវកិន និងអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗ ៕

Share This Post: