ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្ទេរសមត្ថកិច្ចផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ទៅឱ្យអធិការក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់វិញ

BY
srey nuch
July 2, 2020

ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការកក់ស្ទះសេវា​មូលដ្ឋាន​ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាបានសម្រេច​ចេញ​ប្រកាសផ្ទេរសមត្ថកិច្ចផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារទៅឱ្យអធិការ និង​ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ នៅតាមមូលដ្ឋានជាអ្នកទទួលបន្ទុកវិញ ខណៈដែលពីមុនមក​ការ​ងារនេះគឺស្ថិតនៅក្រោមអធិការរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងស្នងការនគរបាលរាជធានី ខេត្ត ជាអ្នកទទួលបន្ទុក។

ក្នុងប្រកាសចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយ​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា អ្វីដែលក្រសួងសម្រេចបែបនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះ​បញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារជូនប្រជាជនដែលមានលំនៅឋាននៅកម្ពុជា។ សម្ដេចក្រឡា​ហោមបានបន្ដថា តាមរយៈប្រកាសនេះ ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មានសិទ្ធិពិនិត្យ និង​សម្រេច​ផ្តល់សៀវភៅស្នាក់នៅទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅការប្រែ​ប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុង​បញ្ជីស្នាក់​នៅស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់ ។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ក៏បានសម្រេចផ្ទេរសមត្ថកិច្ចពីស្នងការនគរបាលរាជធានី ខេត្ត ទៅអធិការ​នគរ​បាលក្រុង ស្រុក ខណ្ឌ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅគ្រួសារ ទុតិយតាសៀវ​ភៅ​គ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែតម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារស្រប​តាម​លិខិតបទដ្ឋានគតិយុត្តកំណត់ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: