ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងប្រៃសណីយ៍ និងធនាគារជាតិនៃកម្ពុជា បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

    BY Naren June 17, 2026
    ក្រសួងប្រៃសណីយ៍ និងធនាគារជាតិនៃកម្ពុជា បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានសហការរៀបចំ ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់ អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិកនៃស្ថាប័នទាំងពីរ តំណាងក្រសួង-ស្ថាប័ន អ្នកសារព័ត៌មាន អ្នកផលិតមាតិកា បុគ្គលមានប្រជាប្រិយភាព និងភាគីពាក់ព័ន្ធសរុបជាង ៤០០រូប។ យុទ្ធនាការនេះ មានគោលបំណងការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការលុបបំបាត់ ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ និងកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ។

    តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតក្នុងកម្មវិធី SIM Verifier Mini App ដែលមាននៅក្នុងថ្នាលសេវាឌីជីថលរួម DG Super App ដែលបានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ គំនិតផ្តួចផ្តើមនេះ ក៏នឹងរួមចំណែកក្នុងការជំរុញការធ្វើបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យទូរគមនាគមន៍ និងវិស័យធនាគារ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ច ​និងសង្គមឌីជីថលនៅកម្ពុជា។

    លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា យុទ្ធនាការដែលយើងកំពុងប្រកាសបើកនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ អ្នកប្រើប្រាស់ស៊ីមកាតទូទៅ ពីព្រោះថា លេខទូរសព្ទរបស់ លោក លោកស្រី និងអ្នកប្រើប្រាស់ទូទៅ គឺសុទ្ធសឹងតែភ្ជាប់ជាមួយគណនីធនាគារ កាបូបលុយឌីជីថល (Wallet) ការផ្ទេរប្រាក់ បណ្តាញសង្គមដូចជា Telegram, Facebook, Tik Tok សេវាសាធារណៈ និងឯកជន និងកិច្ចការផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

    លោករដ្ឋមន្ត្រីប្រៃសណីយ៍បានថ្លែងបន្តថា យុទ្ធនាការថ្ងៃនេះ មិនមែនជាការងារបច្ចេកទេសដាច់ដោយឡែករបស់ក្រសួង ស្ថាប័នណាមួយនោះឡើយ ប៉ុន្តែនេះគឺជាការប្តេជ្ញាចិត្តរួមគ្នា ដើម្បីកសាងទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋក្នុង ការប្រើប្រាស់សេវាឌីជីថលជាផ្លូវការ ហើយក៏បានបង្ហាញយ៉ាងច្បាស់ អំពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រសួង ស្ថាប័នទាំងពីរ ក្នុងការសម្រេចឱ្យបាននូវសមិទ្ធផលពិតប្រាកដមួយ ឆ្លើយតបទៅនឹងអាទិភាពគន្លឹះទី៥ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក «បច្ចេកវិទ្យា» ជាពិសេសបច្ចេកវិទ្យាឌីជីថល ជាអាទិភាពថ្មីមួយបន្ថែមលើអាទិភាពទាំង ៤ រួមមាន «មនុស្ស ផ្លូវ ទឹក ភ្លើង» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

    ការរីកចម្រើនយ៉ាងគំហុកនៃប្រព័ន្ធទូទាត់ឌីជីថល និងការប្រើប្រាស់ទូរសព្ទចល័តនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្តល់ផលចំណេញយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែស្របពេលជាមួយគ្នានេះ ក៏បាននាំមកនូវបញ្ហាប្រឈមថ្មីៗផ្នែកសន្តិសុខសាយប័រ និងបទល្មើសបច្ចេកវិទ្យា ដូចជាការឆបោកក្នុងស្រុក តាមប្រព័ន្ធអនឡាញ ការលួចបន្លំអត្តសញ្ញាណ និងការបង្កើតគណនីធនាគារក្លែងក្លាយ ដោយប្រើប្រាស់ស៊ីមកាត ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ជាដើម ដែលជាហេតុធ្វើឱ្យធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវតែដាក់ចេញវិធានការរួមគ្នា ឱ្យបានម៉ឺងម៉ាត់ មុតស្រួច និងទាន់ពេលវេលា ដើម្បីការពារទ្រព្យសម្បត្តិនិង សុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ។

    លោក ជា វ៉ាន់ដេត បានគូសរំលេចបន្ថែមទៀតថា ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹងអត្តសញ្ញាណគណនីធនាគារ ឬគណនីទូទាត់សងប្រាក់ គឺជារបាំងការពារដ៏រឹងមាំមួយសម្រាប់អ្នកប្រើប្រាស់ ក្នុងការកាត់ផ្តាច់ឫសគល់នៃឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗនៅក្នុងស្រុក។ កាលណាគណនីធនាគារ និងស៊ីមកាតត្រូវបានផ្ទៀងផ្ទាត់ថា ជារបស់បុគ្គលតែមួយពិតប្រាកដ និងស្របច្បាប់នោះ ជនខិលខូចមិនអាចយកប្រព័ន្ធទូរគមនាគមន៍ ទៅធ្វើជាឧបករណ៍បោកប្រាស់ ឬជាមធ្យោបាយក្នុងការទទួលផល នៃការសម្អាតប្រាក់បានឡើយ។

    ដោយឡែកលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា «ការបើកយុទ្ធនាការផ្ទៀងផ្ទាត់ អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនី ទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់នាថ្ងៃនេះ ធ្វើឡើងដើម្បីបើកទំព័រជាផ្លូវការ និងផ្សព្វផ្សាយជាសាធារណៈដល់អ្នកប្រើប្រាស់ ឱ្យបានជ្រួតជ្រាបអំពីយន្តការផ្ទៀងផ្ទាត់ខាងលើ ព្រមទាំងជំរុញនិងលើកទឹកចិត្ត ឱ្យមានការចូលរួមអនុវត្តយន្តការខាងលើ ឱ្យបានកាន់តែទូលំទូលាយ»។

    លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមថា «ការបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរសព្ទ និងស៊ីមកាតរបស់អ្នកប្រើប្រាស់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ដូចជាកូដ OTP និងគណនីរបស់អ្នកប្រើប្រាស់ ព្រមទាំងជួយទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសង្គមផងដែរ»។

    លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានទទូចឱ្យក្រុមការងារបច្ចេកទេស ប្រតិបត្តិករទូរសព្ទចល័ត និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត សហការគ្នាជំរុញយុទ្ធនាការនេះ ឱ្យបានទូលំទូលាយ និងត្រៀមដោះស្រាយរាល់បញ្ហាដែលអាចកើតមាន ព្រមទាំងរៀបចំសេវាផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតដោយផ្ទាល់ដល់ទីកន្លែង ដូចជានៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន រោងចក្រ សហគ្រាស និងទីប្រជុំជនជាដើម ដើម្បីអនុវត្តយុទ្ធនាការនេះឱ្យបានដោយជោគជ័យ។

    ទន្ទឹមនឹងនេះ លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានសំណូមពរដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងបុគ្គលមានប្រជាប្រិយភាព សូមជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត អំពីយុទ្ធនាការផ្ទៀងផ្ទាត់ អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ ក៏ដូចជាជួយផលិតមាតិកាច្នៃប្រឌិតជាវីដេអូខ្លីៗ ឬសារអប់រំ ដែលងាយយល់ ងាយចាំ ដើម្បីពន្យល់ប្រជាពលរដ្ឋអំពីវិធីសាស្ត្រផ្ទៀងផ្ទាត់ និងសារៈសំខាន់ដ៏ធំធេងនៃការការពារខ្លួនពីក្រុមបោកប្រាស់។ ការផ្ទៀងផ្ទាត់លេខទូរសព្ទអ្នក បញ្ជាក់សុវត្ថិភាពផ្ទាល់ខ្លួន។

    សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តសហការអភិវឌ្ឍ និងតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងៗបន្ថែមទៀត ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម ឌីជីថលក្នុងវិស័យធនាគារ និងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ឱ្យបានកាន់តែលឿន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ពិធីនេះត្រូវបានរៀបចំឡើង បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបង្កើតជាក្របខ័ណ្ឌជាក់លាក់ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នាលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាបន្ន ព្រមទាំងដើម្បីរួមចំណែកការពារផលប្រយោជន៍អតិថិជន ក្នុងការប្រើប្រាស់សេវាទូទាត់សងប្រាក់ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព និងប្រសិទ្ធភាព៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay