រយៈពេល៦ថ្ងៃសមត្ថកិច្ចចម្រុះរាជធានី ភ្នំពេញ ត្រួតពិនិត្យឃ្លាំងតូចធំ១៣១ទីតាំង បិទបណ្តោះអាសន្នចំនួន១៥ទីតាំង និងនាំខ្លួន១៦នាក់
រាជធានី ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៦ ខែ ខែមិថុនាបាន អះអាង ថា គិតពីថ្ងៃទី១០ដល់ថ្ងៃទី១៥ ខែមិថុនា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យឃ្លាំងតូច ធំសរុបចំនួន ១៣១ទីតាំង បានរកឃើញ និងបិទបណ្តោះអាសន្ន ឃ្លាំងទំនិញមានស្តុកផលិតផលបង្កក និងទំនិញដែលនាំចូលខុសច្បាប់ពីប្រទេសថៃចំនួន ១៥ ទីតាំងព្រមទាំងបាននាំខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន ១៦នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ លោក ស្រី បន្ត ថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។

លោកស្រីបានបន្តថា តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន ២ ក្នុងខណ្ឌសែនសុខ និងខណ្ឌកំបូលដែលជាប់សង្ស័យក្នុងករណីនេះ រួមមាន៖
១. ឃ្លាំងស្តុកគ្រឿងឧបភោគ-បរិភោគ របស់ក្រុមហ៊ុន បេក ឃើរស្មីត ឯ.ក ស្ថិតនៅផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ មានចំនួន០២ទូរគឺ៖ ទូរកក និងទូរស្ងួត ដោយក្រុមការងារចម្រុះបានរកឃើញមានទំនិញក្នុងទូរកក មានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចំនួន ០២គឺ ប្រទេសចិន និងប្រទេសវៀតណាម។ ដោយឡែកក្នុងទូរស្ងួត ក្រុមការងារបានរកឃើញទំនិញចម្រុះនាំចូលពីប្រទេសថៃ ដែលគ្មានឯកសារបញ្ជាក់ត្រឹមត្រូវសរុបចំនួន ៩១ប្រភេទ។ ដោយទទួលបានការសម្របសម្រួល នីតិវិធីផ្លូវច្បាប់ ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារចម្រុះបានសម្រេចបិទឃ្លុំទូរស្ងួត ដែលស្តុកទំនិញចម្រុះរបស់ប្រទេសថៃជាបណ្ដោះអាសន្ន និងបានបញ្ជូនតំណាងម្ចាស់ទីតាំង ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តតាមនីតិវិធី។
២. ទីតាំងដេប៉ូចែកចាយឈ្មោះ រិន សុខា មានទីតាំងនៅផ្លូវរទេះភ្លើង ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ពេលចុះពិនិត្យដល់បន្ទប់វេចខ្ចប់ ក្រុមការងាររកបានពិនិត្យឃើញមានការវេចខ្ចប់ប៊ីចេងយីហោម៉ាក “មេចុងភៅ” ដែលមានអក្សរថៃនៅលើសម្រកបាវ ដូចខាងក្រោម៖
– Chef 55 MONOSODIUM GLUTAMATE
MFG DATE: JAN.28.2026
EXP DATE: JAN.27.2029 មានចំនួន ០៨បេ
– Chef 55 MONOSODIUM GLUTAMATE
MFG DATE: 03.15.2026
EXP DATE: 03.14.2029 មានចំនួន ១៥បេ
ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងសាលារាជធានីភ្នំពេញ ក្រុមការងារចម្រុះ បានសម្រេចបិទឃ្លុំទីតាំងបន្ទប់វេចខ្ចប់ប៊ីចេងនេះ នៅវេលាម៉ោង១៧:៥០នាទី និងរង់ចាំក្រុមការងារជំនាញបច្ចេកទេសមកពិនិត្យនៅថ្ងៃនេះបន្តទៀត។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ គិតពីថ្ងៃទី១០ដល់១៥ ខែមិថុនា នេះក្រុមការងារចម្រុះបានចុះត្រួតពិនិត្យឃ្លាំងតូច ធំសរុបចំនួន ១៣១ទីតាំង បានរកឃើញ និងបិទបណ្តោះអាសន្ន ឃ្លាំងទំនិញមានស្តុកផលិតផលបង្កក និងទំនិញដែលនាំចូលខុសច្បាប់ពីប្រទេសថៃចំនួន ១៥ ព្រមទាំងបាននាំខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន ១៦នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕







ប្រភព វិទ្យុជាតិកម្ពុជា