ជំងឺកូវីដ១៩ នៅទូទាំងពិភពលោកមានល្បឿនឆ្លងកាន់តែលឿនជាងមុន ដោយពេលនេះបានចម្លងដល់មនុស្សជិត ១១ លាននាក់ហើយ
រយៈពេលជាង ៦ខែ កន្លងមកនេះជំងឺ COVID-19 នៅតែមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដោយសារតែករណីឆ្លងនៅតែមានការកើនឡើងខ្ពស់ ពោលគឺខ្ពស់ជាងពេលផ្ទុះឡើងដំបូងទៅទៀត ដោយមានពេលខ្លះក្នុងមួយថ្ងៃអាចមានអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅជិត ២០០,០០០នាក់។ ឥឡូវនេះការឆ្លងសរុបនៅទូទាំងពិភពលោកក៏ក្បែរនឹង ១១ លាននាក់ ដោយគិតត្រឹមព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០ មានករណីជំងឺឆ្លង COVID-19 ចំនួន ១០,៩៨៤,៧៣៥ នាក់ ខណៈការស្លាប់សរុបមាន ៥២៤,០៣៦ នាក់ ។

ក្នុងចំណោមអ្នកឆ្លងទាំងជិត ១១ មានមនុស្សចំនួន ៦,១៤០,៦៤៩ បានជាសះស្បើយនិងរំសាយចេញ ប៉ុន្តែយ៉ាងណាអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិកនៅតែឈរនៅលើគេគ្រប់តារាង (ឆ្លង/ស្លាប់) ដោយការឆ្លងនៅអាមេរិកមាន ២.៨ លាននាក់ និងស្លាប់សរុប ១៣១,០០០ នាក់ហើយ។ ប្រទេសដែលឆ្លងច្រើនបំផុតទី២ គឺប្រេស៊ីល ជាមួយនឹងករណីឆ្លងសរុប ១.៥ លាននាក់ និងលេខរៀងទី៣ គឺរុស្ស៉ី ដោយមានករណីជាង ៦៦០,០០០ នាក់ និងការស្លាប់ជិត ១០,០០០ នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ Worldometers