ឯកឧត្តម ផៃ ស៊ីផាន បង្ហោះថា រដ្ឋាភិបាលប្រកាសអនុញ្ញាតឲ្យកាស៊ីណូបើកដំណើរការអាជីវកម្មសារជាថ្មីវិញបាន ប៉ុន្តែមានតែល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចជា៖ ទី១- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ទី២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងទី៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញតិ្តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉៕

យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ផៃ ស៊ីផាន បានឲ្យដឹងថា “គោរពជម្រាបជូនប្រិយមិត្ត និងបណ្ដាញសារព័ត៌មាន FBFs កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតដល់កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានតែល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ។ កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩។ អរគុណ”៕

