ប្រសិនបើចង់រស់បានកាន់តែយូរ ចូរព្យាយាមអនុវត្តន៍នូវលំហាត់ប្រាណដ៏ងាយ ប៉ុន្តែចាំបាច់បំផុតមួយនេះ
សុខភាព គឺជាទ្រព្យដ៏មានតម្លៃបំផុតដែលត្រូវបានផ្ដល់ឲ្យពួកយើងតែម្ដងប៉ុណ្ណោះក្នុងមួយជីវិត។ វាជាកាតព្វកិច្ចរបស់យើងក្នុងការថែរក្សាវាតាំងពីវ័យកុមារភាព។ អ្នកថែរក្សា ក៏ដូចជាយកចិត្តទុកដាក់ចំពោះសុខភាពបានល្អប៉ុណ្ណា ការសប្បាយចិត្ត ភាពសកម្មនៃជីវិត ក៏ដូចជាអាយុរបស់អ្នក គឺកាន់តែប្រសើរ និងយូរទៅតាមនោះដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីការធ្វើតេស្តវ័យ ឬអាយុនៃរាងកាយ រួមជាមួយលំហាត់ប្រាណដ៏ងាយមួយដើម្បីជួយឲ្យសុខភាព និងអាយុជីវិតរបស់អ្នកកាន់តែមានភាពប្រសើរឡើង ៖
១. ជាដំបូង ត្រូវធ្វើតេស្តអាយុនៃរាងកាយរបស់អ្នកសិន ៖ ចាប់ផ្ដើមពត់ពែន ឬធ្វើលំហាត់ប្រាណកម្ដៅសាច់ដុំបន្តិចសិន សឹមព្យាយាមអោនប៉ះកម្រាលជាមួយនឹងដៃទាំងសងខាង ដោយទប់ជើង និងខ្នងឲ្យត្រង់។ សម្គាល់មើលថាតើដៃរបស់អ្នកប៉ះដល់ត្រឹមចំណុចណា សឹមងើបត្រង់វិញ។

២. លទ្ធផលនៃការធ្វើតេស្ត
– អាយុពី ២០ ទៅ ២៥ ឆ្នាំ ៖ បាតដៃរបស់អ្នកអាចប៉ះដល់កម្រាល ខណៈដែលជើងទាំងសងខាងត្រង់។

– អាយុពី ២៥ ទៅ ៣៨ ឆ្នាំ ៖ អ្នកអាចប៉ះដល់កម្រាលជាមួយនឹងចុងម្រាម ប៉ុន្តែជង្គង់អង្កញ់ចុះបន្តិច។

– អាយុពី ៣៨ ទៅ ៥០ ឆ្នាំ ៖ ម្រាមដៃរបស់អ្នអាចប៉ះដល់ត្រឹមផ្នែកខាងលើនៃប្រអប់ជើង ជង្គង់ទាំងសងខាង គឺអង្កញ់ ហើយសាច់ដុំមានសភាពតឹង។

– អាយុលើសពី ៥០ ឆ្នាំ ៖ អ្នកមិនអាចអោនប៉ះដល់ប្រអប់ជើងបានឡើយ ហើយនៅពេលដែលព្យាយាមអោនថែមទៀតនោះជង្គង់ទាំងសងខាង គឺអង្កញ់រហូត។

៣. របៀបធ្វើឲ្យការបត់បែនរបស់អ្នកមានភាពប្រសើរឡើងជាងមុន ៖ ប្រសិនបើអ្នកមិនពេញចិត្តជាមួយនឹងលទ្ធផលរបស់អ្នកទេនោះ ចូរកុំទាន់អាលស្លន់ស្លោ ឬបារម្ភពេក។ ព្យាយាមអោនចុះឲ្យបាន ៣០ ដង ក្នុងមួយថ្ងៃ សម្រាប់រយៈពេល ១ ខែ ហើយអ្នកនឹងទទួលបានលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលជាក់ជាមិនខាន។ អ្នកប្រាជ្ញជនជាតិទីបេជាច្រើនបាននិយាយថា អាយុនៃរាងកាយរបស់មនុស្សម្នាក់អាស្រ័យលើស្ថានភាពនៃថ្លើមរបស់គេដែលផ្សារភ្ជាប់ជាមួយនឹងភាពបន់បែន ឬពត់ពែននៃរាងកាយ។ មនុស្សសឹងតែគ្រប់គ្នាដឹងថា របៀបនៃការរស់នៅដោយត្រូវអង្គុយច្រើន គឺមានឥទ្ធិពលអវិជ្ជមានប៉ះពាល់ខ្លាំងចំពោះទាំងសាច់ដុំ និងសរីរាង្គផ្សេងៗ។ ជាមួយនឹងការអោនចុះយ៉ាងហោចណាស់ ៣០ ដង ក្នុងមួយថ្ងៃ គឺធ្វើឲ្យសសៃភ្ជាប់ឆ្អឹងត្រង់សន្លាក់ និងសសៃពួររបស់អ្នកកាន់តែរឹងមាំឡើង។ អ្វីដែលសំខាន់ទៀតនោះ គឺអ្នកអាចធ្វើឲ្យភាពពត់ពែនបញ្ចាក់ពីអាយុនៃរាងកាយរបស់អ្នកមានភាពប្រសើរឡើងបាន មិនថាអ្នកកំពុងស្ថិតក្នុងវ័យណាក៏ដោយ៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside