ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សង្ស័យស្រវឹងបើករថយន្តឆ្លងផ្លូវ ជ្រុលទៅបុកគ្នាជាមួយម៉ូតូ បណ្តាលឲ្យបាក់ភ្លៅម្នាក់ ស្រាប់តែលេចមុខអ្នកកាង អ្នកបើកបររថយន្តបម្រុងជម្លៀសគេចខ្លួន ប្រជាពលរដ្ឋនាំគ្នាជួយតាមឃាត់ ផ្ទុះហិង្សាផ្អើលទាំងយប់

    BY Khmernote Media July 4, 2020
    សង្ស័យស្រវឹងបើករថយន្តឆ្លងផ្លូវ ជ្រុលទៅបុកគ្នាជាមួយម៉ូតូ បណ្តាលឲ្យបាក់ភ្លៅម្នាក់ ស្រាប់តែលេចមុខអ្នកកាង អ្នកបើកបររថយន្តបម្រុងជម្លៀសគេចខ្លួន ប្រជាពលរដ្ឋនាំគ្នាជួយតាមឃាត់ ផ្ទុះហិង្សាផ្អើលទាំងយប់

    រាជធានីភ្នំពេញ​ ៖ បុរសម្ចាស់ម៉ូតូរងរបួសបាក់ភ្លៅ ត្រូវបានអ្នកដំណើរនាំគ្នាជួយសង្គ្រោះបឋម​ និងហៅរថយន្តគិលានសង្គ្រោះ មកដឹកទៅកាន់មន្ទីរពេទ្យ ក្នុងគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តនិងម៉ូតូ ចំណែកឯអ្នកបើកបររថយន្ត មានគ្នាមកកាងហើយព្យាយាមជម្លៀសចេញពីកន្លែងកើតហេតុ តែប្រជាពលរដ្ឋនិងអ្នកដំណើរ នាំគ្នាជួយឃាត់ទំរាំបាន រហូតកើតមានការប្រទាញប្រទង់គ្នា បង្កជាហិង្សាផ្អើលពេញផ្លូវ​ បណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកមកកាង រងរបួសបាក់ក្តោងច្រមុះ​ចេញឈាម​ ទើបមានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១​ ចុះមកដល់។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ឈានដល់កើតមានជម្លោះប្រតាយប្រតប់គ្នាឡើងនេះ បានកើតឡើងកាលពីវេលាម៉ោងជិត១២រំលងអាធ្រាត្រ ឈានចូលថ្ងៃសៅរិ៍​ ទី៤ ខែកក្កដា​ ឆ្នាំ២០២០នេះ​ នៅចំណុច លើវិថីព្រះនរោត្តម កែងផ្លូវលេខ៣៨០ ខាងកើតផ្សារបឹងកេងកង (ប្រហែល៧០០ម៉ែត្រ​) ស្ថិតក្នុងសង្កាត់បឹងកេងកង១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតដូច្នេះថា នៅមុនពេលកើតហេតុ​ គេឃើញមានបុរសម្នាក់ អាយុជាង៣០ឆ្នាំ​ បើកបរម៉ូតូមួយគ្រឿង ម៉ាក​ហុងដាស្កូបពី (Honda Scoopy)​ ពណ៌ស​ ស្លាកលេខភ្នំពេញ 1HU-2854 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងល្បឿនលឿន​ល្មម ទិសដៅពីជើងទៅត្បូង លុះមកជិតដល់កន្លែងកើតហេតុកែងផ្លូវលេខ៣៨០ ស្រាប់តែទៅបុកជាមួយរថយន្តមួយគ្រឿង​ ម៉ាក​កាម៉ារីបាឡែន ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2Z-2506​ បើកបរដោយបុរសពាក់វ៉ែនតា(មិនស្គាល់អត្តសញ្ញាណ)ម្នាក់ ក្នុងអការៈស្រវឹងជោគជាំ ទិសដៅពីលិចទៅកើត តាមផ្លូវ៣៨០ ដែលបើកឆ្លងកាត់ផ្លូវបានពាក់កណ្ដាលផ្លូវ​ចំពេញទំហឹង​ បណ្តាលឲ្យបុរសម្ចាស់ម៉ូតូបោកផ្ទប់នឹងរថយន្ត​ រងបួសបាក់ភ្លៅខាងស្តាំ ត្រូវបានអ្នកដំណើរនាំគ្នាជួយសង្គ្រោះបឋម​ និងហៅរថយន្តគិលានសង្គ្រោះ(ឯកជន​)របស់មន្ទីរសម្រាកព្យាបាលសុងការណ៍ មកដឹកទៅកាន់មន្ទីរពេទ្យបាត់ទៅ​ ។

    ក្នុងអំឡុងពេលនោះ​ បុរសពាក់វ៉ែនតា​ដែលអ្នកបើកបររថយន្ត បានចុះពីរថយន្ត ហើយឈរចុចទូរស័ព្ទនៅលើចិញ្ចើម ផ្លូវក្បែរកន្លែងកើតហេតុ​ មួយសន្ទុះក្រោយមក​ ក៏មានបុរសពាក់អាវខ្មៅ​ម្នាក់​ ជិះម៉ូតូមកដល់​ ហើយចុះមកកាងអ្នកបើកបររថយន្ត​ រួចព្យាយាមជម្លៀសចេញពីកន្លែងកើតហេតុ​ តែបងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរ​ រួមទាំងអ្នកឃើញហេតុការណ៍ នាំគ្នាជួយឃាត់​ឲ្យបុរសដែលពាក់វ៉ែនតានោះនៅកន្លែងកើតហេតុ រងចាំសមត្ថកិច្ចមកដល់សិនដេីម្បីដោះស្រាយ ភ្លាមៗមោះក៏មានបុរសម្នាក់ទៀតជាអ្នកមកកាងម្ចាស់រថយន្តដែរ​ បានព្យាយាមនាំម្ចាស់រថយន្ត ចេញពីកន្លែងកេីតហេតុទៀត​ តែនៅតែជម្លៀសមិនបាន ព្រោះប្រជាពលរដ្ឋតាមឃាត់បានមុខច្រកផ្លូវចូលផ្ទះរបស់អ្នកបើកបររថយន្ត នៅលើផ្លូវព្រះ​នរោត្ដម​ សង្កាត់ទន្លេបាសាក់​ ដែលមានចម្ងាយពីកន្លែងកើតហេតុ​ប្រហែល៥០០ម៉ែត្រ ស្រាប់តែកើតមានជម្លោះ​ប្រតាយប្រតប់​ រុញច្រានគ្នាឡើង រវាងបងប្អូនប្រជាពលរដ្ឋ​ និងភាគីខាងអ្នកមកកាងអ្នកបើកបររថយន្ត​ផ្អើលពេញផ្លូវ​ បណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកមកកាង រងរបួសបាក់ក្តោងច្រមុះ​ហូរឈាមផងដែរ ទើបឃេីញសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកងទី១​ មានទាំងលោកមេប៉ុស្តិ៍នាំកម្លាំងចុះមកដល់ ហើយ​សួរនាំ​អ្នកនៅកន្លែងកើតហេតុ​ ទំរាំដឹងរឿង​ ទើបឡេីងជិះម៉ូតូទៅនាំអ្នកបេីកបររថយន្តបង្ក​ ទៅស្នាក់ការប៉ុស្តិ៍បឹងកេងកងទី១​ ដើម្បីរងចាំប្រគល់អោយផ្នែកជំនាញ​ ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកវាស់វែង​នៃអធិការដ្ឋានខណ្ឌបឹងកេងកង​ បានមកដល់កន្លែងកើតហេតុ​ រួចរាយការណ៍ប្រាប់អោយជំនាញចុះមក​ ធ្វើការវាស់វែងរថយន្តនិងម៉ូតូ រួចយកទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំការដោះស្រាយគ្នាពេលបន្ត​ រីឯបុរសដែលរងរបួសបាក់ក្តោងច្រមុះ បានទៅព្យាបាលរបួសដោយខ្លួនឯង ។

    ពាក់ព័ន្ធករណីនេះ​ ក្រុមការងារ​ខ្មែរណូតយើងមិនទាន់ដឹងថា សមត្ថកិច្ចជំនាញ​ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលទទួលយកអ្នកបើកបររថយន្ត​ពីស្នាក់ការប៉ុស្តិ៍បឹងកេងកងទី១នោះ​ ត្រូវអនុវត្តបន្តនីតិវិធីបែបណា​ទៀតនោះទេ​៕ ដោយបងម៉េង​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay