ចិន៥នាក់ ដែលវាយបំផ្លាញសម្ភារ និងក្រឡាប់តុកៅអីនៅហាងចិន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ប៉ុន្តែពេលកើតហេតុម្ចាស់ហាងប្រាប់អ្នកបកប្រែថា អត់មានរឿងអ្វីទេ គឺជនជាតិចិនដែលមកផឹកស៊ីនៅហាងរបស់ខ្លួន ដើរជំពប់ជើងច្រត់ចំតុបណ្ដាលឲ្យដួលប៉ុណ្ណោះ
រាជធានីភ្នំពេញ ៖ ជនជាតិចិន៥នាក់ ដែលបានវាយបំផ្លាញសម្ភារៈ និងក្រឡាប់តុកៅអី នៅហាងអាហារចិនមួយកន្លែង រងការខូចខាតអស់ជាច្រើននោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ស្រាវជ្រាវឃើញហើយ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ។ ជនជាតិចិនទាំងនោះកំពុងត្រូវបានសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។

លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកងបានប្រាប់ថា ដោយមានការបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋានគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក អធិការខណ្ឌ ដោយមានការសម្របសម្រួលពីលោក សាយ ណូរា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានចុះទៅធ្វើការឃាត់ខ្លួនជនជាតិចិនបានចំនួន០៥នាក់ នៅចំណុចផ្ទះលេខ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន០៥នាក់នោះ មានទី១.ឈ្មោះ HUANG JINXIONG ភេទ ប្រុស អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E69936870 មុខរបរកម្មករសំណង់។ ២.ឈ្មោះ HUANG YANFU ភេទប្រុស អាយុ៣៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: EA2550158 មុខរបរកម្មករសំណង់។ ៣.ឈ្មោះ HUANG DIXIONG ភេទប្រុស អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EC6670330 មុខរបរកម្មករសំណង់។ ៤.ឈ្មោះ HUANG KANGGUAN ភេទប្រុស អាយុ៣១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E68451337 មុខរបរកម្មករសំណង់។ ៥.ឈ្មោះ YANG HOUSHNG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E85436407 មុខរបរកម្មករសំណង់។ ជនសង្ស័យខាងលើស្នាក់នៅជាមួយគ្នានៅផ្ទះលេខ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា រឿងរ៉ាវនៃការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃបានកើតឡើងកាលពីវេលាម៉ោងជាង២រំលងអាធ្រាត ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅហាងអាហារចិនមួយកន្លែងយីហោ “គូសាំងយៀន” ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។
មូលហេតុនៃការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ គឺដោយសារមានទំនាស់ជាមួយអ្នកហូបអីនៅក្បែរនោះដែរ បន្ទាប់ពីវាយហើយជនជាតិចិនទាំងនោះបានដើរចេញពីកន្លែងបាត់ទៅ ភ្លាមៗនោះកម្លាំងល្បាតប៉ុស្តុ៍នគរបាលបឹងកេងកងទី១ ក៏ទទួលបានដំណឹងនេះ ក៏បានជិះតាមរកឃើញជនជាតិចិន៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ដែលបានដើរចេញមកពីហាងកើតហេតុ ទៅយកម៉ូតូរបស់ពួកគេនៅកន្លែងស្នាក់នៅរួចជិះឌុបគ្នាចេញមកបានពាក់កណ្ដាលផ្លូវ រួចនាំត្រលប់ទៅកាន់ហាងកើតហេតុខាងលើវិញភ្លាមៗដើម្បីសាកសួរ អំពីដំណើររឿងហេតុផងដែរ ។ តែនៅពេលអ្នកបកប្រែបានសួរនាំបញ្ជាក់ម្ដងហើយម្ដងទៀត ក៏ម្ចាស់ហាងដែលជាជនជាតិចិនឆ្លើយថា មិនមានរឿងអ្វីនោះទេ គឺជនជាតិចិនដែលមកផឹកស៊ីនៅហាងរបស់ខ្លួន ដើរជំពប់ជើងច្រត់ចំតុបណ្ដាលឲ្យដួលប៉ុណ្ណោះ រួចសមត្ថកិច្ចក៏អនុញាតិអោយត្រលប់ទៅកន្លែងស្នាក់នៅវិញសិនផងដែរ។
ក្រោយពីបើកការស្រាវជ្រាវច្បាស់លាស់រួចហើយ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងអធិការដ្ឋានគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក អធិការខណ្ឌ ដោយមានការសម្របសម្រួលពីលោក សាយ ណូរា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានចុះទៅធ្វើការឃាត់ខ្លួនជនជាតិចិនបានចំនួន០៥នាក់ ក្នុងចំណោមបក្ខពួក៦នាក់ យកមកសួរនាំ នៅអធិការដ្ឋានខណ្ឌបឹងកេងកង ៕

ដោយ៖ បងម៉េង ខ្មែរណូត