បុរសមានសតិមិនល្អ ឃើញរថយន្តគេចតទុកចោលមុខផ្ទះ ក៏ឡើងទៅបើករយ៉ែចុះឡើង ជ្រុលទៅបុករបងទ្វារផ្ទះគេខូចខាតអស់៨ផ្ទាំង ផ្អើលកម្លាំងល្បាតឃាត់បានទាំងយប់
រាជធានីភ្នំពេញ ៖ រថយន្តប្រភេទដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុន “តាំង ផេងប៉ោ” ខណៈអ្នកបើកបរបានបើកមកចតទុកចោលមុខផ្ទះ ដោយមិនបានដកសោរចេញ ហើយចូលសម្រាកបាត់ ក៍ស្រាប់តែបុរសមានសតិមិនល្អម្នាក់បានឡើងទៅបើករយ៉ែចុះរយ៉ែឡើងក៍ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតអស់ជាច្រើនផ្ទាំង បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់ ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០១:៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះលេខ៨៥ លើផ្លូវ៣៨៨ ស្ថិតក្នុងសង្កាត់ទួលស្វាយទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា ដំបូងឡើយនៅមុនពេលកើតហេតុ គឺរថយន្ដដឹកទំនិញមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3C-5431 ដែលមានបិតអក្សរសម្គាល់របស់ក្រុមហ៊ុនហ្គាស “តាំង ផេងប៉ោ” ត្រូវបានអ្នកបើកបរបានបើកមកឈប់ចតទុកចោលនៅមុខផ្ទះដូចសព្វដង ស្ថិតនៅលើផ្លូវ៣៨៨ សង្កាត់ទួលស្វាយព្រៃ២ និងមានទម្លាប់ទុកកូនសោជាប់រថយន្ត មិនដែលដកកូនសោចេញនោះទេ ព្រោះអាងតែមានសន្តិសុខនៅយាមកាមទីនោះ ហើយនៅពេលដែលសន្តិសុខដេកលក់មួយភាំង ក៍ស្រាប់តែលេចមុខបុរសម្នាក់ដែលគេស្គាល់ថា ជាមនុស្សអនាថា និងមានសតិមិនសូវល្អ បានដើរមកបើកទ្វាររថយន្តចូលទៅអង្គុយក្នុងរថយន្តខាងលើបានមួយសន្ទុះ ក៏កាច់សោរបញ្ឆេះបើកទៅមុខប្រហែល៥០ម៉ែត្រ ហើយគាប់ជួនពេលនោះក៍ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋ ក៍ដូចជាកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ២ កំពុងល្បាត ប្រទះឃើញបុរសខាងលើកំពុងតែបើករថយន្ត ក៍បាននាំគ្នាស្រែកឲ្យឈប់ តែពេលនោះបុរសដែលមានសតិមិនល្អនោះ មិនបានឈប់នោះទេ គឺបានទាញដាក់លេខរថយន្ដរយ៉ែចុះឡើងៗ ទើបបណ្ដាលឲ្យរថយន្តជ្រុលទៅបុករបងផ្ទះរបស់ប្រជាពលរដ្ឋខាងលើ រងការខូចខាតវៀចអស់ចំនួន៨ផ្ទាំង កល់ជាប់រថយន្ដតែម្ដង មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។ ហើយសមត្ថកិច្ចក៏ឡើងចាប់ឃាត់ខ្លួន នាំចុះមកឆែកឆេរត្រួតពិនិត្យតែម្ដង តែមិនមានវត្ថុតាងអ្វីទេ រួចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃ២ ដើម្បីរងចាំយកទៅដាក់អប់រំកែប្រែ នៅខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ និងបន្សាបគ្រឿងញៀនផងដែរ ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៍បានចុះទៅពិនិត្យមើលរួចហើយ ក៍បានយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការប៉ុស្តិ៍នគរបាលទួលស្វាយព្រៃ២ ដើម្បីអោយម្ចាស់រថយន្តទៅសម្របសម្រួលជាមួយខាងម្ចាស់ផ្ទះផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត