អាសូរណាស់! ជិះម៉ូតូឆ្លងផ្លូវទៅខាងឆ្វេងដៃបញ្ច្រាសទិសដៅចរាចរណ៍ត្រូវរថយន្តបុកពេញទំហឹង ស្លាប់២នាក់យ៉ាងអាណោចអាធ័ម
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងនារីម្នាក់ទៀតដែលរួមដំណើរស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ បន្ទាប់ពីជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍ត្រូវរថយន្តបុកពេញទំហឹង បង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង១១:២៥នាទីយប់ ថ្ងៃចន្ទ័ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចជិតច្រកចូលបុរីតារាសំណាង ខាងកើតវត្តវាលស្បូវប្រហែល៣០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ១ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីធានីភ្នំពេញ។

សពបុរសជនរងគ្រោះមានឈ្មោះ ថន ពិសី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងនារីដែលរួមដំណើររងរបួសធ្ងន់បានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ចំណែកអ្នកបើករថយន្តមានឈ្មោះ ចេង សុខជា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន រស់នៅផ្ទះលេខ១៧០៥ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ និងនារីម្នាក់ទៀតបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BV-1370 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើត មកលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានឆ្លងផ្លូវទៅខាងឆ្វេងដៃបញ្ច្រាសទិសដៅចរាចរណ៍ ភ្លាមនោះស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាកហ្វតរ៉េនជឺ (Ford Ranger) ពណ៌ស ពាក់ស្លាកភ្នំពេញ 2BA-9816 ធ្វើដំណើរតាមបណ្តោយផ្លូជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម រីឯនារីម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែករថយន្តផុងខ្ទេចមួយកំណាត់ផ្នែកខាងមុខយ៉ាងដំណំ និងម៉ូតូខ្ទេចមើលលែងយល់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនគ្រោះត្រូវបាន សមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
