កូវីដ-១៩

ឥឡូវនេះជំងឺកូវីដ១៩ បានឆ្លងពលរដ្ឋនៅសហរដ្ឋអាមេរិកសរុបជាង ៣លាននាក់ ខណៈការស្លាប់កើនដល់ជាង ១៣ម៉ឺននាក់

BY
autoadmin
July 8, 2020

គិតត្រឹមរយៈពេល ៥ថ្ងៃ ដំបូងនៅក្នុងខែកក្កដានេះ សហរដ្ឋអាមេរិកបានរាយការណ៍ថា ខ្លួនរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៥០,០០០ ករណី នៅទូទាំងប្រទេស។ រដ្ឋផ្លរីដាត្រូវបានគេមើលឃើញថា មានការកើនឡើងករណី ២ដង ក្នុងរយៈចុងក្រោយនេះ ខណៈមានករណីថ្មីចំនួន ១១,៤០០០ ករណី គិតត្រឹមថ្ងៃទី០៤ ខែកក្កដាតែមួយ។ អភិបាលរដ្ឋផ្លរីដាលោក Ron DeSantis បានសន្មតថា ភាគច្រើននៃករណីនេះបានកើតឡើងចំពោះពលរដ្ឋវ័យក្មេង ដែលមានអាយុចន្លោះពី ១៥ ទៅ ៤៤ឆ្នាំ។ ការផ្ទុះឡើងនាពេលថ្មីៗនេះបានធ្វើឱ្យករណី COVID-19 នៅអាមេរិកកើនឡើងដល់ ៣លាននាក់ ដែលឈរនៅលើគេក្នុងតារាង គ្មាននរណាវ៉ាដាច់នោះទេ។

សហរដ្ឋអាមេរិកក៏បានមើលឃើញថា មានការស្លាប់ច្រើនជាង ១៣២,០០០ ករណី ដែលទាក់ទងនឹងជំងឺ COVID-19 ហើយចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងថែមទៀត នៅពេលដែលរដ្ឋនានាកំពុងព្យាយាមកាត់បន្ថយការរីករាលដាលនៃវីរុសនេះ។ ជនជាតិអាមេរិកត្រូវបានហាមឃាត់មិនឱ្យចូលទៅសហភាពអឺរ៉ុប ដោយសារសហរដ្ឋអាមេរិកនៅតែបន្ដមានករណី មិនអាចចាត់ចូលជាប្រទេសមានសុវត្ថិភាព នៅក្នុងបញ្ជីដែលរៀបចំដោយសហភាពអឺរ៉ុបផ្ទាល់។ ចំណែកករណីនៅទូទាំងពិភពលោកពេលនេះក៏ក្បែរនឹង ១២លាននាក់ ហើយដែរ ខណៈការស្លាប់សរុបមានជាង ៥៤០,០០០នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ NBC news

Share This Post: