កូវីដ-១៩

ករណីកូវីដ១៩ នៅទូទាំងពិភពលោកពេលនេះកើនដល់ជាង ១២លាននាក់ រីឯការស្លាប់កើនជាង ៥៥០,០០០នាក់ហើយ

BY
autoadmin
July 8, 2020

យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ជំងឺរាតត្បាតជាសកល COVID-19 ពេលនេះបានឆ្លងដល់ពលរដ្ឋជាង ១២លាននាក់ នៅទូទាំងពិភពលោក ខណៈការស្លាប់បានកើនឡើងជាង ៥៥០,០០០ នាក់ ហើយចំនួនជាសះស្បើយគឺមានជាង ៧ លាននាក់។ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នេះ ករណីជំងឺ COVID-19 បានកើនដល់ ១២,១៦៤,៧២៣ និងការស្លាប់មាន ៥៥២,០៤៦ ករណី ខណៈអ្នកជាសះស្បើយមាន ៧,០៣០,០៩០ នាក់។

សហរដ្ឋអាមេរិកនៅតែឈរលេខ១លើគេក្នុងតារាង ទាំងការស្លាប់និងការឆ្លង ជាមួយនឹងករណីជំងឺ COVID-19 សរុប ៣,១៥៨,៩៣២ និងការស្លាប់សរុប ១៣៤,៨៦២ នាក់។ ប្រទេសនេះក៏បានមើលឃើញពីការកើនឡើងនៃករណីថ្មីៗខ្ទង់ ៥០,០០០ នាក់ រៀងរាល់ថ្ងៃប៉ុន្មានថ្ងៃមកនេះ ពោលគឺចាប់តាំងពីអាមេរិកបើកទ្វារអាជីវកម្មតាមរដ្ឋនានាឡើងវិញ ករណីចេះតែកើនឡើងមករហូត។

លេខរៀងទី២ គឺនៅតែជាប្រេស៊ីលដដែល ដោយមានករណីសរុប ១,៧១៦,១៩៦ ករណី និងការស្លាប់ ៦៨,០៥៥ នាក់។ ម្សិលមិញនេះផ្ទាល់លោកប្រធានាធិបតី Jair Bolsonaro ក៏ត្រូវបានគេប្រកាសថាឆ្លងជំងឺ COVID-19 ផងដែរ ហើយវាពិតជាកក្រើកអ៉ីនធឺណេតមែនទែន ព្រោះថាតាំងតែពីដើមមក គាត់តែងតែប្រឆាំងជាមួយវិធានការណ៍ទប់ស្កាត់ការរីករាលដាននៃជំងឺនេះ ដោយសម្អាងថាវាធ្វើឱ្យខូចសេដ្ឋកិច្ចជាតិ ហើយគាត់ក៏មិនដែលពាក់ម៉ាស់ពេលទៅជួបអ្នកគាំទ្រដែរ។

ឥណ្ឌាក៏កំពុងកើនឡើងតួលេខកាន់តែខ្លាំងឡើងគួរឱ្យបារម្ភ ដោយនាពេលថ្មីៗនេះវាបានវ៉ាដាច់ប្រទេសរុស្ស៉ី ក្លាយជាប្រទេសមានការឆ្លងខ្ពស់បំផុតទី៣លើពិភពលោក និងជាប្រទេសមានការឆ្លងខ្ពស់បំផុតនៅទ្វីបអាស៊ី។ ប្រទេសនេះបានកត់ត្រាករណីសរុប ៧៦៩,០៥២ នាក់ និងមានអ្នកស្លាប់សរុប ២១,១៤៤ នាក់ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Worldometers

Share This Post: