មុខងារពិសេសទាំង14 នៅលើ Apple Watch ដែលអ្នកប្រើប្រាស់ភាគច្រើនមិនដឹង
- May 16, 2018
ជាការពិតណាស់ Apple Watch ត្រូវបានគេស្គាល់ថា ជាឧបករណ៍បន្ថែមសម្រាប់ការប្រើប្រាស់ជាមួយ iPhone។ ដោយឡែក ផលិតផលនេះមានទំហំតូចប៉ុននាឡិកាប៉ុណ្ណោះ ហើយតម្រូវឲ្យពាក់ជាប់នឹងដៃ ប៉ុន្ដែវាបានផ្ដល់ជូនអ្នកប្រើប្រាស់នូវមុខងារជាច្រើនដូចជា Siri និងអ៊ីនថឺណេតជាដើម។ ស្របពេលជាមួយនឹង Apple Watch មានភ្ជាប់មកជាមួយនឹងមុខងារជាច្រើនសន្ធឹកសន្ធាប់ អ្នកប្រើប្រាស់ភាគច្រើនអាចនឹងមិនដែលបានដឹងសោះទាក់ទងទៅនឹងមុខងារពិសេស 14ចំណុចទៀតដែលនាឡិកាឆ្លាតវ័យនេះមាន។
1/ ថតអេក្រង់
លោកអ្នកអាចនឹងមិនដឹងថា Apple Watch គឺអាចថតអេក្រង់បាន ប៉ុន្ដែតម្រូវឲ្យបើកមុខងារនេះជាមុនសិន។ ដើម្បីធ្វើវាសូមចូលទៅកាន់៖
– Watch App នៅលើ iPhone រួចយកពាក្យថា General
– រកមើលមីនុយ Screenshot រួច Enable
– ចុងក្រោយចុចប៊ូតុងនៅគៀន Apple Watch ជាមួយនឹងកងបង្វឹលដើម្បីថតអេក្រង់។

2/ មើលមីនុយជាតារាង
ស្របពេលជាមួយនឹងមីនុយបែប “beehive” មើលទៅស្អាតមែន ប៉ុន្ដែមិនមែនស្រួលក្នុងការប្រើប្រាស់ឡើយ។ ទោះជាយ៉ាងណា អ្នកអាចផ្លាស់ប្ដូរវាមកជាតារាងវិញដោយគ្រាន់តែចូលទៅកាន់៖
– ពេលស្វែករកកម្មវិធីណាមួយ Force Touch អេក្រង់
– ចុចលើ “List View” ដើម្បីឲ្យកម្មវិធីទាំងឡាយតម្រៀបមកជាតារាងវិញ
– ដើម្បីផ្លាស់ប្ដូរទៅដូចដើមវិញគ្រាន់តែជ្រើសពាក្យថា “Grid View” ជាការស្រេច។

3/ Soft reset
ប្រសិនបើ Apple Watch របស់អ្នកដំណើរការមិនសូវបានល្អ នោះអ្នកអាចសាកល្បង Soft reset បានដូចគ្នាទៅនឹង iPhone រឺ iPad ដែរ៖
– ចុចប៊ូតុងនៅគៀន និងកងបង្វឹលឲ្យជាប់ដំណាលគ្នារហូតដល់អេក្រង់ប្រែទៅជាពណ៌ខ្មៅ
– ប៉ុន្មានវិនាទីក្រោយមក អ្នកនឹងឃើញ Logo របស់ក្រុមហ៊ុន Apple ចេញមក
– ពេល Apple Watch ដំណើរការវិញធម្មតាហើយ គ្រាន់តែវាយលេខសម្ងាត់ចូលជាការស្រេច។

4/ Theater Mode
ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងរោងមហោស្រព រឺបន្ទប់ងងឹត ហើយមិនចង់ឲ្យ Apple Watch ជះពន្លឺខ្លាំងពេក នោះអ្នកអាចប្រើមុខងារ Theater Mode បាន៖
1/ អូសឡើងលើឲ្យចេញ Control Center
2/ អូសចុះក្រោមទៀត
3/ ចុចលើពាក្យ Enable រឺ Disable Theater mode

5/ រីរាយថ្ងៃខួបកំណើត
សម្រាប់មុខងារនេះគឺងាយស្រួលបំផុត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលើកដៃអ្នកឡើងចំថ្ងៃកំណើតខ្លួន នោះអ្នកនឹងឃើញ Notification មួយដែលអបអរដល់ថ្ងៃពិសេសរបស់អ្នក។

6/ រក្សាថាមពល
ប្រសិនបើ Apple Watch របស់អ្នកនៅសល់ថាមពលថ្មតិច នោះអ្នកអាចប្រើមុខងារនេះបានដើម្បីរក្សាថាមពលថ្មឲ្យនៅប្រើប្រាស់បានយូរ។ Power Reserve គឺជាមុខងាររក្សាថាមពលថ្ម ដែលជាធម្មតាដំណើរការដោយស្វ័យប្រវត្តិ ប៉ុន្ដែអ្នកក៏អាចបើកវាបានដោយខ្លួនឯងដែរដោយចូលទៅកាន់៖
– អូសឡើងលើឲ្យចេញ Control Center
– ចុចលើភាគរយថ្ម នោះអ្នកនឹងឃើញរបារ Reserve Power នៅខាងស្ដាំ
– ចុច Proceed

7/ Time Travel
Time Travel គឺជាមុខងារពិសេសមួយដែលអនុញ្ញាតឲ្យអ្នកអាចមើលឃើញថ្ងៃរះ ថ្ងៃលិច រឺព្រឹត្តិការណ៍នានាបាន។ ដើម្បីប្រើមុខងារនេះ សូមធ្វើតាមការណែនាំខាងក្រោម៖
– បើកកម្មវិធី Watch នៅលើ iPhone រួចចុចលើពាក្យថា “Clock”
– អ្នកនឹងឃើញមុខងារ Time Travel ហើយបើកវា
– Apple Watch នឹងចូលទៅកាន់ Sleep mode រួចប្រើកងបង្វឹលដើម្បីកំណត់ម៉ោង
– ពេល Apple Watch ដំណើរការធម្មតាវិញ អ្នកនឹងឃើញម៉ោងដើរទៅមុខ និងថយក្រោយដោយខ្លួនឯង។

8/ ពិល
ចាំបានទេ? សម័យមុន iPhone គឺគ្មាន flash ឡើយ ហើយតម្រូវឲ្យអ្នកទាញយកកម្មវិធីមួយ ដែលធ្វើឲ្យអេក្រង់ប្រែក្លាយទៅជាពណ៌ស។ សម្រាប់បច្ចេកវិទ្យានេះ ឥឡូវបានធ្លាក់មកដល់ Apple Watch ហើយ។ ដើម្បីបើកពិលតូចនេះ សូមចូលទៅកាន់៖
– អូសអេក្រង់ឡើងលើឲ្យចេញ Control Center
– ចុចបើក Flashlight ជាការស្រេច
– អ្នកអាចអូសទៅឆ្វេង រឺស្ដាំបានដើម្បីផ្លាស់ប្ដូរ Mode។

9/ មុខងារ Siri ចាប់សម្លេងយកបានខ្លាំង
អ្នកអាចនឹងមិនដឹងថាមុខងារ Siri នៅលើ Apple Watch គឺស្ដាប់សម្លេងបានល្អណាស់ មិនថាពេលមនុស្សច្រើន រឺក្រោមស្ថានភាពរញ៉េរញ៉ៃយ៉ាងណាក៏ដោយ។ ដើម្បីបើកមុខងារនេះ សូមចូលទៅកាន់៖
– ចុចកងបង្វឹលឲ្យជាប់
– លើកដៃឡើង រួចនិយាយថា “Hey Siri!”
– អ្នកក៏អាចចុចលើរូបតំណាង Siri មុននឹងនិយាយក៏បានដូចគ្នាដែរ។

10/ Digital Touch មិនមែនគ្រាន់តែសម្រាប់គូរលេងឡើយ
Digital Touch អាចនិយាយបានថា ជាមុខងារសប្បាយៗមួយដែលត្រូវបានណែនាំដោយក្រុមហ៊ុន Apple តាំងពីជំនាន់ Apple Watch ជំនាន់ទី1 មកម្លេះ។
– ដើម្បីដំណើរការមុខងារ Digital Touch ចូលទៅកាន់កម្មវិធី Message រួចអូសចុះក្រោម
– នៅលើខាងលើ Scribble និង Apple Pay អ្នកនឹងឃើញប៊ូតុងតូចៗ 3ទៀត
– សម្រាប់ប៊ូតុងទី1 គឺសម្រាប់មុខងារ dictation ប៊ូតុងទី2 សម្រាប់មុខងារ emojis និងចុងក្រោយគេគឺមុខងារ Digital Touch នេះឯង
ពេលបើកមុខងារនេះហើយ អ្នកអាចសរសេរ រឺគូរអ្វីក៏បានដែលអ្នកចង់មុនផ្ញើចេញទៅ។

11/ Find Your iPhone
បើអ្នកបាត់ iPhone រឺច្រលំដៃទុកកន្លែងណាមិនដឹង នោះអ្នកអាចរកឃើញវិញបានដោយងាយស្រួលអាស្រ័យទៅលើចម្ងាយនៃ Bluetooth៖
– អូសឡើងលើឲ្យចេញ Control Center
– ចុចលើនិមិត្តសញ្ញា iPhone
– នោះអ្នកនឹងលឺសម្លេងរោទ៍របស់ iPhone បើទោះជាដាក់ silent ក៏ដោយ។

12/ Nightstand Mode
ជាធម្មតាមុខងារនេះមិនត្រូវបានបើកដោយស្វ័យប្រវត្តិឡើយ ហើយតម្រូវឲ្យអ្នកចូលទៅបើកវានៅក្នុង Setting។ ពេលសាកថ្ម Apple Watch អ្នកនឹងឃើញកាលបរិច្ឆេត ភាគរយថាមពលថ្ម និងរាល់ម៉ោងរោទ៍ផ្សេងៗដែលអ្នកបានដាក់។ ដល់ពេលកំណត់ Apple Watch នឹងរោទ៍ ហើយអ្នកអាចប្រើប្រាស់កងបង្វឹល រឺប៊ូតុងនៅគៀនដើម្បីផ្អាក រឺបញ្ឈប់ម៉ោងរោទ៍បាន។

13/ Tapback
iMassage អាចប្រើប្រាស់បានជាមួយនឹងមុខងារថ្មីឈ្មោះថា Tapback។ អ្នកអាចចុចពីរដងលើ Message ណាមួយលើប្រព័ន្ធដំណើរការ iOS, macOS និង Apple Watch ដើម្បីឆ្លើយតបតាមរយៈរូបតំណាងបេះដូង មេដៃឡើងលើ រឺ Ha-Ha។

14/ កម្មវិធីវិទ្យុ
ប្រសិនបើអ្នកមានកាស រឺឧបករណ៍ Bluetooth នានា អ្នកអាចបើកកម្មវិធីវិទ្យុនៅលើ Apple Music បាន។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែបើកកម្មវិធីវិទ្យុ រួចជ្រើសរើសប៉ុស្ដ៍ជាការស្រេច។

Fu
ប្រភព៖ idropnews
- Share This Post:






