រយៈពេលជិត២ម៉ោងថ្ងៃត្រង់នេះ មានអគ្គិភ័យឆាបឆេះ២លើក ក្នុងខណ្ឌច្បារអំពៅ តែសំណាងល្អមិនរាលដាលដល់ផ្ទះសំបែងអ្នកជិតខាងទ្បើយ
រាជធានីភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា ក្នុងរយៈពេលជិត ២ម៉ោងប៉ុណ្ណោះ មានគ្រោះអគ្គិភ័យឆាបឆេះ២លើក ក្នុងខណ្ឌច្បារអំពៅ នាវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ តែសំណាងល្អមិនរាលដាលដល់ផ្ទះសំបែងអ្នកជិតខាងទ្បើយ ដោយបានអន្តរាគមពីសំណាក់រថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌច្បារអំពៅ និងរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាន់ពេលវេលា ។

ករណីទី១-កាលពីវេលាម៉ោង១១:០០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីអគ្គីភ័យឆេះផ្ទះនៅចំណុចផ្ទះថ្មមួយកន្លែង ប្រជាពលរដ្ឋ និងអាជ្ញាធរ ព្រមទាំងកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ ដោយបានអន្តរាគមទាន់ពេលវេលារថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌច្បារអំពៅ បានរលត់ទៅវិញ មិនរាលដាលដល់ផ្ទះសំបែងអ្នកជិតខាងទ្បើយ ដែលស្ថិតនៅក្នុងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ករណីទី២-នៅវេលាម៉ោង១២:៤០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីផ្ទុះហ្គាស់បណ្តាលអោយឆេះគ្រឿងជ័រ នៅក្នុងផ្ទះលេខ៤៦ ភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយបានអន្តរាគមទាន់ពេលវេលារថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌច្បារអំពៅ និងហៅរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបបានរលត់ទៅវិញមិនរាលដាលដល់ផ្ទះសំបែងអ្នកជិតខាងទ្បើយ៕








ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត