ប្រសិនបើចង់រក្សាបាននូវសុខភាពល្អ អ្នកមិនគួរធ្វេសប្រហែសមើលរំលងរោគសញ្ញាដែលកើតមានលើរាងកាយមួយចំនួននេះឡើយ
ការត្រួតពិនិត្យរាងកាយរបស់ខ្លួនឯងជាទៀងទាត់នៅផ្ទះអាចជួយកំណត់បាននូវអត្តសញ្ញាណ ក៏ដូចជាបង្ការបាននូវជំងឺ ឬបញ្ហាសុខភាពជាច្រើន។ ឧទាហរណ៍ដូចជា ៧០ភាគរយ នៃករណីជំងឺមហារីកសុដន់ត្រូវបានរកឃើញនៅផ្ទះដោយអ្នកជំងឺផ្ទាល់តាមរយៈការពិនិត្យមើលភាពប្រែប្រួលនៃសុដន់របស់ពួកគេ។ មានមនុស្សមិនច្រើនទេដែលដឹងពីរបៀបពិនិត្យសុខភាពតាមរយៈស្ថានភាពនៃភ្នែក អណ្ដាត និងស្បែក។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងនូវរោគសញ្ញាមួយចំនួនដែលលេចឡើងនៅពេលរាងកាយជួបប្រទះនូវបញ្ហាសុខភាពផ្សេងៗ ហើយអ្នកគួរតែយកចិត្តទុកដាក់ចាប់អារម្មណ៍លើ ៖
៧. ការផ្លាស់ប្ដូរនៃទម្ងន់ ៖ ការត្រួតពិនិត្យមើលទម្ងន់ គឺសំខាន់។ ប៉ុន្តែអ្នកគួរតែចងចាំទុកក្នុងចិត្តថា ការស្រកទម្ងន់ខ្លាំង គឺមិនមែនជារឿងល្អគ្រប់ពេលឡើយ ក៏ព្រោះមូលហេតុនៃការផ្លាស់ប្ដូរទម្ងន់ភ្លាមៗ គឺអាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺក្រពេញទីរ៉ូអ៊ីត ដែលធ្វើឲ្យក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនច្រើនពេក ឬមិនគ្រប់គ្រាន់ប៉ះពាល់ដល់ស្ថានភាពនៃទម្ងន់។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺទៅជួបពិនិត្យស្ថានភាពសុខភាពជាមួយគ្រូពេទ្យជំនាញ។ ការគេងមិនបានគ្រប់គ្រាន់ក៏អាចជាកត្តាមួយទៀតផងដែរ។ រាងកាយយល់ថា ការគេងមិនបានគ្រប់គ្រាន់ គឺជាភាពស្ត្រេស ហើយវានឹងចាប់ផ្ដើមស្តុកទុកនូវជាតិខ្លាញ់ដែលធ្វើឲ្យអ្នកឡើងទម្ងន់។ ដូច្នេះការគេងមិនតិចជាង ៨ ម៉ោងក្នុងមួយយប់ គឺសំខាន់ណាស់ចំពោះសុខភាពរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ភាពប្រែប្រួលនៃទម្ងន់ក៏អាចបណ្ដាលមកពីអតុល្យភាព ឬភាពមិនស្មើគ្នានៃអ័រម៉ូនក្នុងរាងកាយដែលគួរឲ្យកត់សម្គាល់ជាពិសេសនៅមុនពេលចាប់ផ្ដើមនៃវដ្តរដូវ។ ក្នុងករណីចូរទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញខាងរោគស្ត្រី ដើម្បីពិនិត្យមើលកម្រិតនៃអ័រម៉ូនរបស់អ្នក។

៦. ការហើម ៖ ប្រសិនបើអ្នកសម្គាល់ឃើញឡើងទម្ងន់ និងហើមជើង ក៏ដូចជាប្រអប់ជើង រួមទាំងម្រាមដៃ នោះអ្នកប្រហែលជាកំពុងទទួលរងអាការៈនៃជំងឺ edema (ការហើម) ហើយ។ មូលហេតុនៃការហើមអាចខុសៗពីគ្នាដូចជា ការហើមមុខ និងភ្នែក នៅពេលព្រឹកអាចចង្អុលបង្ហាញពីបញ្ហាទាក់ទងនឹងតម្រងនោម។ សម្ពាធឈាមឡើងខ្ពស់ និងបញ្ហាបេះដូងផ្សេងៗ ក៏អាចជាហេតុបណ្ដាលឲ្យកើតមានអាការៈនៃការហើមអវយវៈផងដែរ។ ប្រសិនបើអ្នកសម្គាល់ឃើញជើងឡើងសសៃឈាមខ្មៅ ហើយមើលទៅហាក់ដូចជាហើមទៀតនោះ ចូរប្រញាប់ទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់។

៥. ការឡើងស្នាមជាំលើរាងកាយ ៖ ប្រសិនបើស្នាមជាំឧស្សាហ៍លេចឡើងលើរាងកាយរបស់អ្នកដោយគ្មានមូលហេតុនោះ វាអាចជាសញ្ញាមួយបង្ហាញឲ្យដឹងថា អ្វីមួយក្នុងរាងកាយរបស់អ្នកដំណើរការមិនប្រក្រតី។ ស្នាមជាំអាចកើតមានឡើងដោយសារមូលហេតុខុសៗពីគ្នាដូចជា បញ្ហានៃកង្វះវីតាមីន ឬជំងឺពាក់ព័ន្ធនឹងឈាម។ ឧទាហរណ៍ដូចជា កង្វះនៃវីតាមីន C ជំងឺរលាកសសៃឈាម ហើយករណីខ្លះស្នាមជាំអាចជាអាការៈនៃជំងឺមហារីកគ្រាប់ឈាមទៀតផង។ ដូច្នេះដើម្បីជាការប្រសើរ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។

៤. ស្ថានភាពនៃអណ្ដាត ៖ ពណ៌នៃអណ្ដាតក៏អាចចង្អុលបង្ហាញឲ្យដឹងពីវត្តមាននៃជំងឺផ្សេងៗជាច្រើនផងដែរ។ ការឡើងច្រាំងអណ្ដាត ឬស្រទាប់ពណ៌សលើអណ្ដាល ជាបញ្ហាមួយគួរឲ្យកត់សម្គាល់ ប្រសិនបើវាមានសភាពស្ដើងនោះ គឺគ្មានបញ្ហាអ្វីគួរឲ្យព្រួយបារម្ភឡើយ ប៉ុន្តែប្រសិនបើស្រទាប់សលើអណ្ដាតមានសភាពក្រាស់នោះវាអាចជាសញ្ញានៃភាពមិនប្រក្រតីនៃសរីរាង្គខាងក្នុង។អណ្ដាតឧស្សាហ៍ឡើងច្រាំងពណ៌ស រួមជាមួយនឹងអាការៈឈឺពោះ គឺអាចជាអាការៈនៃបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារ។ ប៉ុន្តែប្រសិនបើអណ្ដាតប្រែជាឡើងច្រាំងពណ៌លឿង ហើយមានសភាពក្រាស់ខ្លាំង ឬជួនកាលជាតិល្វីងៗស្រាប់តែលេចឡើងក្នុងមាត់ វាអាចជារោគសញ្ញានៃបញ្ហាថ្លើម ឬថង់ទឹកប្រមាត់។ ករណីអណ្ដាតប្រែជាមានពណ៌ប្រផេះលាយលឿង គឺអាចចង្អុលបង្ហាញពីជំងឺពោះវៀនរ៉ាំរ៉ៃ ឬកង្វះនៃជាតិទឹកក្នុងរាងកាយ។ ដូច្នេះដើម្បីជាការប្រសើរ អ្នកគួរតែប្រញាប់ទៅជួបពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។

៣. ស្ថានភាពនៃប្រស្រីភ្នែក ៖ ពណ៌នៃប្រស្រីភ្នែកអាចបង្ហាញឲ្យដឹងយ៉ាងច្រើនអំពីសុខភាព។ ពណ៌ធម្មតានៃប្រស្រីភ្នែក គឺពណ៌ ខណៈដែលពណ៌ក្រហម ឬលឿង អាចជារោគសញ្ញានៃជំងឺផ្សេងៗ។ ប្រសិនបើអ្នកសម្គាល់ឃើញភាពប្រែប្រួលណាមួយនៃពណ៌ប្រស្រីភ្នែក អ្នកគួរតែទៅជួបពិនិត្យជាមួយគ្រូពេទ្យភ្លាម។ ការផ្លាស់ប្ដូរនៃប្រស្រីភ្នែកអាចបណ្ដាលមកពីបញ្ហាមួយចំនួនដូចជា ប្រសិនបើថ្លើមទទួលរងការខូចខាត ឬជួប្រទះបញ្ហាមិនប្រក្រតីណាមួយនោះ ប្រស្រីភ្នែកនឹងប្រែជាមានពណ៌លឿង។ ប្រស្រីភ្នែកប្រែជាមានពណ៌ក្រហម ឬលឿង នៅពេលភ្នែកឆ្លងមេរោគ ឬកើតមានជំងឺភ្នែកផ្សេងៗ។ ប៉ុន្តែករណីខ្លះប្រស្រីភ្នែកអាចប្រែជាក្រហម ឬលឿង ក៏ព្រោះតែការសម្លឹងមើលកំុព្យូទ័រយូរ ឬបន្ទាប់ពីការធ្វើលំហាត់ប្រាណរាងកាយខ្លាំងក្លាពេក។

២. ក្រចក ៖ ការប្រែប្រួលពណ៌ ក៏ដូចជាស្ថានភាពនៃក្រចកអាចជាបញ្ហាមួយគួរឲ្យព្រួយបារម្ភ។ ជាធម្មតា ក្រចក គឺមានសភាពរលោង ប៉ោងបន្តិច ហើយមានពណ៌ដូចគ្នា។ ប្រសិនបើអ្នកសម្គាល់ឃើញថា ក្រចក មានសភាពខុសប្លែក ឬពណ៌នៃក្រចកស្រាប់តែប្រែប្រួលនោះវាអាចបណ្ដាលមកពីកត្តាមួយចំនួនដូចជា ប្រសិនបើក្រចកមានពណ៌លឿង ត្នោត ឬខ្មៅ ហើយស្នាមឆ្នូតៗ នោះ គឺជារោគសញ្ញាមួយនៃការឆ្លងមេរោគផ្សិតហៅថា onychomycosis។ ទោះជាយ៉ាងណា កង្វះនៃវីតាមីន D B1 កាល់ស្យូម និងជាតិដែក ក៏អាចធ្វើឲ្យក្រចកប្រែប្រួលទ្រង់ទ្រាយដើមដែរ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរតែធ្វើការជួបពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។

១. អញ្ចាញធ្មេញ ៖ ប្រសិនបើអញ្ចាញធ្មេញដែលមានសុខភាពល្អស្រាប់តែប្រែជាឡើងក្រហម និងហើមភ្លាមៗ ឬជួនកាលមានចេញឈាម នោះវាអាចជារោគសញ្ញានៃជំងឺរលាកអញ្ចាញធ្មេញ ជំងឺអញ្ចាញធ្មេញ ឬជំងឺរលាកជាលិកាជុំវិញធ្មេញ។ ដូច្នេះចូរប្រញាប់ទៅជួបពិនិត្យជាមួយនឹងទន្តពេទ្យ ឬគ្រូពេទ្យជំនាញជាបន្ទាន់៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside