ឆ្មក់បង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់មួយកន្លែងក្នុងខណ្ឌចំការមន ឃាត់ខ្លួនមនុស្សប្រុសស្រី ២០នាក់ ភាគច្រើនជាជនជាតិចិន
រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី ២០នាក់ ភាគច្រើនជាជនជាតិចិន ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនក្នុងការឆ្មក់បង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីមួយកន្លែង នៅសង្កាត់ទន្លេបាសាក់ រួមទាំងដកហូតទូរហ្គេមជាច្រើនគ្រឿងទៀតផងដែរ ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងទីតាំងហ្គេមបាញ់ត្រីមួយកន្លែងយីហោ (ជីនសេង ទីក្រុងអានីម) នៅត្រង់ចំណុចផ្ទះលេខ២១A ផ្លូវហ្គោលឌិន ខាងលិចស្ពានហង្សកោះពេជ្រ(ប្រហែល៣០០ម៉ែត្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានច្បាស់ការណ៍បានបង្ហើបប្រាប់ថា ទីតាំងខាងលើនេះ សង្ស័យពុំមានច្បាប់អនុញ្ញាតិប្រកបអាជីវកម្មត្រឹមត្រូវនោះទេ បានលួចលាក់បើកដាក់នៅប្រភេទហ្គេមបាញ់ត្រី និងទូរ Slot ទាំងអស់នេះ ហើយត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះបង្ក្រាបម្ដងហើយ តែមិនបានដកហូត ឬឃាត់ខ្លួនមនុស្សទេ ព្រោះម្ចាស់ដឹងខ្លួនមុន បានបិទទ្វារចាក់សោរចោលហើយចាកចេញទៅបាត់អស់ជាច្រើនថ្ងៃ ។
សមត្ថកិច្ចបានអោយក្រុមការងារខ្មែរណូតដឹងថា មុននឹងឈានទៅដល់ការចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើ គឺដោយសារតែមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថាទីតាំងខាងលើ កំពុងតែបើកដំណើរការនូវល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រី និងហ្គេមប្រភេទ Slot ម៉ាស៊ីនជាច្រើនទៀតយ៉ាងអនាធិបតេយ្យ ដោយលឺដូច្នេះហើយ ទើបកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការអនុញ្ញាតិពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោក គឹម ឆេងប៊ុន ក្រឡាបញ្ជី ព្រមទាំងមានការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរាជនគរបាលធានីភ្នំពេញ បានដឹកនាំកម្លាំងឆ្មក់បង្រ្កាបទីតាំងខាងលើ ដោយបានដកហូតវត្ថុតាងមួយចំនួនមានដូចជា ទូរហ្គេមបាញ់ត្រីចំនួន៤ទូរ និងហ្គេម Slot ម៉ាស៊ីន ចំនួន៦ទូរ ព្រមទាំងឃាត់ខ្លួនអ្នកចូលលេង រួមទាំងម្ចាស់ទីតាំង និងបុគ្គលិក សរុបទាំងអស់ចំនួន២០នាក់ ក្នុងនោះមានជនជាតិចិនចំនួន ១៨នាក់ (ស្រីចំនួន០២នាក់) និងជនជាតិខ្មែរចំនួន ០២នាក់(ស្រីម្នាក់) ។
ក្រោយពេលបញ្ចប់កិច្ចប្រតិបត្តិការ ជនសង្ស័យខាងលើ(មានទាំងអ្នកលេង និងម្ចាស់ទីតាំង និងបុគ្គលិក រួមទាំងវត្ថុតាំង) ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនយកទៅ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ចំណែកទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចចម្រុះ ដោយមានការឯកភាពក្រឡាបញ្ជី បានសម្រេចឃ្លុំបេបិតចោលជាបណ្ដោះអាសន្ន ដើម្បីរងចាំចំណាត់ការជាថ្មី៕


ដោយ៖ បងម៉េង ខ្មែរណូត