ល្បិចថ្មី! ហៅកង់៣ជិះទៅទិញឥវ៉ាន់ ហើយធ្វើជាភ្លេចបុងឥវ៉ាន់នៅផ្ទះ និងខ្ចីលុយអ្នករត់កង់៣ឲ្យថ្លៃឥវ៉ាន់សិនចាំដល់ផ្ទះឲ្យសរុប បានលុយហើយដាក់មេប្រូចបាត់ស្រមោល ចុងក្រោយត្រូវអស់លក្ខ
ខេត្តកណ្តាល ៖ ធ្លាប់ធ្វើសកម្មភាពបែបនេះជាញឹកញាប់មកហើយ ជំនាញហៅកង់បីឥណ្ឌាជិះទៅទិញឥវ៉ាន់ ហើយធ្វើជាភ្លេចបុងឥវ៉ាន់នៅផ្ទះសុំខ្ចីទូរសព្ទ័មួយភ្លែតយកទៅទាក់ទងទៅប្តីតាមរយៈហ្វេសប៊ុក និងខ្ចីលុយថែមទៀត ហើយដើរចូលផ្សារបាត់ស្រមោល គេចខ្លួនបាត់ប៉ុន្មានថ្ងៃ ស្រាប់តែប្រទះឃើញជិះកង់បីតាមផ្លូវ ស្ទាក់ឃាត់ខ្លួនយកទៅប្រគល់អោយសមត្ថកិច្ចតម្ដង។

ករណីរំលោភលើទំនុកចិត្ត បានកើតឡើងកាលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩.៣០នាទីព្រឹក នៅចំណុចមុខផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឃុន លឹមឃាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី(ឥណ្ឌា) មានទីលំនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ហេង សម្ផស្ស ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដប់គរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ(ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ (គ្មាន) ។ សម្ភារៈបាត់បង់ ទូរសព្ទ័ដៃ ០១គ្រឿង ម៉ាក OPPO-A71 ពណ៌ស ។
សភាពរឿងហេតុ: នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨.១០នាទី ជនសង្ស័យបានជួលម៉ូតូកង់បីឥណ្ឌាជនរងគ្រោះ ពីឃុំត្រើយស្លា ទៅផ្សារច្បារអំពៅ ទាំងទៅទាំងមកក្នុងតម្លៃ ៦០,០០០៛ ពេលជិះម៉ូតូកង់បីឥណ្ឌាដល់ផ្សារច្បារអំពៅ នៅវេលាម៉ោងប្រហែល៩ព្រឹក ពេលនោះជនសង្ស័យបានឲ្យជនរងគ្រោះ ចាំខ្លួនត្រឡប់ចេញពីផ្សារវិញ បន្ទាប់មកជនសង្ស័យក៏បានដើរចូលផ្សារ បានមួយភ្លែតក៏បានចេញមកវិញហើយនិយាយប្រាប់ជនរងគ្រោះថា គាត់ភ្លេចបុងឥវ៉ាន់នៅផ្ទះ សុំខ្ចីទូរសព្ទ័មួយភ្លែត យកទៅទាក់ទងទៅប្តីរបស់គាត់តាមរយៈហ្វេសប៊ុក ដើម្បីឲ្យប្ដីផ្ញើបុងឥវ៉ាន់មកតាមឆាត ហើយថែមទាំងខ្ចីលុយ៣០,០០០៛ថែមទៀត ថាខ្វះលុយឲ្យថ្លៃឥវ៉ាន់គេចាំដល់ផ្ទះចាំយកលុយសរុបទៅ ទាំងឈ្នួលម៉ូតូកង់បីឥណ្ឌា និងចំនួនលុយខ្ចី ជនរងគ្រោះក៏បានអោយលុយ៣០,០០០រៀលបន្ថែមទៀត រួចហើយជនសង្ស័យ ក៏បានដើរចូលផ្សារបាត់ទៅមិនឃើញមកវិញទេ។ លុះនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង០៩.០០នាទីព្រឹក ជនរងគ្រោះ ក៏បានឃើញជនសង្ស័យ ជិះម៉ូតូកង់បីឥណ្ឌា នៅឃុំត្រើយស្លា ក៏បានឃាត់ជនសង្ស័យប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រើយស្លារសាកសួរនាំតែម្ដង។
នៅចំពោះសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានខ្ចីទូរស័ព្ទដៃ ម៉ាក OPPO A71 ពណ៌ស និងបានខ្ចីលុយ៣០.០០០៛ ពីជនរងគ្រោះពិតប្រាកដមែន ។ កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពបែបនេះបានសម្រេចជាញឹកញាប់មកហើយ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕
