ស្ត្រីម្នាក់ត្រូវឃាតករសម្លាប់យ៉ាងសាហាវព្រៃផ្សៃ យកដងពូថៅញ៉ុកចូលមាត់ នៅក្នុងខ្ទមអ្នករើសអេតចាយ និងអាក្រាតកាយខាងក្រោម សង្ស័យថាប្តីជាអ្នកសម្លាប់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានឃាតករយកដងពូថៅញ៉ុកចូលមាត់ បណ្ដាលឲ្យស្លាប់ទាំងអាក្រាតមួយកំណាត់ខាងក្រោម គួរឲ្យអាណោចអាធ័ម ក្នុងខ្ទមបាក់បែកក្នុងដីឡូត៍មួយកន្លែង ដោយមិនទាន់ដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យជុំវិញទីតាំងយ៉ាងយកចិត្តទុកដាក់ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងមានការអាណិតអាសូរយ៉ាងខ្លាំង។

ករណីឃាតកម្មនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧:១០នាទីយប់ ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ត្រង់ចំណុចក្នុងខ្ទមបាក់បែកសង់លើដីឡូត៍មួយកន្លែង ក្រុមទី៤ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពស្ត្រីរងគ្រោះខាងលើ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនបានស្គាល់អត្តសញ្ញាណនោះទេ មានសម្បុរស វ័យប្រហែលជា៣០ឆ្នាំ មានមុខរបរជាអ្នករើសអេតចាយ តែមិនដឹងថា មកស្នាក់អាស្រ័យជាមួយប្ដី សង់ខ្ទមក្នុងដីឡូត៍ត្រង់ចំណុចកើតហេតុតាំងពីពេលណានោះទេ។ ចំណែកឯបុរសជាប្ដីត្រូវបានគេប្រាប់ថាឈ្មោះ ណាក់ មុខរបររើសអេតចាយ មិនឃើញនៅកន្លែងកើតហេតុឡើយ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ដំបូងឡើយមានប្រជាពលរដ្ឋរាយការណ៍ថា មានស្ត្រីម្នាក់បានដេកស្លាប់ក្នុងខ្ទម តែមិនដឹងជាករណីអ្វីនោះទេ ទើបសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចុះទៅពិនិត្យមើលជាក់ស្ដែងឃើញមាន ដងពូថៅនៅក្នុងមាត់ជនរងគ្រោះ និងមានស្នាមឈាមតិចតួចផងដែរ ទើបរាយការណ៍ប្រាប់បន្តដល់សមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យ រួមទាំងគ្រូពេទ្យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យសាកសពជនរងគ្រោះផងដែរ ។
ក្នុងហេតុការណ៍ខាងលើនេះ គេមិនឃើញបុរសជាប្ដីនៅកន្លែងកើតហេតុនោះទេ ហើយជនរងគ្រោះក៏គ្មានសាច់ញាតិអ្វីដែរ ។ បន្ទាប់ពីមន្ត្រីជំនាញបានធ្វើកោសល្យវិច័យលើសាកសពជាង២ម៉ោង ទើបដឹងច្បាស់ថា ជនរងគ្រោះត្រូវ បានឃាតករ យកដងពូថៅញ៉ុកចូលមាត់ បណ្ដាលឲ្យស្លាប់ ដោយបានដាក់ការសង្ស័យជំហានដំបូងថា ឃាតករអាចជាប្ដីជនរងគ្រោះ ។
ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅខាងរថយន្តដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីចាត់ចែងបូជាតាមប្រពៃណី និងបន្តស្រាវជ្រាវរកឃាតករ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត