រថយន្ត

ក្រុមហ៊ុន Honda ចាប់ដៃគូជាមួយក្រុមហ៊ុនអាគុយចិន ដើម្បីអភិវឌ្ឍអាគុយរថយន្តអគ្គិសនីរួមគ្នា

BY
autoadmin
July 13, 2020

ក្រុមហ៊ុនហុងដាម៉ូទ័ររបស់ប្រទេសជប៉ុននឹងទិញភាគហ៊ុន ១% ពីក្នុងក្រុមហ៊ុនផលិតអាគុយចិន Contemporary Amperex Technology (CATL) ដើម្បីចាប់ដៃគ្នាផលិតអាគុយរថយន្តអគ្គិសនី។ ការសម្រេចនេះបានធ្វើឡើងនៅពេលដែលទីផ្សាររថយន្តសម័យថ្មីកំពុងផ្លាស់ប្ដូរពីការប្រើប្រាស់រថយន្តប្រេង​ ដែលមានការសាយភាយខ្ពស់ មកប្រើប្រាស់រថយន្តប្រភេទអគ្គិសនីវិញ។ ក្រុមហ៊ុនហុងដាក៏គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីប្រើប្រាស់អាគុយរបស់ក្រុមហ៊ុន CATL នៅឆ្នាំ២០២២ ហើយនឹងពង្រីកភាពជាដៃគូជាមួយអ្នកផលិតអាគុយឱ្យបានរឹងមាំនៅទូទាំងសកលលោកនាពេលអនាគត។

ក្រុមហ៊ុនហុងដាបានចាប់ដៃគូជាមួយក្រមហ៊ុនជាច្រើនដើម្បីផលិតរថយន្តអគ្គិសនី រួមទាំងការសហការរួមគ្នាជាមួយក្រុមហ៊ុន GAC របស់ប្រទេសចិន។ ក្រុមហ៊ុនក៏បានបញ្ចេញរថយន្តអគ្គិសនី Everus VE-1 ប្រភេទ SUV ប្រើអាគុយរបស់ GAC នៅឯប្រទេសចិនកាលពីឆ្នាំមុនផងដែរ។ ក្រុមហ៊ុនហុងដាក៏បានចាប់ដៃគ្នាជាមួយ Hitachi Ltd ដើម្បីអភិវឌ្ឍបន្ទាប់បន្សំលើរថយន្ត Hybrid (សាំង និងអាគុយ), Plug-in hybrid (សាំង, អាគុយ និងអគ្គិសនី) និងរថយន្តអគ្គិសនី។ សម្រាប់ទីផ្សារអាមេរិកខាងជើង ក្រុមហ៊ុនហុងដាបានសហការជាមួយក្រុមហ៊ុន General Motors Co ដើម្បីអភិវឌ្ឍរថយន្តស៊េរីថ្មីចំនួន ២ម៉ូដែល ហើយទាំងពីរក៏កំពុងធ្វើការអភិវឌ្ឍរថយន្តដើរដោយកោសិកាអ៉ីដ្រូសែនផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: